Quantcast
Channel: ព័ត៌មានថ្មីបំផុត
Viewing all articles
Browse latest Browse all 8042

វិចារណកថា ៖ បកស្រាយសាលក្រម ឆ្នាំ១៩៦២ ជារឿងដ៏សំខាន់

$
0
0

រាជរដ្ឋាភិបាលកម្ពុជា បានដាក់ពាក្យបណ្ដឹង ទៅតុលាការយុត្ដិធម៌ អន្ដរជាតិក្រុងឡាអេ កាលពីថ្ងៃទី២៨ ខែមេសា ឆ្នាំ២០១១ ជំរុញឱ្យតុលាការនេះ ចាត់វិធាន ការទប់ស្កាត់ជាបន្ទាន់ ចំពោះការបំផ្លិចបំផ្លាញ ប្រាសាទព្រះវិហារ ពីសំណាក់ភាគីថៃ និងស្នើឱ្យបកស្រាយឡើងវិញ នូវខ្លឹមសារសាលក្រម ចុះថ្ងៃទី១៥ ខែមិថុនា ឆ្នាំ១៩៦២ ។ ទាក់ទងទៅនឹងបណ្ដឹងសុំឱ្យបក ស្រាយខ្លឹមសារសាលក្រម ចុះថ្ងៃទី១៥ ខែមិថុនា ឆ្នាំ១៩៦២ តុលាការយុត្ដិធម៌អន្ដរជាតិ ក្រុងឡាអេ គ្រោងបើកសវនាការ នៅអំឡុងពាក់កណ្ដាលខែមេសា ឆ្នាំ២០១៣ខាងមុខ ។ តាមប្រភពពីមន្ដ្រីតុលាការយុត្ដិធម៌អន្ដរជាតិក្រុងឡាអេ បានឱ្យដឹងថា សវនាការនឹង ចាប់ ផ្ដើមពីថ្ងៃទី១៥ ដល់ថ្ងៃទី១៩ ខែមេសា ឆ្នាំ២០១៣ បន្ទាប់ពីភាគីនីមួយៗ ត្រូវបានកំំណត់ ពេល៣ លើក ឱ្យបង្ហាញភស្ដុតាងរបស់ខ្លួន ស្ដីពីការបកស្រាយសាលក្រមឆ្នាំ១៩៦២ របស់ តុលាការយុត្ដិធម៌ អន្ដរជាតិ ។ សាលក្រមចុះថ្ងៃទី១៥ ខែមិថុនា ឆ្នាំ១៩៦២ គឺជាសេចក្ដី សម្រេចឱ្យប្រទេសកម្ពុជា ឈ្នះក្ដីលើ ប្រទេសថៃ ក្នុងសំណុំរឿងដណ្ដើម គ្រប់គ្រងប្រាសាទ ព្រះវិហារ ដែលកសាងឡើងនៅលើកំពូលភ្នំដងរែក ជាប់ព្រំដែនកម្ពុជា-ថៃ ។

