ភ្នំពេញ ៖ បុរសម្នាក់ដោយសារ តែមានកំហឹង រឿងប្រពន្ធមិនឱ្យរួមរក្ស ក៏ផ្ទុះហិង្សា បង្កជម្លោះ ដេញប្រពន្ធ-កូន ចេញពីផ្ទះហើយ នៅតែមិនអស់កំហឹង ក៏លួចទៅដុតម៉ូតូ របស់ប្រពន្ធ និងម៉ូតូរបស់អ្នកជិតខាងដែល អនុញ្ញាត ឱ្យផ្ទះប្រពន្ធស្នាក់នៅ បណ្ដាលឱ្យ ឆេះខូចខាតអស់មួយចំនួនធំ ហើយក្រោយ មកបុរសខាងលើ ត្រូវសមត្ថកិច្ច ធ្វើការឃាត់ខ្លួនភ្លាមៗជាក់ស្ដែងផងដែរ ។
ហេតុការណ៍ហិង្សាកើតឡើងនៅក្នុង គ្រួសារខាងលើនេះ បានកើតឡើងកាលពី វេលាម៉ោង ១យប់រំលងអាធ្រាត្រ ឈាន ចូលថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០១៤ កន្លងទៅ នេះ ស្ថិតនៅក្នុងភូមិពុកឫស្សីលើ ឃុំពុក ឫស្សី ស្រុកខ្សាច់កណ្ដាល ខេត្ដកណ្ដាល ។ ជនសង្ស័យពីបទ ដុតបំផ្លាញម៉ូតូរបស់ប្រពន្ធ និងម៉ូតូរបស់អ្នកដទៃ ហើយត្រូវសមត្ថកិច្ច ធ្វើការឃាត់ ខ្លួនខាងលើនេះ ត្រូវបានគេ ស្គាល់ឈ្មោះ គុំ កៅ អាយុ ៤០ឆ្នាំ មានមុខ របរជាកសិកររស់នៅក្នុង ស្រុកភូមិកើតហេតុខាងលើ ។ ចំណែកស្ដ្រីជាភរិយាត្រូវបានគេ ស្គាល់ឈ្មោះ មាន តារា អាយុ ៣៦ឆ្នាំ មាន មុខរបរជាកម្មករ សំណង់ ស្នាក់នៅជាមួយប្ដី និងមានស្រុក កំណើតនៅខេត្ដកំពង់ស្ពឺ ។
ប្រភពព័ត៌មានពីកន្លែងកើតហេតុបានឱ្យដឹងថា គ្រួសារខាងលើនេះក្រោយពីរៀប អាពាហ៍ពិពាហ៍កាលណាមក គឺប្រសូត្របាន កូនចំនួន ២នាក់ជាចំណងដៃ ដោយស្រីម្នាក់ ប្រុសម្នាក់ ។ លុះនៅក្នុងឆ្នាំ២០១១ ដោយ សារជីវភាពក្រីក្រ មានមុខរបរជាអ្នកធ្វើ ស្រែចំការ និងធ្វើជាកម្មករសំណង់នោះ ប្ដី ប្រពន្ធទាំងពីរនាក់ ក៏កើតមានជម្លោះរហូត ដល់ធ្វើការ លែងលះគ្នា ហើយប្រពន្ធក៏បាន នាំកូន ទៅរស់នៅឯស្រុកកំណើតឯខេត្ដ កំពង់ស្ពឺបាត់ទៅ ។ លុះនៅអំឡុងខែមិថុនា ឆ្នាំ២០១៤ ស្រាប់តែលេចមុខស្ដ្រីជាប្រពន្ធ មករួមរស់ជាមួយប្ដីវិញ ដោយយកម៉ូតូ ផ្ទាល់ខ្លួន១គ្រឿង ម៉ាកហុងដាសេ ១២៥ ស៊េរីឆ្នាំ ២០០៤ ពណ៌ក្រហម ពាក់ស្លាក លេខ ភ្នំពេញ 1A-8549 មកជិះផងដែរ។ លុះការរួមរស់នៅជាមួយគ្នា មិនទាន់បាន ប៉ុន្មានផង ស្រាប់តែនៅថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ២០១៤ ថ្មីៗនេះ បុរសជាប្ដីបានបណ្ដេញ ប្រពន្ធចេញ ពីផ្ទះដោយគេអះអាងថា ផ្ដើមចេញពីរឿងប្រពន្ធមិនឱ្យរួមរក្ស ។ ក្រោយប្ដី បណ្ដេញចេញពីផ្ទះ ស្ដ្រីជាប្រពន្ធក៏នាំកូនជិះ ម៉ូតូទៅស្នាក់នៅជាមួយផ្ទះអ្នកជិតខាង ម្នាក់ ឈ្មោះ សុត សូត្រ ដែលមានទីលំនៅ នៅក្បែរគ្នាបានរយៈពេល ៣ថ្ងៃស្រាប់ តែ នៅវេលាម៉ោង១យប់ ថ្ងៃទី១១ ខែកញ្ញា ខណៈ ដែលម្ចាស់ផ្ទះ និងស្ដ្រីជាប្រពន្ធកំពុងតែដេក នៅលើផ្ទះ ហើយទុក ម៉ូតូចោលនៅក្រោមផ្ទះនោះ ស្រាប់តែលេចមុខបុរសជាប្ដីលួច ចូលមកក្រោមផ្ទះ រួចហើយដកទុយោសាំង ម៉ូតូរបស់ ប្រពន្ធ ហើយគូសដែកកេះដុតធ្វើ ឱ្យឆាបឆេះម៉ូតូសន្ធោរសន្ធៅឡើងភ្ញាក់ផ្អើល ដល់អ្នកដេកនៅខាងលើផ្ទះនាំគ្នា ចុះមក ពន្លត់ និងចាប់បុរសជនបង្កប្រគល់ឱ្យសមត្ថ កិច្ចភ្លាមៗតែម្ដងទៅ ។
សូមបញ្ជាក់ថា ក្រៅពីឆេះម៉ូតូរបស់ស្ដ្រី ជាប្រពន្ធនោះ ម៉ូតូរបស់ម្ចាស់ផ្ទះ១គ្រឿងទៀត ម៉ាកហុងដា គុបជ្រុង សេ៩០ ពណ៌ទឹកសមុទ្រ ពាក់ស្លាកលេខ ភព១ច-៣៤៥៧ ឆេះស្ទើរទាំងស្រុងផងដែរ៕