ភ្នំពេញ៖ សហជីព៤ ដែលធ្វើការលើវិស័យកាត់ដេរ និងស្បែកជើង នៅរសៀលថ្ងៃសៅរ៍ ទី១៣ ខែកញ្ញា ឆ្នាំ២០១៤ បានចេញ សេចក្ដីថ្លែងការណ៍ បញ្ជាក់អំពីជំហរទាមទារប្រាក់ឈ្នួល សម្រាប់កម្មករ និយោជិត ដែលថា បើ មិនបានតាមតួលេខ ដែលបាន លើកឡើងកន្លងទៅ ថាកម្មករម្នាក់ៗអាចរស់បាន ទាល់តែប្រាក់ឈ្នួល ១៧៧ ដុល្លារនោះ ក៏បានក្នុងកម្រិតមួយដែលសមរម្យ អាចទទួលយកបានដែរ ។ ក្នុងនោះក៏បានអំពាវនាវ សូមឱ្យ និយោជិត ក៏ដូចជាតុលាការទម្លាក់ចោល នូវរាល់បទចោទប្រកាន់ នានា មកលើមេដឹកនាំសហជីព ក៏ដូចជា សកម្មជនសហជីពនៅតាមបណ្ដារោងចក្រនានា ។
សូមបញ្ជាក់ថា សហជីពទាំង៤ រួមមាន ៖ ១-សម្ព័ន្ធសហជីពចលនាកម្មកររបស់លោក ប៉ាវ ស៊ីណា , ២-សម្ព័ន្ធសហជីពមិត្ដភាព កម្មកររបស់លោក សៀង សម្បត្ដិ, ៣-សម្ព័ន្ធសហជីពជាតិរបស់លោក ហ្វា សាលី, ៤-សហព័ន្ធសហជីពយុវជនឯករាជ្យ របស់ លោក លីវ សារីន ។
នៅក្នុងសេចក្ដីថ្លែងការណ៍នោះ បានលើកឡើងចំនួន ៣ចំណុច ដែលខ្លឹមសារថា “១-នៅតែបន្ដយុទ្ធនាការ ឱ្យនិយោជក រាជរដ្ឋាភិបាល និងអ្នកបញ្ជាទិញ ដំឡើងប្រាក់ឈ្នួល ១៧៧ដុល្លារ ដល់កម្មករ និយោជិត ឬ ប្រាក់ឈ្នួលសមរម្យ ដែលអាច ទទួលយកបាន។ ២-សូមឱ្យនិយោជក និងតុលាការ ដកពាក្យបណ្ដឹង និង លើកលែងចោទប្រកាន់ទាំងអស់ មកលើមេ ដឹកនាំសហជីព និងសកម្មជនសហជីព នៅតាមបណ្ដារោងចក្រ។ ៣-ស្នើសុំឱ្យក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ អនុវត្ដការការចុះបញ្ជិកាដូចមុន”។
នៅក្នុងសេចក្ដីថ្លែងការណ៍ ក៏សំណូមពរឱ្យភាគីពាក់ព័ន្ធទាំងអស់ នៅក្នុងវិស័យកាត់ដេរនិង ស្បែកជើង ធ្វើការដោះស្រាយ បញ្ហាទាំងអស់នេះដោយសន្ដិវិធី ដើម្បីភាគីទាំងអស់ទទួលបានអត្ថ ប្រយោជន៍។
សេចក្ដីថ្លែងការណ៍បញ្ជាក់ថា “យើងខ្ញុំទាំងអស់គ្នា សង្ឃឹមយ៉ាងមុតមាំថា គ្រប់ភាគីពាក់ព័ន្ធទាំងអស់នឹង ដោះស្រាយបញ្ហា ទាំងនេះ ដើម្បីបញ្ជៀសបញ្ហាដែលអាចកើតមានឡើង ធ្វើឱ្យប៉ះពាល់ដល់វិស័យកាត់ដេរ និងស្បែកជើងនៅកម្ពុជា ”។
សូមបញ្ជាក់ថា តាមការគ្រោងទុក មេដឹកនាំសហជីពមួយចំនួន គ្រោងនឹងរៀបចំយុទ្ធនាការទាមទារប្រាក់ ឈ្នួល នៅថ្ងៃទី១៧ ខែកញ្ញា ខាងមុខនេះ ក្នុងកម្រិត ១៧៧ ដុល្លារ សម្រាប់កម្មករ ប៉ុន្ដែទោះជាយ៉ាងណា ក៏ដោយ ពួកគេបានយល់ថា នេះមិនមែន ជាតួលេខ ដែលត្រូវចាប់បង្ខំឱ្យភាគីនិយោជក ឬរាជរដ្ឋាភិបាលត្រូវ តែអនុវត្ដនោះទេ ផ្ទុយទៅវិញ ភាគីទាំងអស់អាចនឹង ពិភាក្សាគ្នាលើបញ្ហានេះត្រង់ទៅត្រង់មក នៅក្នុងខែ តុលាខាងមុខ។
ក្រុមអ្នកវិភាគបាននិយាយថា យុទ្ធនាការទាមទារប្រាក់ឈ្នួលនៅពេលនេះ ទំនងជានឹងមិនមានបញ្ហាអ្វីកើត ឡើងធ្ងន់ធ្ងរដូច កាលពីឆ្នាំ២០១៣កន្លងទៅទេ ព្រោះភាគីទាំងអស់សុទ្ធតែបានយល់ច្បាស់នូវបញ្ហាដ៏មាន សារសំខាន់នៅក្នុងវិស័យកាត់ដេរ និងស្បែកជើងនេះ ។
អ្នកវិភាគបានរំពឹងទៀតថា នៅក្នុងកិច្ចប្រជុំជាមួយ ភាគីពាក់ព័ន្ធនៅខែតុលាខាងមុខនេះ ពួកគេនឹងអាចរកបាននូវលេខល្អ ណាមួយ ដែលមានលក្ខណៈសមរម្យ សម្រាប់កម្មករ អាចទទួលយកបាន និងកាត់បន្ថយជាអតិបរិមា នូវគម្លាតនៃការមិនចុះ សម្រុងគ្នា ៕