រតនគិរី ៖ កម្លាំងនគរបាល ការិយាល័យកណ្តាល ប្រឆាំងបទល្មើស នៃស្នងការដ្ឋាន នគរបាល ខេត្តរតនគិរី បានធ្វើការស្រាវជ្រាវ យ៉ាងយកចិត្ត ទុកដាក់ តាមជំនាញ របស់ខ្លួន អស់រយះពេល ជាយូរមកហើយនោះ បានឈានទៅ ដល់ការចាប់ខ្លួន មុខសញ្ញាចែកចាយ គ្រឿងញៀន ដ៏សកម្មម្នាក់ ខណៈកំពុងធ្វើ សកម្មភាព នៅខេត្តស្ទឹងត្រែង។
ការចាប់ខ្លួន ជនសង្ស័យរូបនេះ បានធ្វើឡើងកាល ពីរសៀលថ្ងៃទី២៧ ខែសីហា ឆ្នាំ២០១៤ ស្ថិតនៅ ចំណុចវាលព្រីង ក្នុងភូមិកាំផាន់ សង្កាត់សាមគ្គី ក្រុងស្ទឹងត្រែង ខេត្តស្ទឹងត្រែង ដោយដកហូតបានថ្នាំញៀន ប្រភេទមេតំហ្វេតាមីន១គីឡូក្រាម ។
មន្រ្តីនគរបាល ជំនាញបានថ្លែងឲ្យដឹងថា ក្រោយពីទទួលព័ត៌មាន ស្តីអំពីសកម្មភាពចែកចាយគ្រឿង ដ៏សកម្ម ខាងលើនេះ ស្ថិតនៅក្នុងស្រុកវឺនសៃ កម្លាំងនគរបាល បានទទួលបទបញ្ជាពីសំណាក់ ស្នងការនគរបាលខេត្ត លោកឧត្តមសេនីយ៍ត្រី ងួន គឿន និងមានការឯកភាព តាមផ្លូវច្បាប់ពី សំណាក់ ព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត លោក លាវ ស្រេង រួចមកនោះ នគរបាលជំនាញ បានចុះទៅធ្វើការស្រាវជ្រាវ រហូតចាប់ខ្លួន មុខសញ្ញានេះតែម្តង។
មន្រ្តីនគរបាល បានបន្តទៀតថា ការចាប់ខ្លួន ជនសង្ស័យខាងលើនេះ ក្រោយពីធ្វើការតាមដាន ជាយូរណាស់មកហើយ នៅស្រុកវឺនសៃ ប៉ុន្តែដោយសារតែ ទឹកជំនន់ ពិបាកធ្វើដំណើរនោះ ទើបពន្យាពេល ហើយបន្តតាមដាន រហូតចាប់ខ្លួន នៅខេត្តស្ទឹងត្រែងតែម្តង ។ បើតាមមន្រ្តីនគរបាល ជនសង្ស័យរូបនេះ មានឈ្មោះ សេង តុលអាយុ៤៩ឆ្នាំ រស់នៅភូមិញ៉ាង ឃុំញ៉ា ស្រុកអណ្តូងមាស ។
ក្រោយការចាប់ខ្លួន ជនសង្ស័យរូបនេះ ត្រូវបាននគរបាល បញ្ជូនខ្លួនទៅឃុំជាបណ្តោះអាសន្ន នៅស្នងការដ្ឋាន នគរបាលខេត្តរតនគិរី ដើម្បីកសាងសំណុំរឿង ទៅតុលាការចាត់ការ តាមផ្លូវច្បាប់ ៕