តេហេរ៉ង់, (ស៊ិនហួ)៖ សមាជិកសភាមួយរូបរបស់អ៊ីរ៉ង់ បាននិយាយកាលពីថ្ងៃអាទិត្យ ទី០២ ខែធ្នូ កន្លងទៅនេះដែលបាន ចេញផ្សាយតាមកញ្ចក់ ទូរទស្សន៍របស់ អ៊ីរ៉ង់ថា កិច្ចពិភាក្សាដែល ស្នើសុំកាលពីពេលថ្មីៗនេះ ដោយអាមេរិកជាមួយ នឹង ប្រទេសអ៊ីរ៉ង់ ភ្លាមៗបន្ទាប់ពីការ សម្រេច ដាក់ទណ្ឌកម្មថ្មីបន្ថែម ទៀតទៅលើ សាធា រណរដ្ឋ ឥស្លាមមួយនេះ គឺជាការបោក បញ្ឆោតផ្នែកនយោបាយមួយ។
សមាជិកសភារបស់អ៊ីរ៉ង់ លោក សេយយ៉េដ ហ្សារីហ្វ ហូស្សេអ៊ីនី បាននិយាយថា “យ៉ាងណា ក៏ដោយ ពួកបានបោះជំហានទៅមុខមួយជំហាន និង បានប្រកាសថា បានត្រៀមខ្លួនរួចរាល់ សម្រាប់កិច្ចពិភាក្សា ស្របពេលដែលដៃគេមួយទៀតបានដាក់ទណ្ឌកម្មមកលើយើង។”
គួរបញ្ជាក់កាលពីថ្ងៃសុក្រ សប្តាហ៍មុននេះ លោកស្រីរដ្ឋមន្ត្រីការបរទេសអាមេរិក ហ៊ីលឡារី គ្លីនតុន បាននិយាយថា សហរដ្ឋអាមេរិកបានត្រៀមខ្លួនរួចរាល់ហើយ សម្រាប់កិច្ចពិភាក្សា ទ្វេភាគី ជាមួយនឹងប្រទេសអ៊ីរ៉ង់ ជុំវិញកម្មវិធីនុយក្លេអ៊ែរ នោះ។
លោកស្រី គ្លីនតុន បានលើកឡើងទៀតថា សហរដ្ឋអាមេរិក បានកំពុងបំពេញការងារជាមួយ នឹងបណ្តាប្រទេសសមាជិក អចិន្ត្រៃយ៍នៃក្រុម ប្រឹក្សាសន្តិសុខអង្គការ សហប្រជាជាតិដែល មាន ចំនួន៥ប្រទេស ដោយបូកថែមប្រទេសអាល្លឺម៉ង់មួយទៀត ដើម្បីដោះស្រាយបញ្ហានុយក្លេអ៊ែរ របស់ប្រទេសអ៊ីរ៉ង់ ព្រមទាំងកិច្ចពិភាក្សា ទ្វេភាគីបន្ថែមទៀតផងដែរ។
ស្របពេលនៃថ្ងៃដដែលនោះដែរ អាមេរិក ក៏បានសម្រេចដាក់ទណ្ឌកម្មបន្ថែមទៀត ទៅលើ ផ្នែកថាមពល, កំពុងផែ, ការដឹកជញ្ជូនតាមនាវា និង ផលិតកម្មនាវា របស់អ៊ីរ៉ង់។ បន្ទាប់ពី បានឃើញនូវទង្វើរបស់អាមេរិក បែបនេះ អ៊ីរ៉ង់បានលើកឡើងថាអាមេរិកកំពុងតែប្រើប្រាស់នូវ នយោបាយ Double Standard ដែលជាការ បោកបញ្ឆោតមួយយ៉ាងពិតប្រាកដ។