អូស្លូ៖ យោងតាមសេចក្ដីរាយការណ៍ពីកាសែតន័រវែស នៅថ្ងៃសៅរ៍នេះបានឲ្យដឹងថា កញ្ញា ហាមីឌី កាហ្វាស ជានិស្សិតជនជាតិអ៊ីរ៉ង់ ដែលបានសិក្សានៅក្នុងប្រទេសន័រវែស សម្រាប់ ឆ្នាំសិក្សាមូលដ្ឋាន នឹងត្រូវចាកចេញពីប្រទេសន័រវែស មុនថ្ងៃទី១៥ ខែកញ្ញា បន្ទាប់ពីសំណុំ បែបបទរបស់នាង សម្រាប់ការបន្តទិដ្ឋាការថ្មី ត្រូវបានគេបដិសេធ។
ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ ចេញផ្សាយថ្ងៃទី៣០ ខែសីហា ឆ្នាំ២០១៤ នេះឲ្យដឹងទៀត ថា កញ្ញា ហាមីឌី រួមជាមួយនឹងនិស្សិតអ៊ីរ៉ង់ថ្នាក់ អនុបណ្ឌិត និងបណ្ឌិតជាច្រើនផ្សេងទៀត ដែលកំពុងសិក្សានៅ សាកលវិទ្យាល័យន័រវែសផ្នែក វិទ្យាសាស្រ្ត និងបច្ចេកវិទ្យា (NTNU) បានជួបប្រទះបញ្ហា ជាមួយនឹងការពន្យាទិដ្ឋាការ។
ភ្នាក់ងារសន្តិសុខន័រវែស ហៅកាត់ថា PST មានការព្រួយបារម្ភថា សិស្សនិសិ្សត ដែលទទួល បាននូវចំណេះ ដឹងពីការសិក្សារបស់ខ្លួន នៅក្នុងប្រទេសន័រវែស អាចនឹងត្រូវប្រើចំណេះដឹង នេះដើម្បីបង្កើតអាវុធ នុយក្លេអ៊ែរ។ កញ្ញា ហាមីឌី ត្រូវបានគេដកស្រង់សម្ដីរបស់នាងថា “នេះ ជារឿងចម្លែកណាស់ចំពោះខ្ញុំ ខ្ញុំគ្រាន់តែជាសិស្សធម្មតាម្នាក់ ហើយខ្ញុំមិនបានធ្វើអ្វីខុសទេ”។
កាលពីក្នុងខែមិថុនា បាតុកម្មមួយ ត្រូវបានធ្វើឡើងក្នុងការគាំទ្រដល់និស្សិតមកពីប្រទេសអ៊ីរ៉ង់ ដែលមានអ្នកចូលរួមប្រហែលជា ១៣០នាក់ នៅក្នុងទីក្រុង ទ្រុនឌៀមដែលជាទីក្រុង ឆ្នេរសមុទ្រ នៅភាគកណ្តាលប្រទេសន័រវែស ដែលជាទីតាំងរបស់សាកលវិទ្យាល័យ NTNU ។ ខណៈពេលនេះសិស្ស និសិ្សតជនជាតិអ៊ីរ៉ង់ ដែលបាននឹងកំពុង សិក្សានៅទីនោះត្រូវបាន បណ្ដេញចេញ ទាំងអស់៕