ភ្នំពេញ៖ នៅព្រឹកថ្ងៃទី២៦ ខែសីហា ឆ្នាំ២០១៤នេះ នៅរដ្ឋសភា មានការបោះឆ្នោត ជ្រើសរើសអនុប្រធាន រដ្ឋសភាទី១ និងទី២នៃរដ្ឋសភា ព្រមទាំងបោះឆ្នោតជ្រើសរើស ប្រធានគណៈកម្មការជំនាញទាំង១០ បានមួយ ចំនួន ហើយនៅសល់មួយចំនួនទៀត ត្រូវបោះឆ្នោតជ្រើសរើសនៅថ្ងៃស្អែកបន្តទៀត។
ការបោះឆ្នោតជ្រើសរើសនេះ គឺអនុវត្តទៅតាមកិច្ចព្រមព្រៀងនយោបាយ រវាងគណបក្សប្រជាជនកម្ពុជា និង គណបក្សសង្គ្រោះជាតិ កាលពីថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០១៤ នៅវិមានព្រឹទ្ធ សភា។ តើលោក គល់ បញ្ញា នាយក ប្រតិបត្តិអង្គការខុមហ្វ្រែល យល់ឃើញយ៉ាងណាដែរ?
តទៅនេះ សូមអានអត្ថបទ ឬស្តាប់លោក បាន សុខរិទ្ធ សម្ភាសន៍លោក គល់ បញ្ញា ស្តីពី ការបែងចែកអំណាច នៅរដ្ឋសភា របស់គណបក្សប្រជាជនកម្ពុជា និងគណបក្សសង្គ្រោះជាតិ ដែលមានខ្លឹមសារដូចតទៅ៖
សំណួរ៖ ការបោះឆ្នោតជ្រើសរើស គណៈកម្មការទាំង១០ថ្ងៃនេះ តើលោកយល់យ៉ាងណាដែរ ចំពោះការអនុវត្ត នូវកិច្ចព្រមព្រៀម របស់គណបក្សទាំងពីរ នៅក្នុងថ្ងៃនេះ?
ចម្លើយ៖ ខ្ញុំឃើញចាប់ផ្តើមអនុវត្តកិច្ចព្រមព្រៀង ប៉ុន្តែយើងនៅមានរឿងជាច្រើនទៀត ទាក់ទិននឹងរឿងបទបញ្ជា ផ្ទៃក្នុង វិសោធនកម្មបទបញ្ជាផ្ទៃក្នុង ហើយនិងការធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញ ហើយនិងការរៀបចំច្បាប់ស្តីពី គណៈកម្មាធិការជាតិ រៀបចំការបោះឆ្នោត និងវិសោធនកម្មច្បាប់បោះឆ្នោត ដែលវាជាចំណុចសំខាន់ក្នុង ការអនុវត្ត។
សំណួរ៖ តើលោកយល់ថា សមាជិកសភានៃគណបក្សទាំងពីរ ធ្វើការស្រុះស្រួលជាមួយគ្នាល្អដែរ ឬយ៉ាងណា ?
