ភ្នំពេញ៖ ជនសង្ស័យម្នាក់ ត្រូវកម្លាំងនគរបាល ប៉ុស្តិ៍ច្បារអំពៅ២ ធ្វើការឃាត់ខ្លួន នៅម្តុំចំណតរថយន្ត ច្បារអំពៅ ខណៈបក្ខពួកពីរនាក់ទៀត បានរត់គេចខ្លួន នៅព្រឹកថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០១៤ នេះ។
សាក្សីនៅកន្លែងកើតហេតុ បានឲ្យដឹងថា ជនសង្ស័យដែលត្រូវឃាត់ខ្លួននោះ ឈ្មោះ ធី ម៉ៅ ឯបក្ខពួកពីរនាក់ទៀត ត្រូវបានគេចខ្លួនបាត់។ សាក្សីបានឲ្យដឹងទៀតថា ការឃាត់ខ្លួននេះ ធ្វើតាមពាក្យបណ្តឹងរបស់នារីរងគ្រោះ ឈ្មោះ រស់ ស៊ីនួន អាយុ២៨ ឆ្នាំ មុខរបរអ្នកលក់ខោអាវ ស្នាក់នៅផ្ទះលេខស១១ ផ្លូវលេខ៣៦៩ ភូមិដើមច័ន្ទ សង្កាត់ ច្បារអំពៅ២ ខណ្ឌច្បារអំពៅ។
មន្រ្តីនគរបាលមូលដ្ឋានបានឲ្យដឹងថា យោងតាមពាក្យបណ្តឹង ស្រ្តីរងគ្រោះបានឲ្យដឹងថា នៅយប់ម៉ោង១១និង ៣០នាទី ថ្ងៃទី៨ ខែកញ្ញា នារីរងគ្រោះ បានជិះកង់មកទិញរបស់ញុំា នៅម្តុំផ្សារច្បារអំពៅ ពេលកំពុងជិះកង់ មាន មនុស្ស៣នាក់ ម្នាក់មកឈរពាំងពីមុខកង់ ហើយម្នាក់ទៀតស្រែកឲ្យឈប់ រួចបានធាក់កង់នារីរងគ្រោះផ្តួល ហើយ បានលូកហោប៉ៅ នារីរងគ្រោះយកបានទូរស័ព្ទដៃ មួយគ្រឿងម៉ាក Samsung Galaxy ភ្លាមនោះនាំគ្នាគេចខ្លួន បាត់អស់។
មន្រ្តីនគរបាលបានបញ្ជាក់ទៀតថា ជនសង្ស័យដែលត្រូវឃាត់ខ្លួន អាចនិងត្រូវចោទប្រកាន់ពីបទ លួចមានស្ថាន ទម្ងន់ទោស គំរាមប្លន់យកទូរស័ព្ទដៃ កាលពីថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០១៤ ហើយជនសង្ស័យនេះនិងត្រូវបញ្ជូន បន្ត ទៅកាន់អធិការដ្ឋាន នគរបាលខណ្ឌច្បារអំពៅ ដើម្បីចាត់ការតាមនីតិវិធីច្បាប់ ៕