ភ្នំពេញ៖ ការសម្ដែងរួមគ្នា រវាងកំពូលក្បាច់គុន ទាំង ១១ប្រភេទ នៅក្នុងព្រឹត្តិការណ៍ «រាត្រីយុទ្ធគុន ឬ Martial Art Night» កាលពីយប់ថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០១៤នេះ បានធ្វើឲ្យកក្រើក ទីស្នាក់ការគណៈកម្មាធិការជាតិអូឡាំ ពិកកម្ពុជា (NOCC)តែម្ដង ជាមួយនឹងការចូលរួម ច្រើនកុះករពី សំណាក់អ្នកគាំទ្រ វិស័យក្បាច់គុន យុទ្ធសិល្ប៍ នៅក្នុងប្រ ទេសកម្ពុជាផងដែរ ។
នៅក្នុងព្រឹត្តិការណ៍ «រាត្រីយុទ្ធគុន» លើកដំបូងនេះ គឺមានកីឡាក្បាច់គុន មិនកីឡាអូឡាំពិក ចំនួន ១១ប្រភេទ ដែលបានធ្វើការ សម្ដែងស្នៀតប្រយុទ្ធ និងការពារខ្លួន ជាច្រើនខុសៗគ្នា សម្រាប់បង្ហាត់ពី កម្រិតវិជ្ជាគុននីមួយៗ ដោយក្នុងឱកាសនោះ ក៏មានការចូលរួម លោក ខៀវ កាញារិទ្ធ រដ្ឋមន្ដ្រីក្រសួងព័ត៌មាន និងលោក នឹម សុវត្ថិ ប្រធានគណៈកម្មការកីឡាយុទ្ធគុនកម្ពុជា រួមទាំងលោក វ៉ាត់ ចំរើន អគ្គលេខាធិការ គណៈកម្មាធិការ ជាតិអូឡាំពិក និងអ្នកពាក់ព័ន្ធ ជាច្រើននាក់ទៀត ។
ការសម្ដែងនូវប្រភេទក្បាច់គុន ទាំង១១នេះ ដែលទទួលបានការគាំទ្រ យ៉ាងច្រើនលើសលុបពី សំណាក់មហាជន ក្នុងព្រឹត្តិការណ៍នេះ ក្នុងនោះគឺ មានក្បាច់គុន Yong Mudo ជាក្បាច់គុនរបស់កូរ៉េ , Aikido ជាក្បាច់គុនជប៉ុន , តេក្វាន់ដូស្ទី ITF របស់កូរេខាងជើង , Wushu របស់ចិន , ការ៉ាតេដូ របស់ជប៉ុន , វ៉ូវីណាមជាក្បាច់គុនវៀតណាម , Tong Il Moodo ជាក្បាច់គុនកូរេ , KOBUDO ជាក្បាច់គុនជប៉ុន , Kendo ជាក្បាច់គុនជប៉ុន , Hapkido ជាក្បាច់គុនកូរេ និងក្បុក្កតោរបស់កម្ពុជា ។
នៅក្នុងរាត្រីយុទ្ធគុនចម្រុះនេះ ប្រភេទក្បាច់គុនដែលជាប់ជ័យលាភីសម្ដែងជាក្រុមចំណាត់ថ្នាក់លេខ១ បានទៅក្បាច់គុនល្បុក្តតោខេត្តសៀមរាប លេខ២ តេក្វាន់ដូស្ទីល ITF និងលេខ៣ កីឡាវ៉ូវីណាម ។ ចំពោះជ័យលាភីសំដែងជាមួយអាវុធឯកត្តជនចំណាត់ថ្នាក់លេខ១ ក្បាច់គុនគូបូដូ លេខ២ វ៉ូវីណាម និងលេខ៣ ល្បុក្កតោ ។
លោកវ៉ាត់ ចំរើន បានមានប្រសាន៍ថា នេះគឺជាព្រឹត្តិការណ៍ លើកដំបូង របស់គណៈកម្មការកីឡាយុទ្ធសិល្ប៍ កម្ពុជា ដើម្បីផ្ដល់ ឱកាសឲ្យ ប្រភេទក្បាច់គុននិមួយ មានឱកាសបញ្ចេញ សមត្ថភាព និងភាពប៉ិនប្រសប់ របស់ខ្លួនទៅតាមជំនាញ ក្បាច់គុននីមួយៗ ដែលពួកគេធ្វើការ ហ្វឹកហាត់ពី មុនមកនោះ ។ លោកបន្ដថា ព្រឹត្តិការណ៍នេះ នឹងក្លាយជាព្រឹត្តិការណ៍ ប្រចាំឆ្នាំមួយទៀត ចាប់ពីពេលនេះតទៅ នេះជាការជួបជុំគ្នា នៃអ្នកក្បាច់គុនធំៗ របស់ កម្ពុជាដែលក្នុងនោះ មានទាំងគ្រូវ័យចាស់ៗ ព្រមទាំងអ្នកក្បាច់គុន ជំនាន់ក្រោយទៀតផង ។
ប្រធានគណៈកម្មាធិការ យុទ្ធសិល្ប៍កម្ពុជា លោកនាយឧត្តមសេនីយ៍ នឹម សុវត្ថិ បានថ្លែងថា ព្រឹត្តិការណ៍នេះ ធ្វើឡើងក្រោមពាក្យស្លោក ក្បាច់គុនខុស គ្នាទស្សនវិជ្ជាតែមួយ ។ លោកចាត់ទុកថានេះ ជាការជួបគ្នាដ៏កម្ររវាង អ្នកក្បាច់គុន នៃកីឡាមិន អូឡាំពិកហើយ វានឹងក្លាយជា ព្រឹត្តិការណ៍ប្រចាំឆ្នាំតែម្ដង ។
លោកខៀវ កាញារិទ្ធិ ដែលជាគណៈអធិបតីនោះ បានមានប្រសាសន៍ថា ការហាត់ក្បាច់គុន គឺធ្វើឲ្យយើងមានសុខភាពល្អ រាងកាយមាំមួន ថែមទាំងអាចការពារខ្លួន នៅពេលដែល មានគ្រោះថ្នាក់បានទៀតផង ។ លោកបន្តថាៈ "យើងត្រូវចាំថា បើហាត់រៀនគ្បាច់គុន គឺឲ្យចប់ជាអ្នកគុន ហើយត្រូវចេះគោរព អ្នកដែលខ្សោយជាងយើង និងខ្លាំងជាងយើង និងអ្នកដ៍ទៃផ្សេងទៀត ។ ប្រទេសមានសន្តិភាពអ្វីៗក៏ រីកចម្រើនដែរ ក្នុងនេះមានទាំងក្បាច់គុន និង ពេលវេលាសម្រាប់ អ្នកក្បាច់គុនជួបគ្នាទៀតផង" ៕