ចម្លើយ៖ខ្ញុំគិតថាមិនល្អទេ ដោយសារតែគណបក្សសង្គ្រោះជាតិ គាត់ជាគណបក្សប្រឆាំង វាជាបរិបទត្រូវប្រកួត ប្រជែង ដើម្បីការបោះឆ្នោតទៅមុខទៀត។ អីចឹងទៅវាមិនស្រួលទេ ប៉ុន្តែផ្នែកគណបក្សប្រជាជន ក៏មានជំហរ ច្បាស់លាស់ អំពីការរួមគ្នាធ្វើការ ដើម្បីផលប្រយោជន៍នៃកំណែទម្រង់ ឬក៏កំណែទម្រង់ស៊ីជម្រៅ ឬក៏ធ្វើដើម្បីការ អនុវត្តកម្មវិធីចតុកោណ កម្មវិធីរបស់រាជរដ្ឋាភិបាល ជំហានទី៣ ហើយនិងជំហរក្នុងការធ្វើការ ជាមួយគណបក្ស ប្រឆាំង។ គណបក្សប្រជាជន អាចបង្ហាញថា ខ្លួនពិតជាចង់កំណែទម្រង់មែន គឺគេអាចពិនិត្យមើលលើសេចក្តី ប្រកាស នៃវិសោធនកម្ម របស់បទបញ្ជាផ្ទៃក្នុងរដ្ឋសភាហ្នឹងឯង ព្រោះដើម្បីយកទៅផ្តល់ឲ្យតួនាទី គណបក្ស ប្រឆាំងឲ្យបានច្បាស់លាស់ នៅក្នុងរដ្ឋសភា ហើយរឿងនេះ ប្រហែលជាស្ថិតនៅក្នុងការប្រឈមមុខច្រើនទៀត ប៉ុន្តែនៅសង្ឃឹមថា អាចមានចំណុចវិជ្ជមានថា និងមានការកែលម្អបន្ថែមទៀត។ សមាជិកសភានៃ គណបក្ស ប្រឆាំងមួយចំនួនធំ នៅក្នុងប្រវត្តិសាស្ត្រ ហើយនៅក្នុងប្រទេសយើង ជាពិសេសចាប់ផ្តើមពីឆ្នាំ១៩៩៣មក យើងមិនដែលមានទេ ភាគច្រើនគណបក្សមួយចំនួន ក្នុងរដ្ឋាភិបាលចម្រុះ ប៉ុន្តែមិនដែលមានចំពោះ គណបក្ស ដែលល្បី នៅក្នុងរដ្ឋាភិបាលចម្រុះ ហើយក៏ជាគណបក្សប្រឆាំង ដែលមានទំហំជំនួយធំ, អីចឹងទេ វាជាលើក ទីមួយ ដូច្នេះយើងរួបរួមគ្នាធ្វើការ ជាមួយគណបក្សកាន់អំណាច ហើយនិងគណបក្សប្រឆាំង ជៀសវាងការ ប្រឈមមុខដែរ ព្រោះដោយសារនេះ ជាបាតុភូតថ្មី នៅក្នុងប្រទេសកម្ពុជាយើង។
សំណួរ៖ ចុះលោកយល់យ៉ាងណាដែរ ចំពោះការមិនដាក់បេក្ខភាព អនុប្រធានរដ្ឋសភាទី២ នៃលោកជំទាវ ឃួន សុដារី, តើលោកយល់យ៉ាងណាដែរ ចំពោះគណបក្សប្រជាជនកម្ពុជា?
ចម្លើយ៖ ខ្ញុំមានការសោកស្តាយមែនទែន ដែលថ្នាក់ដឹកនាំសភា ជាពិសេសគណបក្សប្រជាជន គួរតែទុក លោកជំទាវ (លោកស្រី ឃួន សុដារី) ឲ្យនៅដឹកនាំ គឺជាការល្អ ដែលធ្វើឲ្យមានរូបភាព នៃថ្នាក់ដឹកនាំកំពូលរបស់ រដ្ឋសភាហ្នឹង ដែលហៅថា មានរូបភាពជាយ៉េនឌ័រ ពាក្យដែល NGO គេប្រើថា យ៉េនឌ័រ ចង់មានន័យថា ឲ្យឃើញ មានប្រុស ស្រី នៅក្នុងថ្នាក់ដឹកនាំកំពូល ឥឡូវយើងមានហើយ នៅក្នុងគណៈកម្មការមួយៗហ្នឹង ហើយយើងមាន ហើយនៅក្នុងគណៈអចិន្ត្រៃយ៍ ប៉ុន្តែបើថ្នាក់កំពូលនៃរដ្ឋសភាហ្នឹង ប្រធាន ហើយនិងអនុប្រធានហ្នឹង មានស្ត្រី ទៀត នៅក្នុងរដ្ឋសភាយើង មានរូបភាពល្អ ហើយខ្ញុំសោកស្តាយណាស់ ដែលមិនរក្សាតំណែងស្រ្តីទៅក្នុង រដ្ឋសភាមួយ ដែលជាថ្នាក់ដឹកនាំកំពូល នៅក្នុងរដ្ឋសភា ដែលមានស្ត្រី។ បើមានស្ត្រីល្អ ព្រោះនៅក្នុងជួររាជ រដ្ឋាភិបាល គេមានឧបនាយករដ្ឋមន្ត្រី របស់រាជរដ្ឋាភិបាលកំពូលនាយករដ្ឋមន្ត្រី ឧបនាយករដ្ឋមន្ត្រី គឺថាគេ មានស្ត្រី គេមានបុរស ប៉ុន្តែ សភាបើបានមានស្រ្តី និងបុរស គឺល្អណាស់ មានស្ត្រីម្នាក់ ហើយគណបក្សប្រជាជន មានឱកាសដាក់ស្ត្រីដែរ ព្រោះគណបក្សប្រជាជន មានពីរនាក់ គឺប្រធាន និងអនុប្រធានទី២។ ខ្ញុំមានការសោក ស្តាយណាស់ ចំពោះបញ្ហាហ្នឹង ដែលយើងគួរតែមានការថ្លឹងថ្លែងពីបុរស ស្ត្រី នៅក្នុងការដឹកនាំកំពូល របស់ រដ្ឋសភា។
សំណួរ៖ តើលោកមានការអំពាវនាវ ដល់គណបក្សទាំងពីរយ៉ាងណាដែរ នៅពេលដែលស្រុះស្រួលគ្នា បង្កើត គណៈកម្មការទាំង១០ រួចហើយ?
