ភ្នំពេញៈ មុខសញ្ញាឆក់ ជនបរទេសម្នាក់ ត្រូវបានកម្លាំង នគរបាលប៉ុស្តិ៍ស្រះចក ខណ្ឌដូនពេញ ដេញចាប់ និងបង្ក្រាប បានភ្លាមៗ បន្ទាប់ពីជនសង្ស័យរូបនេះ បានធ្វើសកម្មភាព ឆក់ទ្រព្យសម្បត្តិរបស់ជនបរទេស ដែលកំពុង ជិះម៉ូតូកង់បី នៅរសៀល ថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០១៤ ។
មន្ត្រីនគរបាលព្រហ្មទណ្ឌខណ្ឌដូនពេញ បានឲ្យដឹងថា ជនសង្ស័យដែលត្រូវបានកម្លាំង សមត្ថកិច្ចធ្វើការ ចាប់ខ្លួន ឈ្មោះ កែវ រដ្ឋា អាយុ ១៨ឆ្នាំ ស្នាក់នៅម្តុំបឹងកក់ សង្កាត់ស្រះចក ខណ្ឌដូនពេញ។ ជនសង្ស័យឈ្មោះ កែវ រដ្ឋានេះ ត្រូវបានគេដឹងថា ទើបតែចេញពីពន្ធនាគារ ពីបទឆក់ ប្រមាណជា២ខែមុនមកម្លេះ ។
មន្ត្រីនគរបាលបានបន្តថា នៅមុនពេលកើតហេតុមានជនបរទេសម្នាក់ ជិះម៉ូតូកង់បីមកដល់មុខផ្សាររាត្រី ស្រាប់តែលេចមុខជនសង្ស័យ ជិះម៉ូតូមួយគ្រឿង បានធ្វើកម្មភាពឆក់ ប៉ុន្តែភ្លាមៗនោះត្រូវបាន ជនរងគ្រោះ ស្រែក ធ្វើឲ្យមានការផ្អើលឆោរឡោ ទើបកម្លាំងនគរបាល ល្បាតនៅក្បែរនោះ ជួយអន្តរាគមទាន់ពេលវេលា ដោយឃាត់ខ្លួនជន សង្ស័យរូបនេះតែម្តង។
ក្រោយកើតហេតុ ជនសង្ស័យ រួមនិងម៉ូតូដែលជិះធ្វើសកម្មភាព ត្រូវបានសមត្ថកិច្ច បញ្ជូន ទៅឃុំខ្លួន នៅអធិការដ្ឋានខណ្ឌដូនពេញ ដើម្បីកសាងសំណុំរឿងបញ្ជូនទៅកាន់តុលាការ ដោះស្រាយតាមនីតិវិធីច្បាប់។
សូមបញ្ជាក់ថា ដោយសារតែមានបទល្មើស ឆក់ លួច ប្លន់ តែងតែកើតមាននោះ ស្នងការ នគរបាល រាជធានីភ្នំពេញ លោកឧត្តមសេនីយ៍ ជួន សុវណ្ណ និងស្នងការរងទទួលផែន ព្រហ្មទណ្ឌ លោកឧត្តមសេនីយ៍ ជួន ណារិន្ទ បានបញ្ជឲ្យកម្លាំងជំនាញតាមការិយាល័យ និងកម្លាំង តាមបណ្តាខណ្ឌ ដាក់វេនចុះល្បាយជាបន្តបន្ទាប់ ដើម្បីជួយទប់ស្កាត់ទាន់ពេលវេលា ជាក់ស្តែងដូចជាករណីខាងលើនេះជាដើម៕