ភ្នំពេញ៖ RHB Banking Group ជាក្រុមហ៊ុន ផ្តល់សេវាកម្មហិរញ្ញវត្ថុ ធំជាងគេលំដាប់ទី៥ នៅប្រទេសម៉ាឡេស៊ី បានរៀបចំកម្មវិធីហ្វឹកហាត់បាល់ទាត់ RHB Little Kicks Big Difference សម្រាប់កុមារ១០០នាក់ នៅកម្ពុជាដែលមកពីអង្គការ Indochina Starfish Foundation នៅក្លឹបកីឡា KB។
កម្មវិធីនេះបានធ្វើឡើង នៅថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០១៤ ដែលជាសកម្មភាពមួយ ក្នុងការចូលរួមចំណែកអភិវឌ្ឍសង្គម របស់ក្រុមហ៊ុន ដើម្បីជំរុញដល់កុមារ ដែលមានទេព្យកោសល្យ ក្នុងវិស័យបាល់ទាត់ ក្រៅពីការសិក្សានៅសាលា។
លោក Lim Loong Seng ប្រធាននិងនាយក គ្រប់គ្រងទូទៅប្រចាំប្រទេស នៃធនាគារ RHB ឥណ្ឌូឆាយណា លីមីតធីត បានមានប្រសាសន៍ថា «ទោះបីជាយើងផ្តោត សំខាន់ លើការធ្វើ ពាណិជ្ជកម្មនៅក្នុងប្រទេសកម្ពុជាក៏ដោយ យើងក៏យកចិត្តទុកដាក់ចូលរួម នៅក្នុងការអភិវឌ្ឍន៍សហគមន៍ផងដែរ។យើងចង់ឲ្យកុមារដែលមកពីអង្គការមួយនេះ ទទួលការសប្បាយរីករាយ ពេញមួយថ្ងៃជាមួយកីឡាករ និងជម្រុញឲ្យពួកគេចូល ចិត្តលេងកីឡាបន្ថែមទៀត»។
កម្មវិធីហ្វឹកហាត់នេះ ដឹកនាំដោយគ្រូបង្វឹកមកពីលីកបាល់ទាត់កម្ពុជា គឺក្លឹបណាហ្គាខប ដែលបានចូលរួម ក្នុងការប្រកួតបាល់ទាត់ RHB Singapore Cup។
លោក Kok Wai Leong នាយកគ្រប់គ្រងលីក បាល់ទាត់សិង្ហបុរីបានឲ្យដឹងថា « លីកបាល់ទាត់សិង្ហបុរី និងសមាគមបាល់ទាត់សិង្ហបុរី សូមថ្លែងអំណរគុណនិង ដឹងគុណដល់ក្លឹប បាល់ទាត់ណាហ្គាខបនិងសហព័ន្ធកីឡាបាល់ទាត់កម្ពុជា ចំពោះការគាំទ្រកន្លងមកដល់ធនាគារ RHB ដើម្បីរៀបចំកម្មវិធីនេះឡើង»។
ប្រធានគ្រប់គ្រង ប្រចាំប្រទេសនៃអង្គការ Indochaina Starfish Foundation កញ្ញា ជួប វិច្ឆិកា បានឲ្យដឹងដែរថា «យើងសូមថ្លែងអំណរគុណ ដល់ធនាគារ RHB ចំពោះការខិតប្រឹងប្រែង ផ្តល់ឲ្យកុមារទាំងអស់ នូវភាពសប្បាយរីករាយនិងការហ្វឹកហាត់នេះ»៕