ភ្នំពេញ៖ នៅម៉ោងប្រមាន៥ ទៀបភ្លឺ ថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០១៤ នេះ មានការ ភ្ញាក់ផ្អើលមួយ ខណៈ ដែលកម្មករសំណង់ ដែលធ្វើការជួលជុល ក្នុងហាង ស៊ុបយីហោ តារារស្មី២ ឋិតនៅផ្ទះលេខ៦៩ ផ្លូវមុនីវង្ស កែវផ្លូវលេខ២៩៤ ក្នុងសង្កាត់បឹងកេងកងទី១ ខណ្ឌចំការមន ប្រទះឃើញអ្នក រួមការងារ ជាមួយគ្នាដេក ស្លាប់នៅខាងក្នុងហាងដោយមិនដឹងមូលហេតុ។
យោងតាមសម្តី លោក ងិន តូ ជាកម្មករសំណង់រួមការងារជាមួយជនរងគ្រោះ បានឲ្យដឹងថា នៅយប់ថ្ងៃ ទី៩ ខែកញ្ញា ឆ្នាំ២០១៤ ជនរងគ្រោះមិន បានហូបបាយ មិននិយាយ អ្វីច្រើនជាមួយកម្មករផ្សេងទៀត និងក៏មិនមានទំនាស់ជាមួយអ្នកណាដែរ ហើយក៏បានចូលដេករៀងៗខ្លួន លុះដល់ រហូតដល់ម៉ោង៥ទៀបភ្លឺ ថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០១៤ គាត់មិនឃើញជនរងគ្រោះក្រោកពីដេក ពេលទៅមើល និងដាស់ស្រាប់តែ ឃើញជនរងគ្រោះ មិនដឹងដេកស្លាប់ តាំងពីពេលណាមកទេ ក៏បង្កការភ្ញាក់ផ្អើលតែម្តង ។
លោក ងិន តូ បានបញ្ជាក់ផងដែរថា ជនរងគ្រោះឈ្មោះ អេង ភារុណ ភេទប្រុស អាយុ២០ឆ្នាំ មានស្រុក កំណើតភូមិពពែ ឃុំក្របៅ ស្រុកកំចាយមារ ខេត្តព្រៃវែង បានមកធ្វើការ ជាកម្មករសំណង់នៅកន្លែង កើតហេតុ បានរយៈពេលជិត១ខែមកហើយ ។
សាក្សីនៅកន្លែងកើតហេតុក៏បានឲ្យដឹងដែរថា ក្រោយពីការធ្វើកោសល្យវិច័យរួចរាល់ សមត្ថកិច្ចសន្និដ្ឋាន ថា ជនរងគ្រោះស្លាប់ដោយសារខ្យល់គ ។ ពាក់ព័ន្ធនឹងករណីនេះ គេមិនទាន់ដឹងថាខាងម្ចាស់ហាងស៊ុប តារាស្មី២ បានជួយឧត្តម្ភដល់ក្រុមគ្រួសារជនគ្រោះបែបណានៅឡើយទេ៕