តេហេរ៉ង់៖ ក្រោយពីបានសម្លឹងមើលឃើញ នូវការប្រឹងប្រែងវាយប្រហារ តាមផ្លូវអាកាស របស់សហរដ្ឋអាម៉េរិក នៅតាមព្រំដែនរបស់ ប្រទេសអ៊ីរ៉ាក់ និងស៊ីរី នោះ មេដឹកនំាអ៊ីរ៉ង់ បានបញ្ចេញទស្សនៈ ដោយប្រយោលថា ការ បោសសម្អាតក្រុមឧទ្ទាមរដ្ឋ ឥស្លាមដោយរបៀបនេះ គឺមិនទាន់គ្រាន់នៅឡើយទេ ព្រោះបញ្ហានេះត្រូវតែ មានការ ចូលរួមជួយពីសំណាក់បណ្តា ប្រទេសក្នុងតំបន់ក្បែរខាង។
ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចេញផ្សាយនៅថ្ងៃសៅរ៍ ទី១៣ ខែកញ្ញា នេះដោយលើក ឡើងពីសម្តីរបស់ លោកប្រធានាធិបតីអ៊ីរ៉ង់ ហាស្សាន រួហានី ថា “ការតាមកម្ចាត់ក្រុមភេរវករ តាមរយៈការវាយប្រហារផ្លូវអាកាស នោះ គឺជារឿងឆោតមួយ ដែលមិនមានប្រសិទ្ធភាពឡើយ។ ការប្រយុទ្ធនឹងពួកភេរវកម្ម ត្រូវការការរៀបចំផែនការ និងកិច្ចសហប្រតិបត្តិទ្វេ ឬ ពហុភាគី ព្រមទាំងហ៊ានសម្រេចលើការ ចំណាយធនធានទៅលើប្រតិបត្តិការនោះ។”
មេដឹកនាំអ៊ីរ៉ង់ខាងលើបន្តទៀតថា ប្រសិនបើគ្មានការចូលរួម ពីបណ្តាប្រទេសក្នុងតំបន់ នោះ ការបោសសម្អាត ក្រុមភេរវកម្ម មិនអាចបន្តទៅបានដោយរលូនឡើយ។ លោកប្រធានាធិបតី អ៊ីរ៉ង់ ក៏បានអំពាវនាវឲ្យបណ្តាប្រទេស ក្នុងតំបន់ទាំងអស់រួមគ្នា ដើម្បីប្រយុទ្ធប្រឆាំងនឹង ក្រុមភេរវកម្ម ដែលកំពុងពង្រីកខ្លួនឥតឈប់ នៅតំបន់មជ្ឈិមបូព៌ា ហើយនិងអាចរីករាលដាល ទៅតំបន់អាហ្វ្រិកខាងជើងថែមទៀត ៕