កោះកុង ៖ អធិការក្រុងខេមរភូមិន្ទ បានចុះប្រតិបត្ដិការ ទីតាំងចែកចាយថ្នាំញៀនមួយកន្លែង រឹបអូសបាន ថ្នាំញៀន។
ប្រភេទម៉ាទឹកកក ចំនួន ២១កញ្ចប់តូច និងមនុស្សចំនួន ៤នាក់ស្រីម្នាក់ ប្រុស៣នាក់។ ប្រតិបត្ដិការនេះត្រូវ ធ្វើឡើងនៅវេលាម៉ោង ៤និង១០នាទី ថ្ងៃទី២៩ ខែសីហា ឆ្នាំ២០១៤ ស្ថិតនៅចំណុច ផ្ទះសំណាក់ភូមិ២ សង្កាត់ស្មាច់មានជ័យ ក្រុងខេមរភូមិ ខេត្ដកោះកុង ។
ការចុះប្រតិបត្ដិការ ទៅលើទីតាំងចែកចាយថ្នាំញៀននេះ មានការដឹកនាំដោយ លោក មីន រស្មី អធិការរងក្រុង ខេមរភូមិន្ទ ព្រមទាំងមន្ដ្រីនៅក្រោមឱវាទជាច្រើនរូប។
ជនសង្ស័យទាំង ៤នាក់នោះ មានឈ្មោះ ១- ឈ្មោះ កែវ សុភ័ក្ភ្រ ភេទប្រុស អាយុ ២៧ឆ្នាំ មានទីលំនៅភូមិ១ សង្កាត់ស្មាច់មានជ័យ ក្រុងខេមរភូមិន្ទ ។ ២- ឈ្មោះកុល វិចិត្រ ភេទប្រុស អាយុ ៣២ឆ្នាំ មានទីលំនៅភូមិ១ សង្កាត់ដងទង់ ក្រុងខេមរភូមិន្ទ។ ៣- ឈ្មោះ កាន់ ប៊ុនណា ភេទប្រុស អាយុ ២៤ឆ្នាំ មានទីលំនៅភូមិ២ សង្កាត់ មានជ័យ ក្រុងខេមរភូមិន្ទ។ ៤- ឈ្មោះ ងន់ ស្រីភ័ស្ស ភេទស្រី អាយុ ១៩ឆ្នាំ មានទីលំនៅស្រុកថ្មបាំង ខេត្ដ កោះកុង ។ វត្ថុតាំងដែលសម្ថតិកិច្ចរឹបអូសបានមាន ម៉ាទឹកកក ចំនួន ២១កញ្ចប់តូច ទូរស័ព្ទដៃចំនួន៣គ្រឿង។
លោក មីន រស្មី អធិការរងក្រុងបានមានប្រសាសន៍ប្រាប់ មជ្ឈមណ្ឌលព័ត៌មានដើមអម្ពិល ឱ្យដឹងនៅព្រឹកថ្ងៃទី៣០ ខែសីហា នេះថា ដោយអនុវត្ដទៅតាមគោលការណ៍ របស់ក្រសួងមហាផ្ទៃ និង ក្រោមការដឹកនាំផ្ទាល់របស់ លោក សំ ឃិតវៀន ស្នងការនគរបាលខេត្ដ ដើម្បីការពារ ភូមិ-ឃុំមាន សុវត្ដិភាព ជូនប្រជាពលរដ្ឋនៅគ្រប់ មូលដ្ឋាន ឱ្យមានសុវត្ដិភាពស្ថេរភាពល្អជូនគាត់ ។ ពីព្រោះគ្រឿងញៀននេះ ដែលធ្វើឱ្យសង្គមយើងស្អប់ខ្ពើមបំផុត ដែលធ្វើយុវវ័យមួយចំនួន បាត់បង់នូវ សីលធម៌នៅក្នុងសង្គម ភ្លេចការសិក្សា ភ្លេចទាំងទោសពៃ ប្រពៃណីខ្មែរ ទៀតផង។
លោក មីន រស្មី បានបន្ដថា អ្វីដែលសំខាន់នោះ ឱ្យតែលោកទទួលបានព័ត៌មានភ្លាម ពីប្រជាពលរដ្ឋ នៅគ្រប់ មជ្ឈដ្ឋានបានជូនដំណឹង មកលោកដែលគាត់ជួបនៅបញ្ហាណាមួយក្នុងភូមិ លោកនឹង ទៅដល់ទីនោះភ្លាម មិនថាយប់ឬថ្ងៃឡើយ ព្រោះនេះជាតួនាទីរបស់សម្ថតិកិច្ច ដោយមិនគិតពី ការលំបាក ឬនឿយហត់ឡើយ ធ្វើយ៉ាងណាឱ្យតែប្រជាពលរដ្ឋ មានសេចក្ដីសុខ ហើយឱ្យយុវវ័យ ជៀសឱ្យផុតពីគ្រឿងញៀន។ ហើយចំពោះ ជនសង្ស័យទាំង៤នាក់ រួមទាំងវត្ថុតាង សម្ថតិកិច្ចនឹងកំពុង កសាងសំណុំរឿងបញ្ជូនទៅ ស្នងការដ្ឋាន នគរបាលខេត្ដ ដើម្បីចាត់ការបន្ដ ទៅតាមនិតិវិធីច្បាប់ ដែលជនខាងលើនេះប្រព្រឹត្ដ ៕