ភ្នំពេញ ៖ នៅព្រឹកថ្ងៃទី៣ ខែសីហា ឆ្នាំ២០១៤នេះ អគ្គមេបញ្ជាការ នៃកងយោធពលខេមរភូមិន្ទ លោក នាយឧត្តមសេនីយ៍ ប៉ុល សារឿន បានចូលរួម បិទវគ្គបញ្ចប់ការហ្វឹកហ្វឺនយុទ្ធវិធីរថក្រោះ រថពាសដែក ដែលធ្វើឡើង អស់រយៈពេល ៦៣ថ្ងៃ នៅស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ។
នៅក្នុងឱកាសនោះ លោកនាយឧត្តមសេនីយ៍ ប៉ុល សារឿន បានវាយតម្លៃថា វគ្គ ហ្វឹកហ្វឺនរថក្រោះ រថ ពាសដែក ដែលបានបញ្ចប់នាពេលនេះ ពិតជាឆ្លើយតបយ៉ាងត្រឹមត្រូវ ទៅនឹងចរន្ត នៃការបង្កើនសមត្ថ ភាពធនធានមនុស្ស ក្នុងជួរកងទ័ព ដែលផ្តល់អត្ថប្រយោជន៍ យ៉ាងសំខាន់ ក្នុងការកំណត់ទិសដៅ ទៅ រកភាពជោគជ័យ ក្នុងការបំពេញភារកិច្ចបន្ត និងធ្វើឲ្យកម្ពុជាកាន់តែយល់ច្បាស់ អំពីអត្ថប្រយោជន៍ នៃ ការហ្វឹកហ្វឺនបំប៉នជំនាញ ។
លោកនាយឧត្តមសេនីយ៍បានបន្តថា “គ្រប់បណ្តាកងឯកភាព នៃកងយោធពលខេមរភូមិន្ទ ត្រូវយកចិត្ត ទុកដាក់ឲ្យ បានខ្ពស់បំផុត នៅក្នុងភារកិច្ចចូលរួមកំណែទម្រង់ រយៈពេល ៥ឆ្នាំបន្ត (ពីឆ្នាំ២០១៥ ដល់ ឆ្នាំ២០១៩) លើការងារបុគ្គលិ (យោធិនចូលនិវត្តន៍ និងយោធិនតែងតាំងមុខតំណែង) ដែលមាន គោលបំណងសំខាន់ធំៗពីរ ទី១-ត្រូវអនុវត្តផ្អែកលើច្បាប់ និងសមហេតុផល និងទី២-ត្រូវយក គោលដៅ ជាចម្បង គឺការកែទម្រង់ ពីមនុស្សច្រើនធ្វើការងារតិច ឲ្យទៅជាមនុស្សតិចធ្វើការងារច្រើន មានន័យថា (ក្បាលតូចខ្លួនធំ)”។
អគ្គមេបញ្ជាការ នៃកងយោធពល ខេមរភូមិន្ទរូបនេះ ក៏បានណែនាំឲ្យបណ្តាអង្គភាព ត្រូវ ផ្តល់ឱកាសឲ្យ បានទូលំទូលាយដល់នាយទាហានវ័យក្មេង ដែលមានសមត្ថភាព ចូលរួមក្នុងប្រព័ន្ធគ្រប់គ្រង ដឹកនាំ បញ្ជាតាមបណ្តាថ្នាក់ជាបណ្តើរៗ ដើម្បីផ្ទេរ និងទទួលយកបទពិសោធន៍ល្អៗ ពីរៀមច្បងសម្រាប់បន្ត វេន ។
លោកឧត្តមសេនីយ៍ឯក ឡាញ់ កៅ នាយរងសេនាធិការចម្រុះ និងជាមេបញ្ជាការកងរថក្រោះ អគ្គបញ្ជា ការ បានគូសបញ្ជាក់ឲ្យដឹងថា ដំណើរការហ្វឹកហ្វឺនទទួលបានជោគជ័យ នាពេលនេះ ក៏អាស្រ័យដោយ មានការឧបត្ថម្ភកញ្ចប់ថវិកាពិសេស ពីសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃ ប្រទេសកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ដែលជានិច្ចកាល តែងបានគិតគូរជួយឧបត្ថម្ភជារៀងរាល់ឆ្នាំ បង្កឲ្យការហ្វឹកហ្វឺនប្រព្រឹត្តិទៅបានយ៉ាងទៀងទាត់ ។
លោកឧត្តមសេនីយ៍ឯក បានបន្ថែមថា វគ្គហ្វឹកហ្វឺននាពេលនេះ ផ្តោតជាសំខាន់លើ ៣ ចំណុច ទី១- ហ្វឹកហាត់ ដោយយកការប្រើប្រាស់អាវុធលើរថក្រោះជាគោល អនុវត្តការបាញ់ដោយប្រើស្ថិរភាព និង ចល័តបាញ់, ទី២-ហ្វឹកហាត់របៀបសរុប ដោយយកសមាជិក រថក្រោះហាត់ដូរវេនគ្នាម្នាក់ម្តង ពោល គឺ ពីអ្នកបើកមកអ្នកបាញ់ ពីអ្នកបាញ់ទៅជាអ្នកបញ្ជា ម្ចាស់ការដោយចល័តនៅលើទីលាន តាមភារកិច្ច រៀងៗខ្លួន និង ទី៣-ប្រើប្រាស់វិទ្យុទាក់ទង នៅលើរថក្រោះ ដោយជំនួសទម្លាប់ ទៅលើការប្រើប្រាស់ អ៊ីកូម ។
សូមបញ្ជាក់ថា កម្មសិក្សានោះ មានយោធាចំនួន ៤២០ នាក់ ដែលជាកម្លាំង នៃអង្គភាព បញ្ជាការដ្ឋាន រថក្រោះ បានបញ្ចប់វគ្គហ្វឹកហ្វឺនយុទ្ធវិធីរថក្រោះ រថពាសដែក រយៈពេល៦៣ថ្ងៃ ដើម្បីពង្រឹងសមត្ថភាព ប្រយុទ្ធការពារបូរណភាពទឹកដីនៃមាតុភូមិ ។
នៅក្នុងឱកាសនោះ បន្ទាប់ពីពិធីប្រគល់ប័ណ្ណសរសើរ លិខិតសរសើរ និងលិខិតបញ្ជាក់ ការសិក្សាដល់ សិក្ខាកាមរួចមក លោកនាយឧត្តមសេនីយ៍ ប៉ុល សារឿន បានឧបត្ថម្ភថវិកា ដល់អង្គពិធីចំនួន ១០លាន រៀល និងប្រតិភូកំពង់ចម្លងអ្នកលឿង ដែលជាអង្គភាពសម្ព័ន្ធមេត្រីភាព ក៏បានឧបត្ថម្ភថវិកា ១០លាន រៀលផងដែរ ៕