Quantcast
Channel: ព័ត៌មានថ្មីបំផុត
Viewing all articles
Browse latest Browse all 8042

វិចារណកថាៈ ជំរឿនជន អន្តោប្រវេសន៍ វៀតណាម រស់នៅស្រុកខ្មែរ ជារឿងសំខាន់បំផុត

$
0
0

ក្រសួងមហាផ្ទៃ បានចាប់ផ្តើមជំរឿន ជនអន្តោប្រវេសន៍ វៀតណាម ដែលរស់នៅ លើទឹកដីខ្មែរ ហើយស្នង ការដ្ឋាន នគរបាល តាមបណ្តាខេត្ត មួយចំនួន ក៏ចាប់ផ្តើម ធ្វើការងារនេះ ដោយយកចិត្ត ទុកដាក់ដែរ ដើម្បី រកឲ្យឃើញការពិតថា បច្ចុប្បន្នមានជនជាតិវៀតណាមចំនួនប៉ុន្មាន ។ ដោយហេតុថា កាលពីដើមខែមិថុនា ឆ្នាំ២០១៣សម្តេចអគ្គមហាសេនា បតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា មាន ប្រសាសន៍ថា ជនជាតិវៀតណាម រស់នៅលើទឹកដី ខ្មែរមានតែប្រមាណ ១០ម៉ឺននាក់ប៉ុណ្ណោះ ហើយតួ លេខ របស់ក្រសួងមហាផ្ទៃ ក៏បានរកឃើញថា មានជនជាតិវៀតណាម រស់នៅលើទឹកដីខ្មែរ មានតែ ប្រមាណ ១០ម៉ឺននាក់ដែរ ។ ចំណែកអ្នកសង្កេតការណ៍ឯករាជ្យមួយចំនួនបានរកឃើញថា មានជនជាតិ វៀតណាមចន្លោះពី២ទៅ៣លាននាក់ដែលកំពុងរស់នៅ និងកំពុង ប្រកបរបររកស៊ីលើទឹកដីខ្មែរ ដូច្នេះការ ដែលក្រសួងមហាផ្ទៃចាប់ផ្តើមជំរឿនជនជាតិវៀតណាម រស់នៅលើទឹកដីខ្មែរ គឺជារឿងសំខាន់ បំផុត ដើម្បី រកឲ្យឃើញតួ លេខពិតប្រាកដ ងាយស្រួលក្នុងការគ្រប់គ្រង ស្របទៅតាមច្បាប់ អន្តោប្រវេសន៍ផងដែរ ។

តាមមន្រ្តីជាន់ខ្ពស់ នៃរាជរដ្ឋាភិបាលកម្ពុជា បានឲ្យដឹងថា ក្រសួងការងារ បណ្តុះបណ្តាលវិជ្ជាជីវៈ និង ក្រសួងមហា ផ្ទៃកំពុងសហការគ្នា ដើម្បីស្វែងរកយន្តការគ្រប់ គ្រង ជនបរទេសដែលកំពុងធ្វើការ ក្នុង ប្រទេស កម្ពុជា និងជួយដល់ពលករ ខ្មែរទៅធ្វើការនៅ ក្រៅប្រទេសមុន ពេលដែលកម្ពុជា ធ្វើ សមារណ កម្មបង្កើត សហគមន៍សេដ្ឋកិច្ចអាស៊ាននៅចុងឆ្នាំ  ២០១៥ខាងមុខ ។ ការបញ្ជាក់របស់មន្រ្តី ជាន់ខ្ពស់ រាជរដ្ឋាភិបាលបានធ្វើឡើងនៅក្នុងសិក្ខាសាលាមួយស្តីពី “ការគ្រប់ គ្រងទេសន្តរប្រវេសន៍ឲ្យបានល្អប្រសើរ” កាលពីថ្ងៃទី២៧ ខែសីហា ឆ្នាំ២០១៤ដែលរៀបចំដោយវិទ្យាស្ថានបណ្តុះ បណ្តាល និងស្រាវជ្រាវ ដើម្បី កម្ពុជា ។ ដូច្នេះការជំរឿនជនបរទេសដែលរស់នៅលើទឹកដីខ្មែរជារឿងសំខាន់បំផុត ហើយ ក្នុងនោះជន ជាតិវៀតណាមរស់នៅលើទឹកដីខ្មែរ មានចំនួនច្រើនជាងគេបើប្រៀប ធៀប ជាមួយជាតិសាសន៍ដទៃទៀត ដែលរស់នៅលើទឹកដីខ្មែរទាំងស្របច្បាប់ និងមិនស្របច្បាប់ ។