សូមបញ្ជាក់ថា ប្រាសាទព្រះវិហាររបស់កម្ពុជា ត្រូវបានដាក់បញ្ចូលក្នុងបញ្ជីសម្បត្ដិបេតិ កភណ្ឌពិភពលោក កាលពីថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០០៨ តាមរយៈ សេចក្ដីសម្រេច ក្នុងកិច្ច ប្រជុំនៅក្នុងទីក្រុងកេបិច ប្រទេស កាណាដា ។ នៅថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០០៨ ភាគីថៃ បានបញ្ជូនទាហានរាប់ពាន់នាក់ ឱ្យចូលទន្ទ្រានក្នុង ទឹកដីកម្ពុជា នៅតំបន់ក្បែរប្រាសាទព្រះ វិហារ ព្រមទាំងដណ្ដើមកាន់កាប់វត្ដកែវសិក្ខាគិរីស្វារៈ ដោយ រំលោភ លើសាលក្រមតុលាការ យុត្ដិធម៌អន្ដរជាតិ ក្រុងឡាអេ យ៉ាងគឃ្លើន ។ អំពើរំលោភបំពានរបស់ភាគីថៃ បាននាំឱ្យ មានការផ្ទុះអាវុធដាក់គ្នា រវាងកងទ័ពកម្ពុជា និងទាហានថៃជា ច្រើនលើក បណ្ដាលឱ្យ កម្លាំងនៃ ភាគីទាំងពីរ ស្លាប់បាត់បង់ជីវិត និងរងរបួសជាច្រើននាក់ ។ រហូតមកដល់ពេល នេះ បញ្ហា ជម្លោះព្រំដែនកម្ពុជា-ថៃ នៅតំបន់ក្បែរប្រាសាទព្រះវិហារ មិនទាន់ដោះ ស្រាយ ឱ្យបានជ្រះ ស្រឡះនៅឡើយទេ បើទោះបីតុលាការយុត្ដិធម៌អន្ដរជាតិក្រុងឡាអេ បានចេញសេចក្ដី សម្រេច ចុះថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០១១ ឱ្យភាគីទាំងពីរ ដកកងទ័ព ចេញពីតំបន់មាន ជម្លោះយ៉ាងណាក៏ ដោយ ។ ភាគីកម្ពុជា បានគោរពនិងអនុវត្ដន៍ តាម សេចក្ដីសម្រេច ចុះថ្ងៃ ទី១៨ ខែកក្កដា ឆ្នាំ២០១១ របស់តុលាការ យុត្ដិធម៌អន្ដរជាតិ ក៏ប៉ុន្ដែ ភាគីថៃ មិនបានគោរព និងអនុវត្ដន៍តាមសេចក្ដី សម្រេចនោះ នៅឡើយ ។

បញ្ហាគួរឱ្យកត់សម្គាល់ គឺចាប់ពីថ្ងៃទី០៤ដល់ថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០១១ ទាហានថៃ បានបើកការវាយ ប្រហារមកលើកងទ័ពកម្ពុជា នៅតំបន់ប្រាសាទព្រះវិហារ យ៉ាងកំរោល ព្រមទាំងបាញ់ផ្លោងគ្រាប់ កាំភ្លើង ធុនធ្ងន់ ៤១៤គ្រាប់ ដាក់ប្រាសាទព្រះវិហារ បណ្ដាលឱ្យ ប្រាសាទបុរាណមួយនេះ រងការខូចខាតយ៉ាង ដំណំ ។ ពីថ្ងៃទី២២ ខែមេសា ដល់ថ្ងៃទី០៣ ខែ ឧសភា ឆ្នាំ២០១១ ទាហានថៃ បានបើកការវាយប្រហារ មកលើកងទ័ពកម្ពុជា នៅតំបន់ ប្រាសាទតាមាន់ ប្រាសាទតាក្របី និងតំបន់ថ្មដូន ខេត្ដឧត្ដរមានជ័យ យ៉ាងខ្លាំងក្លា ដែលជា ហេតុធ្វើឱ្យរាជរដ្ឋាភិបាលកម្ពុជា ដាក់ពាក្យបណ្ដឹងទៅតុលាការ យុត្ដិធម៌អន្ដរជាតិ ក្រុងឡាអេ នៅថ្ងៃទី២៨ ខែមេសា ឆ្នាំ២០១២ ។ ពាក់ព័ន្ធទៅនឹងបណ្ដឹងសុំអន្ដរាគមន៍ ការពារប្រាសាទ ព្រះវិហារ ត្រូវបានតុលាការយុត្ដិធម៌អន្ដរជាតិ ចេញសេចក្ដីសម្រេចនៅថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០១១ រីឯ បណ្ដឹងសុំឱ្យបកស្រាយសាលក្រម ឆ្នាំ១៩៦២ នឹងត្រូវបើកសវនាការនៅ អំឡុង ពាក់កណ្ដាលខែមេសា ឆ្នាំ២០១៣ខាងមុខ ។

