កណ្តាល៖ រថយន្តហ៊ីយ៉ានដាយ ពីរគ្រឿងបើកបរច្រាសទិសគ្នា បុកគ្នាយ៉ាងពេញទំហឹង បណ្តាលឲ្យកម្មករ កម្មការិនីជិះលើរថយន្តរងរបួសធ្ងន់ស្រាល ៣៩នាក់ ហេតុការណ៍នេះ កើតឡើង កាលពីវេលាម៉ោង ៦និង៤៨នាទី ព្រឹកថ្ងៃទី៣០ខែសីហា ឆ្នាំ២០១៤ស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ ៣ ចន្លោះគីឡូម៉ែត្រលេខ ៣៣និង៣៤ ភូមិក្រាំងឈើនៀង ឃុំត្បែង ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល។
នគរបាលបានឲ្យដឹងថា រថយន្តបង្កម៉ាកហ៊ីយ៉ានដាយ ពណ៌ខៀវពាក់លេខ ភ្នំពេញ 3A-2492 បើកបរដោយឈ្មោះ វ៉ាត សុភ័ស ភេទប្រុស អាយុ ៣៨ឆ្នាំ រស់នៅស្រុកបាទី ខេត្តតាកែវ ជារថយន្តដឹកកម្មករ កម្មការិនី ចំណែក រថយន្តមួយគ្រឿងទៀត ម៉ាកហ៊ីយ៉ានដាយ ពណ៌សរពាក់លេខ ភ្នំពេញ 3C-0336 បើកបរដោយឈ្មោះ ណាន់ សុភា ភេទប្រុស អាយុ ២៦ឆ្នាំ រស់នៅឃុំអន្លុងរមៀត ស្រុកកណ្តាលស្ទឺង ខេត្តកណ្តាល ជារថយន្តដឹកឥវ៉ាន់ អ្នកបើកបរពុំមានរងរបួសនោះទេ ។
នគរបាលបានបន្តថា មុនពេលកើតហេតុ រថយន្តដឹកម្មករ កម្មការិនីទៅកាន់រោងចក្រក្នុងទិសដៅពីត្បូង ទៅជើង ដោយសារតែបើកបរ លឿនពេក លុះដល់ចំណុចកើតហេតុ ស្រាប់តែជ្រុលចង្កូត ទៅបុកជាមួយរថយន្ត ដឹកឥវ៉ាន់យ៉ាងពេញទំហឹង បណ្តាលឲ្យកម្មករ កម្មការិនីនៅលើរថយន្តនោះ រងរបួស ៣៩នាក់ក្នុងនោះធ្ងន់ធ្ងរម្នាក់ ចំណែកឯអ្នកបើកបររថយន្តទាំងពីរគ្រឿង គ្រាន់តែរងរបួសបន្តិចបន្តួចប៉ុណ្ណោះ ។
ក្រោយពេលកើតហេតុ ត្រូវបាននគរបាល ស្រុកកណ្តាលស្ទឹង ចុះទៅអន្តរាគមន៍ និងបានហៅរថយន្តសង្គ្រោះ ដឹកជនរងគ្រោះទាំងអស់ យកទៅកាន់មន្ទីរពេទ្យ ដើម្បីជួយសង្គ្រោះអាយុជីវិតជាបន្ទាន់ ចំណែក វត្ថុតាង ទាំងពីរគ្រឿង ត្រូវបានយកទៅរក្សាទុកជា បណ្តោះអាសន្ន ដើម្បីចាំដោះស្រាយគ្នាជាក្រោយ ។
នគរបាលបានបន្ថែមថា អ្នករងរបួសទាំងអស់មានមួយចំនួន ត្រូវបានក្រុមគ្រួសារដឹក តាមរយៈម៉ូតូយកកាន់ លំនៅដ្ឋានផងដែរ ៕