កោះកុងៈ គ្រោះថ្នាក់ចរាចរមួយ បានធ្វើឲ្យបុរស មិនស្គាល់អត្តសញ្ញាណម្នាក់ ស្លាប់នៅនឹងកន្លែងកើតហេតុ កាលពីវេលាម៉ោងចន្លោះ៤ទៅ៥ទៀបភ្លឺ ថ្ងៃទី២ ខែធ្នូ ឆ្នាំ២០១២ នៅលើដងផ្លូវជាតិលេខ៤៨ ជិតស្ពាន អូរស្រីស្រណោះ ស្ថិតក្នុងសង្កាត់ស្មាច់មានជ័យ ក្រុងខេមរៈភូមិន្ទ ខេត្តកោះកុង។
គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងដោយសាររថយន្តមួយគ្រឿងបុកទៅលើបុរសម្នាក់ បណ្តាលឲ្យអូស ប្រហែលជា១៨ម៉ែត្រ ហើយបានដាច់ខ្យល់ស្លាប់នៅកន្លែងកើតហេតុតែម្តង។
ប្រភពពីសមត្ថកិច្ចនៅកន្លែងកើតហេតុបានឲ្យដឹងថា ជនរងគ្រោះដែលស្លាប់ ដោយសាររថយន្តខាងលើនេះ ពុំទាន់ស្គាល់អត្តសញ្ញាណ នៅឡើងទេ ។ ប្រភពដដែលបានបន្តទៀថា រថយន្តខាងលើប្រហែលជារថយន្តតូច មិនមែនជារថយន្តធុនធំនោះទេ ដោយធ្វើដំណើរក្នុងទិស ដៅពីកើតទៅលិច ក៏បុកជនរងគ្រោះតែម្តង ហើយ បានបើករត់គេចខ្លួនបាត់។ រីឯជនរងគ្រោះ គេនៅមិនអាចសន្និដ្ឋានបានថា ស្ថិតក្នុងស្ថានភាពស្រវឹង ឬយ៉ាងណានោះទេ តែមានអាយុប្រហែលជា១៦ ទៅ១៧ឆ្នាំ ប៉ុណ្ណោះ។
បើតាមការសន្និដ្ឋានរបស់ប្រជាពលរដ្ឋមួយចំនួនបាននិយាយថា ជនរងគ្រោះប្រហែលប្រើ ប្រាស់គ្រឿងញៀន ព្រោះ បើជាមនុស្សល្អមិនដែលដើរដល់ម៉ោង៤ទៀបភ្លឺ ហើយនៅកន្លែងស្ងាត់ទៀត។
សូមបញ្ជាក់ថាសមត្ថកិច្ចកំពុងស្រាវជ្រាវរករថយន្តបង្ក។ រីឯសពរបស់ជនរងគ្រោះ កម្លាំងសមត្ថកិចចនគរបាល យកទៅ រក្សាទុកនវត្តទេពនិមត្តដើម្បីរង់ចាំសាច់ញាតិ៕