ភ្នំពេញ ៖ បុរសកម្មករ រោងចក្រម្នាក់ បានរងរបួស យ៉ាងធ្ងន់ធ្ងរ ដោយបាក់ជើងស្តាំខ្ទេច និងបែកក្បាល ហូរឈាម ក្នុងថ្លុកឈាម ក្រោយពីបានបើកម៉ូតូ ប្រជែងរថយន្ត ដឹកស៊ីម៉ង់ត៍មួយគ្រឿង ហើយប្រជែងមិនផុត បានទាក់ដៃចង្កូត ក៏ដួលត្រូវរថយន្តក្រុងដឹកអ្នកដំណើរ រិទ្ធមុនី បុកនិងអូសជាង១០០ម៉ែត្រ កាលពីវេលាម៉ោង ប្រមាណ ៧៖៤០នាទីយប់ថ្ងៃទី២៧ ខែសីហា ឆ្នាំ២០១៤ ស្ថិតនៅតាមផ្លូវជាតិលេខ៤ មុខសាលាសង្កាត់កន្ទោក ភូមិព្រៃបឹង សង្កាត់កន្ទោក ខណ្ឌពោធិ៍សែនជ័យ។
សាក្សី នៅកន្លែងកើតហេតុ បានឲ្យដឹងថា ជនរងគ្រោះ ជាកម្មករសំណង់ ជិះម៉ូតូម៉ាក ស្មាស់រីវ៉ូ មួយគ្រឿង ពណ៌ខ្មៅ ពាក់ស្លាកលេខ កំពង់ឆ្នាំង 1B-2299 តែម្នាក់ឯង ក្នុងទិសដៅ ពីកើតទៅលិច តាមបណ្តោយ ផ្លូវជាតិលេខ៤ ។
សាក្សីបានបន្តទៀតថា លុះពេលធ្វើដំណើរ ដល់មុខសាលាកន្ទោក ស្រាប់តែគេឃើញ ជនរងគ្រោះបាន បង្កើនល្បឿន ដើម្បីខំប្រជែង រថយន្តដឹកស៊ីម៉ង់ត៍ មួយគ្រឿង កំពុងធ្វើដំណើរនៅពីខាងមុខ ប៉ុន្តែជាអកុសល ប្រជែងមិនផុត ស្រាប់តែ ទាក់ដៃចង្កូត ក៏ដួល ទៅខាងស្តាំងដៃ គាប់ជួនមានរថយន្ត ក្រុងដឹកអ្នកដំណើររបស់ក្រុមហ៊ុន រិទ្ធមុនី ពាក់ស្លាកលេខភ្នំពេញ 3B-8242 ដែលកំពុងធ្វើដំណើរ បញ្ច្រាសទិសគ្នា បណ្តាលឲ្យបុក និងអូសប្រមាណ១០០ម៉ែត្រ ។
តាមមើលទិដ្ឋភាព ជនរងគ្រោះ នៅកន្លែងកើតហេតុ នោះ ត្រូវបានសាក្សី បញ្ជាក់ថា ជើងខាងស្តាំ បាក់ឡើងខ្ទេច និងក្បាលបែកហូរឈាម នៅក្នុងថ្លុកឈាមតែម្តង។ ក្រោយកើតហេតុភ្លាមៗ គេឃើញមានរថយន្តសង្គ្រោះ របស់អង្គភាព ៧១១ នៃកងពលតូចលេខ៧០ បានទៅដល់ ហើយដឹកជនរងគ្រោះ ទៅសង្គ្រោះបន្ទាន់ នៅមន្ទីរពេទ្យ លោកសង្ឃ។
បើតាមសាច់ញាតិ ជនរងគ្រោះ មានឈ្មោះ ឡេង សុធា អាយុ២២ឆ្នាំ ស្នាក់ភូមិត្រពាំងគុល សង្កាត់កន្ទោក មុខរបរជាកម្មករ និងមានស្រុកកំណើត នៅខេត្តកំពង់ឆ្នាំង។
សាច់ញាតិបានបន្តថា មុនពេលកើតហេតុ ជនរងគ្រោះ បានជិះម៉ូតូចេញពីធ្វើការ ក្នុងគោលបំណងទៅផ្ទះ លុះដល់ចំណុចកើតហេតុ ក៏ជួបគ្រោះថ្នាក់ចរាចរណ៍ ខាងលើនេះតែម្តង៕