ភ្នំពេញ ៖ រដ្ឋមន្រ្តីក្រសួងព័ត៌មាន លោក ខៀវ កាញារីទ្ធ បានថ្លែង នៅក្នុងពិធីបិទបញ្ចប់វគ្គបណ្តុះ បណ្តាលស្តីពីការថតរូប នៅល្ងាចថ្ងៃទី២៧ ខែសីហា ឆ្នាំ២០១៤ថា កម្ពុជានឹងបង្កើត ទុករូបថត (បណ្ឌិតសភារូបថត)មួយយ៉ាងធំ ដើម្បីទុករូបថតនាពេលខាងមុខ ។
ថ្លែងប្រាប់អ្នកសារព័ត៌មាន បន្ទាប់ពីបិទវគ្គបណ្តុះបណ្តាលស្តីពី “បច្ចេកវិទ្យាថតរូបរបស់ Canon” លោកខៀវ កាញ៉ារិទ្ធ បានមានប្រសាសន៍ថា ក្រសួងកំពុងតែរៀបចំជាបណ្តើរនូវរូបថតមួយចំនួន និងសម្លេងរាប់លានទៀតរក្សាទុកឲ្យបានល្អ ដើម្បីស្រួលក្នុងការស្វែងរកបានភ្លាមសម្រាប់ប្រើប្រាស់នៅពេលក្រោយ។
លោកបន្តថា “ត្រូវតែគិតគូររក្សទុករូបថតនេះឲ្យបានល្អ ដើម្បីកុំឲ្យបាត់បង និងខូចទម្រង់ដើម។ ការបង្កើតរាជបណ្ឌិតសភារូបថតនេះ គឺចាប់ផ្តើមមិនធំទេ ចាប់ពីការបណ្តុះបណ្តាល និងបង្រៀន បន្តិចម្តងៗ រហូតឈានដល់បង្កើតស្ថាប័នដំបូងគិតអំពីបរិមាណ បន្ទាប់មកក្រសួងនឹងចាប់ផ្តើមពីគុណភាព របស់រូបថត មុននឹងរក្សទុកក្នុងបណ្ណាល័យរូបថត”។
លោករដ្ឋមន្ត្រី បានបន្ថែមថា ចំពោះ អ្នកមានអាជីពជាអ្នកថតរូប ត្រូវតែគិតពីកក្តាសំខាន់បីយ៉ាង ទី១. ត្រូវយល់ដឹងពីសម្ភារៈថតរូប, ទី២. ត្រូវមានសុខភាពល្អ និងទី៣. ត្រូវមានគោលដៅសម្រាប់ថតរូប ហើយនៅពេលខាងមុខ អង្គភាពសារព័ត៌មានទាំងអស់ ត្រូវចងក្រងរក្សានូវរូបថតទាំងអស់ ដើម្បីខាងក្រសួងប្រមូលយកមករក្សាទុករូបថតទាំងអស់នោះ យកមកធ្វើជាឯកសារ៕