អ្នកតាមដានប្រវត្ដិសាស្ដ្រមួយចំនួន បានរំលឹកថា សាលក្រមតុលាការយុត្ដិធម៌ អន្ដរ ជាតិក្រុងឡាអេ ចុះថ្ងៃទី១៥ ខែមិថុនា ឆ្នាំ១៩៦២ បានបញ្ជាក់យ៉ាងច្បាស់ថា ប្រាសាទព្រះ វិហារ និងតំបន់ជុំវិញនោះ គឺជាកម្មសិទ្ធិនិងជាអធិបតេយ្យភាព របស់កម្ពុជា ។ ប៉ុន្ដែក្រោយ ពេលប្រាសាទព្រះវិហារ ក្លាយជាសម្បត្ដិ បេតិកភណ្ឌ ពិភពលោក នៅថ្ងៃទី០៧ ខែកក្កដា ឆ្នាំ ២០០៨ បែរជាភាគីថៃរំលោភបំពាន លើសាលក្រមឆ្នាំ ១៩៦២ ដោយគ្មានខ្លាចក្រែងអ្វីទាំង អស់ រហូតដល់បំផ្លាញប្រាសាទ ព្រះវិហារឱ្យខូចខាតយ៉ាងដំណំ ។ ដូច្នេះនៅក្នុងសវនាការ បកស្រាយខ្លឹមសារសាលក្រម ចុះថ្ងៃទី១៥ ខែមិថុនា ឆ្នាំ១៩៦២ នាអំឡុងពាក់ កណ្ដាលខែ មេសា ឆ្នាំ២០១៣ខាងមុខ តុលាការយុត្ដិធម៌អន្ដរជាតិ ត្រូវតែបកស្រាយឱ្យបានច្បាស់លាស់ ដើម្បីកុំឱ្យភាគីថៃ រំលោភលើអធិបតេយ្យភាព និងបូរណភាពទឹកដីកម្ពុជា តទៅទៀត ។ ជា ពិសេសភាគីថៃ ត្រូវគោរពសាលក្រមឆ្នាំ១៩៦២ និងគោរពតាមច្បាប់អន្ដរជាតិ ហើយមិន ត្រូវមានមហិច្ឆតារំលោភ ឈ្លានពាន ទឹកដីកម្ពុជា តទៅទៀតឡើយ ។

តាមមន្ដ្រីជាន់ខ្ពស់នៃរាជរដ្ឋាភិបាលកម្ពុជា បានបញ្ជាក់ថា តុលាការយុត្ដិធម៌អន្ដរជាតិ ក្រុងឡាអេ បានជូន ដំណឹង ដល់ ភាគីកម្ពុជា រួចហើយ អំពីសវនាការនៅ អំឡុងពាក់កណ្ដាល ខែមេសា  ហើយរាជរដ្ឋាភិបាល កម្ពុជា បានត្រៀមរៀបចំឯកសាររួចជាស្រេច ដោយមាន ជំនួយពីអ្នកជំនាញច្បាប់ ដើម្បីដោះស្រាយបញ្ហា នៅតំបន់ក្បែរប្រាសាទព្រះវិហារ ។ ក្នុង នោះ បញ្ហាសំខាន់គឺការកំណត់ព្រំដែនកម្ពុជា-ថៃ តាមផ្លូវច្បាប់និង មាន ការទទួលស្គាល់ជា អន្ដរជាតិ ដើម្បីកុំឱ្យភាគីថៃ រំលោភលើអធិបតេយ្យភាព និងបូរណភាពទឹកដី កម្ពុជាស្រេច តែអំពើចិត្ដតទៅទៀត ។ ជាមួយគ្នានេះ ជនរួមជាតិខ្មែរទាំងក្នុងនិងក្រៅប្រទេស បាន បង្ហាញ នូវសេចក្ដីសង្ឃឹមថា ការបកស្រាយសាលក្រម ចុះថ្ងៃទី១៥ ខែមិថុនា ឆ្នាំ១៩៦២ របស់តុលាការយុត្ដិធម៌ អន្ដរជាតិ នឹងធ្វើឱ្យភាគីថៃចាញ់ដោយអស់ចិត្ដ ហើយបញ្ឈប់រាល់ មហិច្ឆតា ឈ្លានពានបូរណភាពទឹក ដី កម្ពុជា ។ ជាមួយគ្នានេះ កងទ័ពកម្ពុជា ត្រូវតែបន្ដ ពង្រឹងស្មារតី ការពារប្រាសាទព្រះវិហារ និងបូរណភាព ទឹកដីកម្ពុជា ដើម្បីកុំឱ្យប្រទេសជិត ខាង ធ្វើអ្វីៗស្រេចតែអំពើចិត្ដរបស់ខ្លួន ដោយមិនគោរពច្បាប់អន្ដរជាតិ ៕


Viewing all articles
Browse latest Browse all 8042

Trending Articles



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>