រ៉ងហ្គូន ៖ គណៈកម្មាធិការកណ្តាល ទទួលបន្ទុកទិន្នន័យ នៃសហភាពមីយ៉ាន់ម៉ា ឬហៅថា ភូមា បាន ប្រកាសថា ចំនួនពលរដ្ឋទាំងអស់ ដែលរស់នៅក្នុងប្រទេសភូមា គិតត្រឹមឆ្នាំ ២០១៤នេះ មានប្រមាណ ៥១,៤១៩,៤២០នាក់ ។ តួលេខនេះ វាទាបជាងការ ព្យាករណ៍ ដោយរដ្ឋាភិបាល នៅគ្រាមុន ប្រមាណ ១០ លាននាក់ ។
ផ្អែកតាមស្ថិតិ នៃការស្រាវជ្រាវពលរដ្ឋភូមា ជាស្ត្រីមានចំនួន ៥១,៨ ភាគរយ ខណៈដែល បុរសវិញមាន ត្រឹមតែ ៤៨,២ ភាគរយនោះទេ ។ នេះជាតួលេខដែលស្រង់ចេញពីតួលេខសរុប ដែលបានបង្ហាញ ដោយគណៈកម្មាធិការទិន្នន័យខាងលើ ។
ស្ថិតិពលរដ្ឋនៅរ៉ងហ្គូន មានប្រមាណជាង ៧ លាននាក់ ស្មើនឹង១៤,៣ភាគរយ និងតួលេខ ពលរដ្ឋរស់ នៅតាមរដ្ឋ Kayah ដែលមានតួលេខទាបបំផុតនោះ គឺមានត្រឹមតែ ០,៦ភាគរយ ស្មើនឹង ២៨៦,៧៣៨ នាក់ប៉ុណ្ណោះ ។
សម្រាប់នៅរដ្ឋធានីថ្មី របស់ប្រទេសភូមា ដែលគេស្គាល់ឈ្មោះថា ណៃភីតនោះ មានតួលេខ ពលរដ្ឋរស់ នៅជាង១លាននាក់ ស្មើនឹង២,៣ភាគរយ នៃតួលេខសរុបទាំងអស់ ។
ដោយឡែកតំបន់នៅតាមទីក្រុង មានរហូតដល់ ២៩,៦ ភាគរយ នៃពលរដ្ឋសរុបនិងនៅតាមជនបទ មានពលរដ្ឋរស់នៅរហូតដល់ ៧០,៤ភាគរយ នៃតួលេខសរុបទាំងអស់ ។
ស្ថិតិបានបង្ហាញថា ក្នុងរង្វង់ដីផ្ទៃមួយគីឡូម៉ែត្រក្រឡា មានពលរដ្ឋរស់នៅប្រមាណ ៧៦ នាក់ ។
នេះសបញ្ជាក់យ៉ាងច្បាស់ថា តួលេខនៃកំណើនពលរដ្ឋរបស់ប្រទេសភូមា បានកើនឡើង ជិតពាក់ កណ្តាល បើធៀបនឹងឆ្នាំ១៩៨៣ ស្ថិតិពលរដ្ឋមានប្រមាណ៣៥,៣លាននាក់ ប៉ុណ្ណោះ ៕