ភ្នំពេញ ៖ ក្រោយការសួរនាំជាង២ម៉ោង ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំ ពេញ បានអនុញ្ញាតឱ្យលោកជា មុនី ប្រធាន សហជីពសេរីកម្មករ នៃព្រះរាជាណាចក្រ កម្ពុជា នៅក្រៅឃុំជាបណ្ដោះអាសន្ន តែត្រូវ គោរពតាមលក្ខខណ្ឌមួយចំនួនរបស់ចៅក្រម។
លោកជា មុនី បានថ្លែងប្រាប់មជ្ឈមណ្ឌល ព័ត៌មានដើមអម្ពិលតាមទូរស័ព្ទថា ចៅក្រម ឱ្យលោកនៅក្រៅឃុំជាបណ្ដោះអាសន្ន ប៉ុន្ដែត្រូវគោរពនូវលក្ខខណ្ឌមួយចំនួន ដូចជា មិនត្រូវទៅចូលរួមការតវ៉ានៅតាមផ្លូវវ៉េងស្រេង ត្រូវបង្ហាញមុខ នៅកន្លែងប៉ុស្ដិ៍នគរបាលមួយខែម្ដង និងមិនត្រូវនាំក្រុមកម្មករមកមុខតុលាការ នៅពេលដែលមកសួរនាំនោះឡើយ ។
លោកជា មុនី បានបញ្ជាក់ថា អ្នកដែល ប្ដឹងលោក គឺអាជ្ញាធរនិងសមាគមរោងចក្រ កាត់ដេរនៅកម្ពុជា ហើយលោកមិនបានពាក់ ព័ន្ធទៅនឹងអំពើហិង្សានៅផ្លូវវ៉េងស្រេងនោះ ឡើយ ។
សូមបញ្ជាក់ថា នៅរសៀលថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០១៤នេះ លោកជា មុនី បាន ចូលទៅបង្ហាញមុខនៅតុលាការតាមរយៈ ដីកាបង្គាប់ឱ្យចូលខ្លួនរបស់ចៅក្រម ជា សុខហៀង ចុះថ្ងៃទី២២ ខែសីហា ឆ្នាំ ២០១៤ ដើម្បីសួរនាំរឿងអំពើហិង្សាដោយចេតនា ស្ថានទម្ងន់ទោស ធ្វើឱ្យខូចខាតដោយចេតនា ស្ថានទម្ងន់ទោស គំរាមកំហែងថា នឹងធ្វើឱ្យខូចខាត ដែលភ្ជាប់នូវបញ្ហាអ្វីមួយ និងប្រើមធ្យោបាយដើមជាឧបសគ្គ ដល់ចរាចរសាធារណៈ នៅសួនឧស្សាហកម្មកាណាឌីយ៉ាផ្លូវវ៉េងស្រេង ភូមិត្រញំងថ្លឹង សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ ចាប់ពីថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០១៣ដល់ថ្ងៃទី៣ ខែមករា ឆ្នាំ២០១៤។