ចម្លើយ៖ ខ្ញុំគិតថាទីមួយ ត្រូវជជែកគ្នាឲ្យបានស្រុះស្រួល ឲ្យធ្វើវិសោធនកម្មបទបញ្ជាផ្ទៃក្នុងហ្នឹង ឲ្យបាន ច្បាស់លាស់ ហើយធ្វើម៉េច ឲ្យការធ្វើវិសោធនកម្ម បទបញ្ជាផ្ទៃក្នុង របស់រដ្ឋសភាហ្នឹង ធានាឲ្យមានការទទួល ស្គាល់គណបក្សប្រឆាំង មេដឹកនាំមេបក្សប្រឆាំងដែរ ពីព្រោះមេដឹកនាំគណបក្សប្រឆាំង មានតួនាទីសំខាន់ដែរ ត្រូវគេទទួលស្គាល់នៅប្រទេសថៃ គេថាគេមានការទទួលស្គាល់ មេដឹកនាំមេបក្សប្រឆាំងហ្នឹង នៅក្នុងរដ្ឋធម្មនុញ្ញ តែម្តង ហើយគួរតែមានការទទួលស្គាល់ ដូចជាករណីបច្ចុប្បន្ននេះ មានឯកឧត្តមសម រង្ស៊ី ជាមេដឹកនាំមេបក្ស ប្រឆាំងហើយ។ និយាយឲ្យចំគណបក្សណា ដែលមានអាសនៈ នៅក្នុងរដ្ឋសភាហ្នឹង មេដឹកនាំនៃគណបក្សហ្នឹង គេទទួលស្គាល់ មេដឹកនាំមេបក្សប្រឆាំង ដើម្បីគេអាចមានលទ្ធភាព នៃការមានសិទ្ធិអំណាច ក្នុងការជជែក ដេញដោលជាមួយនាយករដ្ឋមន្ត្រី នៃគណបក្សកាន់អំណាចហ្នឹង ។អីចឹងគេអាចសួរដេញដោលទល់មុខគ្នា អាហ្នឹងគួរតែមានការចែង នៅក្នុងបទបញ្ជាផ្ទៃក្នុង ឲ្យបានច្បាស់លាស់ ហើយនិយាយ ពីការធ្វើរៀបចំបទបញ្ជា ដែលគេហៅថា វេទិកាសាធារណៈហ្នឹង ឲ្យបានច្បាស់លាស់ នៅក្នុងរដ្ឋសភាហ្នឹង ឲ្យមានប្រជាពលរដ្ឋអាច ចូលទៅស្តាប់ អ្នកសារព័ត៌មានគេចូលទៅស្តាប់ ថាការដេញដោលរវាងមន្ត្រី រដ្ឋមន្ត្រី របស់រដ្ឋាភិបាលហ្នឹង នៅ ក្នុងគណៈកម្មការជំនាញមួយៗ របស់រដ្ឋសភា ឬនៅក្នុងប្រជុំពេញអង្គហ្នឹង គឺថាត្រូវតែមានការដេញដោលគ្នា ជាសាធារណៈ មិនអាចធ្វើជាការងារដោយសម្ងាត់ៗ ប្រជុំសម្ងាត់អីទេ គឺថា ត្រូវតែធ្វើជាសាធារណៈ ព្រោះបើ រដ្ឋសភា គេត្រូវធ្វើអីចឹង, ហើយវិន័យត្រូវមានដំណើរការឲ្យបានរលូនទៅ ដើម្បីឲ្យសភាបានពេញលក្ខណៈ ជា សភាតាមគោលការណ៍ ប្រជាធិបតេយ្យ សេរីពហុបក្ស ហើយគោលការណ៍ នៃប្រព័ន្ធសភានិយមហ្នឹង ឲ្យមាន ការជជែក ឬវេទិកាសាធារណៈឲ្យបានចេញ ហើយត្រូវការរៀបចំផ្តល់ឯកសារនានា ឲ្យដល់អ្នកសារព័ត៌មាន