តាមរយៈប្រតិបត្តិការ របស់ក្រសួងមហាផ្ទៃក្នុងការជំរឿន ជនជាតិវៀតណាមរស់នៅលើទឹកដីខ្មែរ គឺស្នងការ ដ្ឋាន នគរបាលខេត្តពោធិ៍សាត់បានចាប់ផ្តើមការងារនេះ ហើយស្នងការដ្ឋាននគរបាល ខេត្តកណ្តាល ក៏ចាប់ផ្តើមការងារនេះដូច គ្នាផងដែរ ។ ដូច្នេះមិនយូរទេតួលេខ នៃចំនួនជនជាតិវៀតណាម រស់នៅលើទឹកដីខ្មែរ នឹងត្រូវបានរកឃើញយ៉ាងច្បាស់ លាស់ពុំមានភាពស្រពេចស្រពិល ដូចពេលកន្លងមក ទៀត ឡើយ ហើយរាជរដ្ឋាភិបាល ក៏ដូចជាក្រសួងមហាផ្ទៃ និងស្ថា ប័នពាក់ព័ន្ធដទៃទៀត ងាយស្រួល ក្នុងការគ្រប់គ្រងផងដែរ ។ មិនមែនតែប្រទេសកម្ពុជាទេដែលត្រូវគ្រប់គ្រងជនបរទេស រស់នៅលើទឹកដី របស់ខ្លួនឲ្យបានច្បាស់ លាស់គឺសូម្បីតែសហរដ្ឋអាម៉េរិក និងអូស្រ្តាលីជាដើមសុទ្ធតែអនុវត្តន៍យ៉ាងច្បាស់លាស់តាមច្បាប់អន្តោប្រវេសន៍របស់ខ្លួន ។ មានន័យថា វិធានការរបស់ក្រសួង មហាផ្ទៃក្នុងការជំរឿន ជនជាតិវៀត ណាមរស់នៅលើទឹកដីខ្មែរគឺជារឿង ដ៏សំខាន់បំផុត ដើម្បីចៀសវាងកុំឲ្យ គណបក្សប្រឆាំង និងក្រុមសង្គមស៊ីវិលរិះគន់ដល់ រាជរដ្ឋាភិបាល ទាក់ទងទៅនឹងការគ្រប់គ្រង ជនអន្តោប្រវេសន៍តទៅទៀត ។

