ភ្នំពេញ៖ ប្រធានគណៈកម្មាធិការអចិន្ត្រៃយ៍ និងជាប្រធានគណៈកម្មាធិការច្បាប់ នៃសភាប្រជាជនចិន លោក ហ៊ូ កាងសេង បានសម្តែងនូវអរគុណនិងដឹងគុណ ចំពោះរាជរដ្ឋាភិបាលកម្ពុជា និងប្រជាជនកម្ពុជា ដែលបាន គាំទ្រ នូវគោលនយោបាយចិនតែមួយ ហើយលោកចាត់ទុកថាទំនាក់ទំនងរវាងចិន និងកម្ពុជា គឺជាអ្នកជិតខាងល្អ ជាមិត្តដ៏ល្អ និងជាដៃគូដ៏ស្មោះត្រង់របស់ចិន។
នាយកខុទ្ទកាល័យប្រធានរដ្ឋសភាកម្ពុជា លោក គាំម កុសល បានមានប្រសាសន៍ ប្រាប់ទៅក្រុមអ្នកសារព័ត៌មាន នៅក្រោយជំនួបរវាងសម្តេចប្រធានរដ្ឋសភា ហេង សំរិន និងលោក ហ៊ូ កាងសេង ថា សមាជិកគណៈកម្មាធិការ អចិន្រ្តៃយ៍ និងជាប្រធានគណៈកម្មាធិការច្បាប់នៃសភាប្រជាជនចិន បានធ្វើការវាយតម្លៃ និងអរគុណ ចំពោះរាជ រដ្ឋាភិបាលកម្ពុជា និងប្រជាជនកម្ពុជា ដែលបានប្រកាន់ខ្ជាប់នូវគោលនយោបាយចិនមួយ។
លោកបានបន្តថា «លោកក៏បានវាយតម្លៃនូវការរួមចំណែករបស់សម្តេចតេជោ ហ៊ុន សែន និងសម្តេចប្រធាន រដ្ឋសភា ដែលបានធ្វើឲ្យទំនាក់ទំនងចិនកម្ពុជាកាន់តែត្រូវ បានពួនជ្រុំឡើងពីមួយឆ្នាំទៅមួយឆ្នាំ»។
លោកបានបន្ថែមទៀតថា មិនតែប៉ុណ្ណោះលោក ហ៊ូ កាងសេង បានសម្តែងនូវមរណទុក្ខជាមួយប្រជាជនកម្ពុជា ដែលបានបាត់បង់នូវអតីតព្រះមហាក្សត្រ សម្តេចព្រះ នរោត្តម សីហនុ ។
សូមបញ្ជាក់ថាក្រោយពីជំនួបរវាងសម្តេចហេង សំរិន និងលោក ហ៊ូ កាងសេង រួចមក នឹងជួបពិភាក្សាការងារ ជាមួយគណៈកម្មការនីតិកម្ម និងយុត្តិធម៌ នៃរដ្ឋសភា លោក ប៉ែន បញ្ញា ផងដែរ៕