កំពង់ចាម ៖ សាកសពស្ត្រីម្នាក់ ត្រូវបានគេប្រទះឃើញ នៅក្នុងអណ្តូង កាលពីវេលាម៉ោង ១២និង៣០នាទី យប់រំលងអធ្រាត្រ ឈានចូលថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០១៤ ស្ថិតនៅចំណុចចំការស្វាយចន្ទី ភូមិស្រម៉ ឃុំស្រម៉ ស្រុកជើងព្រៃ មានចម្ងាយប្រមាណ ៤ម៉ែត្រពីផ្លូវជាតិលេខ ៦។
សមត្ថកិច្ចបានដឹងថា ស្រ្តីរងគ្រោះត្រូវស្គាល់ថា ជាថៅកែមានឈ្មោះ ថៃ ហ៊ួយ អាយុ ៥២ឆ្នាំ រស់នៅសង្កាត់ ចតុមុខ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ត្រូវបានកម្មករមានគ្នា ២នាក់ ព្រួតវាយ និងអារក រួចសែងសាកសព យកទៅទម្លាក់ ក្នុងអណ្តូង ដែលមានជម្រៅ ៨ម៉ែត្រ ។
យោងតាមមន្ត្រីនគរបាលម្នាក់ ឈ្មោះ ជាង សែ បានឲ្យដឹងថា ស្រី្តរងគ្រោះជាថៅកែបានមើលកម្មករចំការស្វាយ ចន្ទី ក្រោយមកទូរស័ព្ទរបស់គាត់ហៅមិនចូលរយៈពេល ២ថ្ងៃមកហើយ ដោយមានការសង្ស័យក៏នាំគ្នាដើររក ក៏ ប្រទះឃើញសព នៅក្នុងអណ្តូងជម្រៅ ៨ម៉ែត្រតែម្តង។ ចំណែកកម្មករ ដែលធ្វើការនៅទីនោះបានរត់ គេចខ្លួនបាត់ ដូច្នេះសមត្ថកិច្ចសន្និដ្ឋានថា កម្មករ២នាក់ខាងលើ គឺជាអ្នកសម្លាប់ស្ត្រីរងគ្រោះ ។
បច្ចុប្បន្ន សមត្ថកិច្ចកំពុងស្រាវជ្រាវ តាមចាប់ខ្លួនជនសង្ស័យ ដែលកំពុងរត់គេចខ្លួន យកមកផ្តន្ទាទោសទៅតាម ច្បាប់ ៕