នៅក្នុងប្រទេសកម្ពុជាគេរកឃើញថា ជនជាតិវៀតណាមភាគច្រើន រស់នៅក្នុងរាជធានីភ្នំពេញ ដូចជាខណ្ឌ ច្បារ អំពៅ ខណ្ឌមានជ័យ ខណ្ឌព្រែកព្នៅ និងខណ្ឌ ប្ញស្សីកែវ ជាដើម ចំណែកនៅខេត្តកណ្តាលជនជាតិវៀត ណាមរស់នៅ ស្រុកកៀនស្វាយ ស្រុកលើកដែក និងស្រុកកោះធំ ។ នៅខេត្តកំពង់ឆ្នាំងឯណោះវិញ ជន ជាតិវៀតណាមភាគច្រើនរស់ នៅតាមតំបន់មាត់ទន្លេនៃទីរួមខេត្ត និងនៅតំបន់ឆ្នុកទ្រូ ស្រុកបរិបូរណ៍ ដោយនៅទីនោះ មានសាលាបង្រៀនភាសាវៀត ណាម និងស្នាក់ការសាខាសមាគមវៀតណាមផងដែរ ។ ដោយឡែកនៅខេត្តពោធិ៍សាត់ ជនជាតិវៀតណាមភាគច្រើន រស់នៅតាមមាត់ស្ទឹង ក្នុងទីរួមខេត្ត នៅតំបន់ កំពង់ហ្លួងនៃស្រុកក្រគរ និងនៅតំបន់រាំងទិល ស្រុកកណ្តៀងជាដើម ហើយ ភាគច្រើនពួកគេប្រកបរបរជា អ្នកនេសាទ ។ រីឯនៅខេត្តសៀមរាបជនជាតិវៀតណាម ភាគច្រើនរស់នៅតំបន់ចុងឃ្នៀស សង្កាត់ចុង ឃ្នៀស ក្រុងសៀមរាបដែលជាតំបន់ជាប់មាត់បឹងទន្លេសាប ហើយក្នុងតំបន់នេះមានវត្តសម្រាប់ ជនជាតិ វៀត ណាមធ្វើបុណ្យទានតាមប្រពៃណីរបស់ខ្លួនទៀតផង ។ លើសនេះទៅទៀតនៅតាម តំបន់ព្រំដែន ក្នុងខេត្តស្វាយរៀងដូច ជាក្រុងបាវិត និងតំបន់ព្រំដែន ក្នុងខេត្តតាកែវដូចជា តំបន់ច្រកភ្នំដិន ជាដើមមាន ជនជាតិវៀតណាមរស់នៅយ៉ាងច្រើន ប៉ុន្តែគេមិនបានដឹងអំពីតួលេខពិតប្រាកដនោះទេ ។

សរុបសេចក្តីមកវិធានការ របស់ក្រសួងមហាផ្ទៃក្នុងការជំរឿនជនជាតិវៀតណាម រស់នៅលើទឹកដីខ្មែរ គឺជាបញ្ហា ដ៏សំខាន់ មានការគាំទ្រពីគ្រប់មជ្ឈដ្ឋាន ទាំង គណបក្សប្រឆាំង និងក្រុមសង្គមស៊ីវិលផងដែរ ហើយមិនយូរទេគេអាចនឹង ដឹងច្បាស់អំពីចំនួនពិតប្រាកដ នៃជនជាតិវៀតណាមរស់នៅលើទឹកដីខ្មែរ ។ ការគ្រប់គ្រងជនបរទេសឲ្យបានត្រឹមត្រូវ តាមច្បាប់អន្តោប្រវេសន៍ គឺជារឿងសំខាន់ណាស់ ព្រោះកម្ពុជា មានច្បាប់សំខាន់ៗចំនួន២ពាក់ព័ន្ធនឹងបញ្ហានេះគឺច្បាប់ អន្តោប្រវេសន៍ និងច្បាប់សញ្ជាតិ ។ ជាងនេះទៅទៀត ការដែលស្នងការដ្ឋាននគរបាល តាមបណ្តាខេត្តនានាចាប់ផ្តើមជំ រឿនចំនួន ជនជាតិ វៀត ណាម រស់នៅលើទឹកដីខ្មែរ កំពុងស្ថិតនៅក្រោមការ តាមដានដោយយកចិត្តទុកដាក់ ព្រោះបច្ចុប្បន្ន មិនមានជនជាតិវៀតណាមរស់នៅក្នុងរាជធានីភ្នំពេញ និងទីប្រជុំជន នៃបណ្តាខេត្តសំខាន់ៗមួយចំនួន ហើយនៅតាម តំបន់ព្រំដែនក៏មានជនជាតិវៀតណាមរស់នៅច្រើនដែរ ។ វិធានការរបស់ក្រសួងមហាផ្ទៃ នៅពេលនេះមានតម្លៃខ្លាំង ណាស់ដើម្បីរកឲ្យឃើញចំនួនពិតប្រាកដនៃជនបរទេសរស់នៅលើទឹកដីខ្មែរ ជាពិសេសជនជាតិវៀតណាម ហើយ បន្ទាប់ពីនោះការគ្រប់គ្រង នឹងប្រព្រឹត្ត ទៅយ៉ាងប្រសើរជាមិនខាន ៕


Viewing all articles
Browse latest Browse all 8042

Trending Articles



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>