អព្យាក្រឹត ដឹងអំពី តើសភាបានធ្វើអីខ្លះ? ហើយបានសម្រេចអីខ្លះ? ហើយការពិភាក្សាហ្នឹង មានជាកំណត់ហេតុ មានការអីនឹង គឺថាបើកឯកសារហ្នឹង ឲ្យប្រជាជនបានដឹងផង កុំឲ្យទុកនៅក្នុងបណ្ណាល័យ ហើយបិទអត់ឲ្យ ប្រជាជនអត់អាចទទួលបាននូវព័ត៌មានទាំងអស់ហ្នឹង។ គេក៏ជំរុញលើកទឹកចិត្ត ឲ្យប្រជាពលរដ្ឋចូលទៅជួប ជាមួយសមាជិករដ្ឋសភាអីចឹងដែរ ហើយកុំឲ្យមានជញ្ជាំងខ្ពស់ពេក ហើយមានការទៅប្រូតូកូល (ពិធីការ)ច្រើន ដែលធ្វើឲ្យប្រជាជនមានការលំបាក, គួរតែមានការជំរុញអគ្គលេខាធិការដ្ឋានហ្នឹង ដើម្បីធានាថា ប្រជាពលរដ្ឋ ហ្នឹង អាចចូលទៅក្នុងអគារវិមានរដ្ឋសភាហ្នឹង ដែលអាចទៅជួបសមាជិករដ្ឋសភាហ្នឹង ឲ្យបានងាយស្រួលជាង កន្លងមកហ្នឹង អូបាទ! ហើយអ្វីដែលសំខាន់ គឺទៅធ្វើបទបញ្ជាផ្ទៃក្នុង ហើយត្រូវទៅរៀបចំការងារ របស់រដ្ឋសភា ហ្នឹង ឲ្យមានការបើកចំហជាងហ្នឹង។
សំណួរ៖ តើជាចុងក្រោយលោកមានអ្វីបន្ថែមទៀតទេ?
ចម្លើយ៖ កិច្ចព្រមព្រៀង រវាងគណបក្សទាំងពីរ គឺគណបក្សប្រជាជនកម្ពុជា និងគណបក្សសង្រ្គោះជាតិ បាន ចាប់ផ្តើមដំណើរការទៅមុខទៀតហើយ ដោយជំហានទី១ កាបែងចែកអំណាចនៅក្នុងរដ្ឋសភា។ កិច្ចព្រមព្រៀង រវាងគណបក្សទាំងពីរ គឺការកែទម្រង់ប្រព័ន្ធបោះឆ្នោត ដែលរដ្ឋសភាធ្វើកិច្ចការហ្នឹង ហើយត្រូវជជែកគ្នា ហើយ ត្រូវធ្វើសេចក្តីស្នើច្បាប់ ស្តីពីការប្រព្រឹត្តទៅ នៃគណៈកម្មាធិការជាតិ រៀបចំការបោះឆ្នោត (គ.ជ.ប.) និងការធ្វើ វិសោធនកម្មច្បាប់បោះឆ្នោត នាពេលខាងមុខឲ្យបានឆាប់រហ័ស។ ជាពិសេសការចាប់ផ្តើមដំណើរការ រដ្ឋសភា ត្រូវដោះស្រាយ បញ្ហាប្រឈមនានា របស់ប្រជាពលរដ្ឋដូចជាដីធ្លី ប្រាក់ខែកម្មករ អំពើពុករលួយ ការកាប់បំផ្លាញ ព្រៃឈើ ថាត្រូវដោះស្រាយយ៉ាងម៉េច? ៕
លោក បាន សុខរិទ្ធ លោក គល់ បញ្ញា
{mp3remote}http://111.92.240.170:81/dap-news/dap-images/2014/August/id-014/D26-08-2014.MP3{/mp3remote}