ភ្នំពេញ ៖ នៅព្រឹកថ្ងៃទី ៣១ ខែសីហា ឆ្នាំ ២០១៤នេះ លោក ខាត់ សុខៃ ចៅសង្កាត់ព្រៃស បានដឹកនាំមន្ត្រី សាលាសង្កាត់ចុះសាកសួរសុខទុក្ខបងប្អូនប្រជាពលរដ្ឋ នឹង ចុះពិនិត្យ មើលនៅទីតាំងភូមិសាស្រ្តមួយចំនួន កំពុងរងគ្រោះដោយសារទឹកភ្លៀងឆ្លាក់ មកលិចលង់ផ្ទះរបស់ពលរដ្ឋក្នុងមូលដ្ឋាន ។
លោក ខាត់ សុខៃ ចៅសង្កាត់ព្រៃសបានមានប្រសាសន៍ថា ក្រោយពីមានទឹកភ្លៀងមួយមេធំកាលពី លា្ងច ថ្ងៃទី ៣០ ខែសីហា ឆ្នាំ ២០១៤ នេះ បណ្តាលអោយលំនៅដ្ឋានប្រជាពលរដ្ឋជាច្រើនកន្លែង ត្រូវរងគ្រោះ ដោយសារ ទឹកភ្លៀងត្រូវលិចលង់។ ដូច្នេះដោយមានការណែនាំពីលោក នុត ពុធដារ៉ា អភិបាលខណ្ឌដង្កោនឹងលោក ចេង មុនីរ៉ា អភិបាលរងខណ្ឌរួចមកនោះ រូបលោកផ្ទាល់បានដឹកនាំមន្រ្តីសាលាសង្កាត់ ចុះពិនិត្យ ជាក់ស្តែង ដើម្បី រកដំណោះស្រាយរំដោះទឹកដែលកំពុងលិចលង់ផ្ទះប្រជាពលរដ្ឋចេញ ។
លោកចៅសង្កាត់ បានបន្តថាកន្លងមកនៅក្នុងភូមិសាស្ត្រសង្កាត់ព្រៃសនេះ គឺមិនសូវមានកន្លែងលិចលង់ទេ តែ មួយរយៈពេលនេះផ្លូវព្រៃសត្រូវសាលារាជធានីភ្នំពេញកំពុងបើកការដ្ឋាន ស្ថាបនាពីផ្លូវដីហុយអោយក្លាយទៅ ជាផ្លូវបេតុងហើយនៅមិនទាន់មានប្រព័ន្ធលូគ្រប់គ្រាន់ហេតុនេះ ទើបពេលមានភ្លៀងធ្លាក់ម្តងៗ តែងតែលិចលង់ ផ្លូវលំតូចៗក្នុងភូមិនឹងផ្ទះប្រជាពលរដ្ឋ។ ប៉ុន្តែនៅព្រឹកថ្ងៃទី ៣១ ខែសីហា ឆ្នាំ ២០១៤នេះ រូបលោក បានស្នើ ទៅលោកអភិបាលខណ្ឌដើម្បីសុំបញ្ជាយកគ្រឿងចក្រមកកាយប្រឡាយបង្ហូរទឹក ហើយដាក់លូរ បណ្តោះ អាសន្នសិន ដើម្បីរំដោះទឹកចេញពីផ្ទះប្រជាពលរដ្ឋដែលកំពុងលិចលង់ ។
ដោយសារមានការយកចិត្តទុកដាក់ពីសំណាក់អាជ្ញាធរមូលដ្ឋានបែបនេះ ប្រជាពលរដ្ឋនៅក្នុងភូមិចំនួន ៣ គឺភូមិ ព្រៃសខាងលិច ភូមិព្រៃសខាងកើត នឹងភូមិប្រកា ដែលកំពុងរងគ្រោះបានមានប្រសាសន៍ទាំងទឹកចិត្តត្រេកអរ នឹងថ្លែងអំណរគុណដល់លោក ខាត់ សុខៃ ចៅសង្កាត់ព្រៃស ជាពិសេសលោកអភិបាលខណ្ឌដង្កោ នឹងលោក អភិបាលរាជធានីភ្នំពេញ ដែលជួយអន្តរាគមន៍ភ្លាមៗទាន់ពេលវេលា។
លោកចៅសង្កាត់បានស្នើទៅសាលារាជធានីភ្នំពេញ អោយពន្លឿនការស្ថាបនាផ្លូវបេតុងព្រៃស អោយបានឆាប រហ័ស ដើម្បីបន្តរៀបចំប្រព័ន្ធធារាសាស្រ្ត ដាក់លូ រំដោះទឹកចេញ ជៀសវាងការលិចលង់លំនៅ ដ្ឋានប្រជាពលរដ្ឋ ដូចករណីខាងលើ ។
គួរបញ្ជាក់ថានៅព្រឹកថ្ងៃដដែរនេះ លោកចៅសង្កាត់នឹងលោកនាយប៉ុស្តិ៍ព្រៃស បានចុះណែនាំ ដល់ប្រជាពលរដ្ឋ ម្នាក់ឈ្មោះ កឹម នាង ភេទស្រី អាយុ ៤៣ ឆ្នាំ អោយរើផ្ទះដែលទើបសាងសង់នៅលើប្រឡាយ បានជាង ១ខែ ចេញព្រោះដោយសារការសាងសងរំលោភលើប្រឡាយសាធារណៈ៕