Quantcast
Channel: ព័ត៌មានថ្មីបំផុត
Viewing all articles
Browse latest Browse all 8042

សាលារៀន អន្តរទ្វីប អាមេរិកំាង ប្រារព្ធពិធីប្រគល់ វិញ្ញាបនបត្រលើកទី៣

$
0
0

ភ្នំពេញ៖ កាលពីពេលថ្មីៗ កន្លងទៅនេះ សាលារៀន អន្តរទ្វីប អាមេរិកាំង បានប្រារព្ធពិធី ប្រគល់វិញ្ញាបនបត្រ ដល់សិស្សានុសិស្ស ថ្នាក់ទី៦ ថ្នាក់ទី៩ និងថ្នាក់ទី១២ ឆ្នាំសិក្សា២០១១-២០១២ ចំនួន៥៩០នាក់ ក្រោម អធិបតីភាព របស់លោក គួច ម៉េងលី ស្ថាបនិក និងនាយក នៃសាលារៀន អន្តរទ្វីប អាមេរិកាំង នៅវិទ្យាស្ថាន ជាតិអប់រំ ដោយមានការអញ្ជើញ ចូលរួមពីសំណាក់ សិស្សានុសិស្ស មាតាបិតា អ្នកអាណាព្យាបាល បុគ្គលិក លោកគ្រូ អ្នកគ្រូ និងភ្ញៀវកិត្តិយស យ៉ាងច្រើនកុះករ និងពេលរាត្រីមានពិធី លៀងសាយភោជនៅ សណ្ឋាគារ ណាហ្គាវើល សម្រាប់សិស្សានុសិស្ស ដែលបានបញ្ចប់ ថ្នាក់ទី១២ ផងដែរ។

មានមតិសំណេះសំណាលក្នុងពិធីប្រគល់វិញ្ញាបនបត្រនាពេលនោះ លោក គួច ម៉េងលី បានមានប្រសាសន៍ ឲ្យដឹងថា សាលារៀន អន្តរទ្វីប អាមេរិកាំង ខិតខំយកចិត្តទុកដាក់ ធ្វើយ៉ាងណា ឲ្យប្រាកដថា សិស្សានុសិស្ស ទទួលបាននូវចំណេះដឹង ចំណេះធ្វើ បទពិសោធន៍ អត្តចរិតល្អ ជាពិសេសគឺមានសេចក្តីក្លាហាន និងការជឿជាក់ លើខ្លួនឯង ដ៏គួរឲ្យកោតសរសើរ។ លោកបន្តឲ្យដឹងថា បច្ចុប្បន្នសិស្សានុសិស្ស ដែលបញ្ចប់ការសិក្សា ថ្នាក់ មធ្យមសិក្សា ទុតិយភូមិ បាននិងកំពុងបន្តការសិក្សានៅតាមគ្រឹះស្ថានឧត្តមសិក្សារដ្ឋ និងឯកជន ទាំងក្នុង ប្រទេស និងក្រៅប្រទេស។ ភាពជោគជ័យរបស់សិស្សម្នាក់ៗពុំអាចធ្វើទៅបានឡើយ ប្រសិនបើគ្មានការយក ចិត្តទុកដាក់ ឧបត្ថម្ភគាំទ្រ ទាំងកម្លាំងកាយ កម្លាំងចិត្ត សម្ភារ និងថវិកាពីសំណាក់ មាតាបិតា និងអ្នកអាណា ព្យាបាល ព្រមទាំងការខិតខំយកចិត្តទុកដាក់បង្ហាត់បង្រៀន ពីសំណាក់លោកគ្រូ អ្នកគ្រូ ដែលជាអ្នកអាណា ព្យាបាលទី២ ហើយសំខាន់ជាងនេះទៅ ទៀតនោះ គឺសិស្សានុសិស្សខ្លួនឯង ដែលស្គាល់ពីគុណតម្លៃ នៃការ សិក្សាអប់រំ។

ឆ្លៀតក្នុងឱកាសនោះ លោកក៏បានផ្តល់អនុសាសន៍ដល់ប្អូនៗសិស្សានុសិស្សទាំងអស់ថា ដើម្បីឲ្យក្លាយ ខ្លួនជា បញ្ញវន្ត ដែលមាន ចំណេះ និងជំនាញពិតៗសម្រាប់ប្រទេសជាតិ ប្អូនៗគ្រប់រូបគប្បីសិក្សា ឲ្យបាន ខ្ពង់ខ្ពស់ តាមដែល អាចធ្វើទៅ បាន ជាពិសេសត្រូវចេះ នូវភាសាប្រាំគឺ ភាសាដើមកំណើត ភាសាអង់គ្លេស ភាសា បច្ចេកវិទ្យា ភាសាការទូត និងភាសាជម្រើសសម្រាប់អាជីវកម្ម ឬ ការងាររបស់ខ្លួន។ លោកបាន បន្ថែមទៀតថា សិស្សានុសិស្ស ទាំងអស់ ត្រូវយកចិត្តទុកដាក់ប្រឹងប្រែង រៀនសូត្រក្រេបយក នូវចំណេះដឹងទូទៅ និងដកស្រង់ បទពិសោធន៍ល្អៗពីគ្រប់មជ្ឈដ្ឋាន ព្យាយាមសិក្សា ស្រាវជ្រាវរកឯកសារផ្សេងៗមកអាន និងចូលរួម សកម្មភាព អប់រំ សិក្ខាសាលា និងសកម្មភាពសង្គមឲ្យបានច្រើន ត្រូវមានភាពក្លាហាន ហ៊ានជំនះរាល់ឧបសគ្គ និងត្រូវមាន ម្ចាស់ការខ្ពស់ចំពោះ កាតព្វកិច្ចរបស់ខ្លួន។

