ភ្នំពេញៈ ក្រុមមជ្ឈមណ្ឌលសារព័ត៌មាន ដើមអម្ពិល ដែលមានឈ្មោះកាត់ថាក្រុម DAP United បានបំបាក់ក្រុមធនាគារ ABA (ABA Bank) យ៉ាងចាស់ដៃនៅក្នុង ជំនួបលើកដំបូង នៃការប្រកួតបាល់ទាត់ លក្ខណៈមិត្តភាព ដោយលទ្ធផលបច្ចេកទេស ៤-០ កាលពីល្ងាយថ្ងៃសៅរ៍ ទី០១ ខែធ្នូ ឆ្នាំ២០១២ ចុងសប្ដាហ៍មុននេះ នៅលើទីលាននៃតារាងបាល់ទាត់ មេគង្គ ។
កិច្ចស្វាគមន៍ ១៥នាទីដំបូង សម្រាប់ការប្រកួតនៅក្នុងតង់ទី១ ក្រុម DAP United បានរកគ្រាប់បាល់នាំមុខមុន ក្រុមធនាគារ ABA ចំនួន ២គ្រាប់ ដែលមួយគ្រាប់ដំបូង ធ្វើបានសម្រេចដោយ កីឡាករ សុ ជាតិ នៅដើមតង់ទី១ (នាទី ទី១) តែម្ដង ។ ចំណែកគ្រាប់ទី២ ធ្វើបានសម្រេចដោយកីឡាករ កែវ រចនា ដែលបានទាត់បាល់ បញ្ចូលទីនៅនាទី ទី១៥ ។ ក្រោយពីក្រុម DAP United បានធ្វើឲ្យក្រុម ធនាគារ ABA ស្ពឹកមុខក្នុងរយៈដល់ខ្លី បែបនេះរួចមក ក្រុមធនាគារ ABA បានធ្វើការវាយសម្រុក យ៉ាងខ្លាំងមកលើក្រុម DAP United តែមិនបានសម្រេច ធ្វើឲ្យចប់ការប្រកួតតង់ទី១ ក្រុម DAP United ទទួលបានលទ្ធផលបណ្ដោះអាសន្ន នាំមុខមុនក្រុម ធនាគារ ABA ២-០ ។
លុះចូលដល់តង់ទី២ ក្រុមធនាគារ ABA បានព្យាយាមក្នុងការ វាយសម្រុកជាបន្ដ ប៉ុន្ដែត្រូវក្រុម DAP United វាយបកទៅវិញ រហូតរកគ្រាប់បាល់ បានមួយគ្រាប់បន្ថែមទៀត ដោយប្រធានក្រុម DAP United ឈ្មោះថា លីម ជាវុត្ថា នៅនាទី ទី៥៨ ។ ចំណែកកីឡាកររបស់ក្រុមធនាគារ ABA ទទួលបានត្រឹមតែកាតលឿង ពីអាជ្ញាកណ្ដាលមួយប៉ុណ្ណោះ នៅនាទី ទី៥៥ ។ គ្រាប់បាល់ទី៣ របស់ក្រុម DAP Unitedនេះ បានធ្វើឲ្យក្រុមធនាគារ ABA កាន់តែក្ដៅស្លឹកត្រចៀកយ៉ាងខ្លាំង ជាហេតុនាំឲ្យកីឡាកររបស់ក្រុមធនាគារ ABA ភ្លេចខ្លួនថាការប្រកួតនេះ ជាការប្រកួតមិត្ដភាព និងបានបង្កអំពើរហិង្សា ជាមួយកីឡាកររបស់ក្រុម DAP United ថែមទៀតផង ។
ក្រោយពីធ្វើការសម្រុះសម្រួល ដោយអាជ្ញាកណ្ដាលរួចរាល់ហើយនោះ ក្រុមទាំង២ ក៏បានធ្វើការប្រកួតជាបន្ដ ។ ប៉ុន្ដែទោះជាយ៉ាងណា កីឡាកររបស់ក្រុមធនាគារ ABA នៅតែខិតខំប្រឹងប្រែងដដែរ ដើម្បីរកគ្រាប់បាល់ជូនក្រុមរបស់ពួកគេ តែការលេងបាល់ទាំងកំហឹង បែបនេះវាមិនមាន លទ្ធផលអ្វីនោះទេ ផ្ទុយទៅវិញ បែរជាត្រូវកីឡាកររបស់ក្រុម DAP United រកគ្រាប់បាល់បន្ថែម បានមួយគ្រាប់ទៀត ដែលជាគ្រាប់បាល់របស់កីឡាករ សុ ជាតិ នៅនាទី ទី៨២ ។ ការប្រកួតជាបន្ដ សម្រាប់ ៨នាទីចុងក្រោយ ក្រុមទាំង២ គឺពុំមានលទ្ធផលអ្វីបន្ថែមនោះទេ ធ្វើឲ្យចប់ការប្រកួតពេញម៉ោង ក្រុម DAP United បំបាក់ក្រុមធនាគារ ABA ដោយលទ្ធផលបច្ចេកទេស ៤-០ ។
សូមបញ្ជាក់ថា នេះគឺជាលើកទី៨ហើយ ដែលក្រុម DAP United ទទួលបានជ័យជំនះជាប់ៗគ្នា សម្រាប់៨ចុងក្រោយកន្លងទៅនេះ ។ ចំណែកលទ្ធផលសរុប សម្រាប់ ២១ប្រកួតពីមុនមក រហូតដល់ពេលនេះ គឺធ្លាប់ទទួលបាន ជ័យជំនះចំនួន ១១ប្រកួត ចាញ់ ៧ប្រកួត និងស្មើចំនួន ៣ប្រកួត ៕