តេហេរ៉ង់ ៖ ប្រធានផ្នែកចរចានុយក្លេអ៊ែរជាន់ខ្ពស់អ៊ីរ៉ង់លោក អាប់បាស់ អារ៉ាកជី បានថ្លែងនៅ ថ្ងៃអង្គារ នេះថា ប្រទេសរបស់លោក នឹងមិនអាចទ្រាំតទៅមុខទៀតបានទេ ចំពោះទណ្ឌកម្ម ដែលបានធ្វើឡើង ដោយអាម៉េរិក ប្រឆាំងនឹងសេចក្តីសុខ របស់រដ្ឋឥស្លាមមួយនេះ ។
ទីភ្នាក់ងារព័ត៌មាន ចិនស៊ិនហួ បានចេញផ្សាយ នៅថ្ងៃអង្គារ ទី០៩ ខែកញ្ញា នេះដោយដកស្រង់សម្តី របស់លោក អារ៉ាកជី ដូច្នេះថា “ ក្នុងជំនួបទេ្វភាគីរបស់យើង ជាមួយមន្ត្រីអាម៉េរិក យើងបានប្រកាស ចំពោះមុខគេរួចរាល់ហើយថា យើងនឹងមិនអាចស៊ូទ្រាំ ចំពោះដំណោះស្រាយ នៃការដាក់ទណ្ឌកម្មនេះ បានទៀតទេ ” ។
កាលពីប៉ុន្មានខែមុននេះ សហរដ្ឋអាម៉េរិក បានបង្កើតទណ្ឌកម្មថ្មីបន្ថែមទៀត ដាក់មកលើ ប្រទេសអ៊ីរ៉ង់ ក្នុងនោះ បុគ្គលអ៊ីរ៉ង់មួយចំនួន ត្រូវបានចុះទៅក្នុងបញ្ជីខ្មៅ ហើយនឹងក្រុមហ៊ុន ផ្សេងៗទៀត ស្របពេល ដែលអាម៉េរិកខ្លួនឯង កំពុងតែធ្វើការស្វែងរកដំណោះស្រាយចំពោះ កម្មវិធីនុយក្លេអ៊ែររបស់អ៊ីរ៉ង់នោះ។ អាម៉េរិកបានចោទអ៊ីរ៉ង់ថា បានទទួលការគាំទ្រពីបណ្តាញពួកភេរវករ ដើម្បីអភិវឌ្ឍន៍កម្មវិធី នុយក្លេអ៊ែរ ក្នុងប្រទេសរហូតដល់សព្វថ្ងៃនេះ ។
ជាចុងក្រោយ ប្រទេសអ៊ីរ៉ង់បានបង្ហាញទស្សនៈរបស់ខ្លួនថា ការដាក់ទណ្ឌកម្មមិនមែនជា ឆន្ទៈល្អ ក្នុង ការដោះស្រាយបញ្ហា ឬមួយក៏ដើម្បីជម្រិតឲ្យមានកិច្ចពិភាក្សាផ្នកនុយក្លេអ៊ែរនោះឡើយ ។ ជាងនេះទៅ ទៀត ការបន្តដាក់ទណ្ឌកម្ម នឹងធ្វើឲ្យបញ្ហាកាន់តែធ្ងន់ធ្ងរ ហើយបញ្ហាដែលមាន ស្រាប់ នៅក្នុងតំបន់ មជ្ឈិមបូព៌ា ក៏នឹងរីករាលដាលកាន់តែគ្រោះថ្នាក់ជាងមុនផងដែរ ៕