ជាពិសេសសិស្សានុសិស្ស ដែលកំពុងសិក្សានៅថ្នាក់ឧត្តមសិក្សាត្រូវយកចិត្តទុកដាក់ សិក្សាស្រាវជ្រាវ និងធ្វើ ការងារ យកបទពិសោធន៍ ដើម្បីពេលបញ្ចប់ការ សិក្សាងាយស្រួល រកការងារធ្វើជាជាង ការរៀនច្រើន មុខជំនាញ ច្រើនបរិញ្ញាបត្រ ហើយមិនមានជំនាញណាមួយ ច្បាស់លាស់ ដែលនាំឲ្យពិបាករកការងារធ្វើ និងខូចសេដ្ឋកិច្ច ប្រទេសទៀតផង។ លោកក៏បានសម្តែង នូវក្តីសង្ឃឹមថា សិស្សានុសិស្សដែលបាន បញ្ចប់ការសិក្សានៅ សាលា រៀន អន្តរទ្វីប អាមេរិកាំង នឹងយកចំណេះដឹង របស់ខ្លួនទៅប្រើប្រាស់ ក្នុងផ្លូវត្រូវ ដើម្បីដឹកនាំ ខ្លួនឯងឲ្យថ្លៃថ្លា ដឹកនាំគ្រួសារឲ្យ ត្រជាក់ត្រជំ ដឹកនាំសង្គមឲ្យថ្លៃថ្នូរ ដឹកនាំនគរឲ្យអភិវឌ្ឍ។

នៅរាត្រីថ្ងៃដដែលនោះ លោកស្រី ឡា សុភៈ អនុប្រធាននាយកអប់រំ ទទួលបន្ទុកកិច្ចការអប់រំ និងជានាយក មធ្យមសិក្សា ទុតិយភូមិបានឲ្យអ្នកយកព័ត៌មាន ដឹងថា សាលារៀនមានការរៀបចំ ពិធីលៀងសាយភោជន ជូន ដល់សិស្សានុសិស្ស នៅសណ្ឋាគារ ណាហ្គាវើល ដែលមានការចូលរួម ពីសំណាក់ថ្នាក់ដឹកនាំ សាលា លោកគ្រូ អ្នកគ្រូ អតីតសិស្ស និងសិស្សានុសិស្ស ជ័យលាភីជាច្រើនរយនាក់។ កម្មវិធីនេះ ត្រូវបានរៀបចំឡើង ដោយមាន ការបរិភោគអាហារ ពេលរាត្រីជួបជុំគ្នា ការសម្តែងសមត្ថភាព ការរាំលេងកម្សាន្ត ការស្តាប់តន្រ្តី និងមានឈុតឆាក ប្លែកៗ សប្បាយៗជាលក្ខណៈមិត្តភាព។

នារាត្រីនោះ លោក គួច ម៉េងលី ក៏បានលើកឡើងពីប្រវត្តិពិធីលៀងសាយភោជន (Prom Night) ដែលមានប្រភព ដើមពីវប្បធម៌ សហរដ្ឋអាមេរិក ក្នុងចន្លោះទសវត្សរ៍ឆ្នាំ១៩២០-១៩៣០ ហើយការរៀបចំកម្ម វិធីនាពេលនេះ ក្នុងគោល បំណងរំឭក អនុស្សាវរីយ៍ ដែលសិស្សានុសិស្សបានសិក្សា ជាមួយគ្នាកន្លងមកផ្សារភ្ជាប់ ទំនាក់ទំនង មិត្តភាពសិស្សគ្រប់ ជំនាន់លើកទឹកចិត្ត និងអបអរសាទរដល់ សិស្សដែលបានបញ្ចប់ ការសិក្សាថ្នាក់មធ្យម សិក្សាទុតិយភូមិ ដោយភាពជោគជ័យ និងជាពេលវេលាដែលត្រូវឈានទៅថ្នាក់ឧត្តមសិក្សា ហើយក៏ជាចំណង ដៃអនុស្សាវរីយ៍ប្រកប ដោយអារម្មណ៍រីករាយ សម្រាប់ពួកគេ ដែលបានបញ្ចប់ថ្នាក់ មធ្យមសិក្សាចំណេះទូទៅ នៅសាលារៀន អន្តរទ្វីប អាមេរិកាំង៕

Photo by DAP-News

Photo by DAP-News


Viewing all articles
Browse latest Browse all 8042

Trending Articles



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>