រតនគិរី ៖ កម្លាំងនគរបាលវរសេនាតូច ការពារព្រំដែនលេខ៦២៣ កាលពីវេលាម៉ោង ៨និង២០នាទី ព្រឹកថ្ងៃទី៧ ខែកញ្ញា ឆ្នាំ ២០១៤ នេះបានស្ទះចាប់រថយន្តឡង់គ្រីស័រ១គ្រឿង បន្លំដឹកឈើប្រណីត ប្រភេទធ្នង់ ខណៈដែលកំពុងធ្វើដំណើរតាមផ្លូវជាតិលេខ៧៨ ត្រង់ចំណុចភូមិប៉ក់ធំ ឃុំប៉ក់ញ៉ៃ ស្រុកអូរយ៉ាដាវ ខេត្តរតនគិរី។
កម្លាំងនគរបាលដែល ចុះប្រតិបត្តិការប្រាប់ឲ្យដឹងថា ដោយសង្ស័យរថយន្តខាងលើថា មានបន្លំដឹកឈើប្រណីត ឆ្ពោះទៅប្រទេសវៀតណាមនោះ ក៏ធ្វើការស្ទះរថយន្តឲ្យឈប់ ដើម្បីត្រួតពិនិត្យហើយឃើញមានឈើជាច្រើនដុំ ។
កម្លាំងនគរបាលខាងលើ បន្តទៀតថា រថយន្តម៉ាកឡង់គ្រីស័រនេះ ពណ៌ស្លែ ពាក់ស្លាកលេខភ្នំពេញ 2G-7499 និងម្ចាស់ឈ្មោះ ថោង សុខឡាយ មន្ត្រីយោធាស្នាក់ នៅក្រុងបានលុង ខេត្តរតនគិរី ។
កម្លាំងនគរបាលខាងលើ បញ្ជាក់ឲ្យដឹងទៀតថា ឈើប្រណីតប្រភេទធ្នង់ មានចំនួន២១ដុំ មានមុខកាត់តូច ធំ និងប្រវែងខ្លី វែង លាយចម្រុះគ្នា ។
នៅព្រឹកថ្ងៃដដែលនេះដែរ កម្លាំងនគរបាលវរសេនាតូចការពារព្រំដែន លេខ៦២៣ ប្រគល់វត្ថុតាងរថយន្ត ឡង់គ្រីស័រ ១គ្រឿង ផ្ទុកឈើប្រណីតប្រភេទធ្នង់នេះ ជូនខណ្ឌរដ្ឋបាលព្រៃឈើ រតនគិរី ដើម្បីចាត់ការតាមច្បាប់។ បើទោះបីសមត្ថកិច្ចជំនាញ និងសមត្ថកិច្ចពាក់ព័ន្ធខិតខំទប់ស្កាត់ការ ដឹកជញ្ជូនឈើប្រណីត យ៉ាងណាក៏ដោយ នៅតែមានក្រុមឈ្មួញឆ្លៀតឱកាស ហាក់បីដូចជាមិនខ្លាចច្បាប់ទាល់តែសោះ ៕