គូឡាឡាំពួ៖ តាមការបង្ហាញ លទ្ធផលស៊ើបអង្កេតបឋម នៃមូលហេតុធ្លាក់ របស់ជើងហោះហើរ ម៉ាឡេស៊ី MH17 នោះបានឲ្យដឹងថា យន្តហោះនេះទំនង ជាជួបបញ្ហាបែកខ្ទេច ផ្នែកមួយនៅ លើតួរបស់វាបន្ទាប់ ពីប៉ះទង្គិចនឹងវត្ថុរឹង ដែលមានថាមពលខ្លាំង (អាចជាមីស៊ីល) ទើបបណ្តាល ឲ្យធ្លាក់នៅភាគខាងកើត ប្រទេសអ៊ុយក្រែននោះ។
ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចេញផ្សាយនៅថ្ងៃអង្គារ ទី០៩ ខែកញ្ញា ឆ្នាំ២០១៤ នេះ ដោយដកស្រង់ពី របាយការណ៍ ស៊ើបអង្កេតបឋមរបស់ហូឡង់ថា “យន្តហោះប៊ូអ៊ីង ៧៧៧ បានរងការខ្ទេចនៅលើអាកាស ប្រហែល អាចបណ្តាល មកពីការខូចខាតត្រង់ផ្នែកណាមួយ បន្ទាប់ពីវត្ថុដ៏ មានឥទ្ធិពលធំមួយ បានបុកចំយន្តហោះ នោះលើ ផ្នែកខាងក្រៅ។”
សេចក្តីថ្លែងការណ៍បន្តដោយភាពមិន ច្បាស់លាស់ដូច្នេះថា “មិនមានការចង្អុលបង្ហាញទេ ថា ការធ្លាក់របស់ MH17 ត្រូវបានបង្កឡើងដោយ កំហុសបច្ចេកទេស ឬមួយក៏សកម្មភាពណា មួយបង្កឡើងដោយអ្នក បញ្ជាលើយន្តហោះ នោះ។”
គួរបញ្ជាក់ថាជើងហោះហើរនៃអតីតក្រុមហ៊ុនអាកាសចរណ៍ ម៉ាឡេស៊ី MH17 បានធ្លាក់នៅ ភាគខាងកើតអ៊ុយក្រែន ដែលគ្រប់គ្រង ដោយពួកឧទ្ទាមក្រុងដូណេតក៍ កាលពីថ្ងៃទី១៧ ខែ កក្កដា បណ្តាលឲ្យមនុស្សទាំងអស់ ២៩៨នាក់ ស្លាប់ ក្នុងនោះ ២ភាគ៣ ជាជនជាតិហូឡង់ ៕