កំពង់ធំ៖ រថយន្តលុច្សស៊ីស មួយគ្រឿង ដែលផ្ទុកឈើគ្រញូង កាលពីវេលាម៉ោង ៨យប់ថ្ងៃទី១ ខែធ្នូ ឆ្នាំ២០១២ បានបើកបុក បុរសម្នាក់ ជាអ្នកលេងភ្លេងបណ្តាល ឲ្យរងរបួសធ្ងន់ ខណៈជនរងគ្រោះទើប និងចេញពី ពិធីមង្គលការ ស្ថិតនៅ ឃុំត្រពាំងឫស្សី ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ ហើយអ្នក បើករថយន្ត បានបើកចូល ទៅ វត្តថ្មី រួចរត់គេចខ្លួនបាត់ ដោយទុក រថយន្តនៅក្នុងវត្ត។
សេចក្តីរាយ ការណ៍ ពីកន្លែងកើតហតុ បានឲ្យដឹងថា ក្រោយពីម្ចាស់រថយន្ត ទុករថយន្តចោល នៅក្នុងវត្តហើយ ស្រាប់តែ មានប្រជាពលរដ្ឋ ជាច្រើននាក់ បានដណ្តើមឈើគ្រញូង នៅក្នុងរថយន្ត ។ ពេលនោះ កម្លាំងសមត្ថកិច្ច ជាច្រើននាក់ រួមមាន អាវុធហត្ថ រដ្ឋបាលព្រៃឈើ និងកម្លាំងនគរបាល បានតាមទៅ រករថយន្ត ហើយចាប់ខ្លួន យុវជនម្នាក់ ដោយចោទថា បានលួចឈើគ្រញូង នៅក្នុងរថយន្ត។
ក្រោយមកមាន ការឆោឡោកើតឡើង ខណៈប្រជាពលរដ្ឋ បានបិទទ្វារ វត្តដោយមិន អនុញ្ញាតឲ្យ សមត្ថកិច្ចចេញ មកក្រៅវិញ បើមិនដោះលែង យុវជនរូបនេះទេ។ ក្រោយមានការ សម្របសម្រួល និងដោះលែង យុវជនរូបនោះ ទើបក្រុមប្រជាពលរដ្ឋ បានបើកទ្វារ វត្តឲ្យសមត្ថកិច្ច ចេញវិញ។
សមត្ថកិច្ចបានបន្តថា ឈើគ្រញូង ត្រូវបានសមត្ថកិច្ច រកឃើញ នៅក្នុងទឹកស្រះ ដែលក្រុមប្រជាពលរដ្ឋ យកទៅលាក់នៅទីនោះ ហើយបច្ចុប្បន្ន ទាំងរថយន្ត និងឈើគ្រញូង ត្រូវបានសមត្ថកិច្ច យកទៅរក្សាទុក នៅអធិការដ្ឋាន នគរបាល ស្រុកកំពង់ស្វាយ ដើម្បីដោះ ស្រាយបន្តទៀត៕