Quantcast
Channel: ព័ត៌មានថ្មីបំផុត
Viewing all articles
Browse latest Browse all 8042

លោក ឱម យ៉ិនទៀង ៖ ACU មិនបានចាប់ អ្នកសារព័ត៌មាន ទាំង៣នាក់ នោះឡើយ

$
0
0

-ជនទាំង៣នាក់ ជាប់ពាក់ព័ន្ធ និងការជំរិត ទារប្រាក់១០០០ដុល្លារ ពីអភិបាលរងខេត្តកំពត

-តុលាការ ដោះលែង បុគ្គល សូ សុវណ្ណ ជាជាងសំណង់ ឲ្យមានសេរីភាពវិញ ខណៈលីធាត់ និងលីស្គម ត្រូវបានចោទប្រកាន់

ភ្នំពេញ ៖ ក្រោយពីមានការ ចុះផ្សាយស្ដីអំពី អង្គភាពប្រឆាំងអំពើ ពុករលួយ (ACU) ចាប់ខ្លួន អ្នកសារព័ត៌មាន ៣រូបយកមកផ្សព្វផ្សាយ ដែលរួមមាន សហការី របស់ស្ថានីយ៍ ទូរទស្សន៍ ហង្សមាស ស្ថានីយ៍ ទូរទស្សន៍ប៉ុស្ដិ៍ លេខ៩ ស្ថានីយ៍ទូរទស្សន៍អប្សរា និងកាសែត កម្ពុជាថ្មី ប្រចាំនៅ ខេត្ដកំពត កាលពីចុងសបា្ដហ៍នោះ ស្រាប់តែប្រធានអង្គភាព ប្រឆាំងអំពើ ពុករលួយ លោកទេសរដ្ឋមន្ដ្រី ឱម យ៉ិនទៀង បានចេញមកបញ្ជាក់ និងបក ស្រាយឡើងវិញ ថា ជន ទាំង៣នាក់ ដែលអង្គភាព របស់លោក ចាប់ខ្លួន គឺមិនមែនជា អ្នកសារព័ត៌មាននោះឡើយ កុំឲ្យមានការយល់ច្រឡំ ។

ថ្លែងប្រាប់មជ្ឈមណ្ឌល ព័ត៌មានដើមអម្ពិល តាមទូរស័ព្ទ នៅរសៀលថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០១៤ លោកទេសរដ្ឋមន្ដ្រី ឱម យ៉ិនទៀង បានបញ្ជាក់ថា «អ្នកទាំងនេះ មិនមែនជា អ្នកសារព័ត៌មាន របស់ស្ថាប័នព័ត៌មានណា មួយទេ ពួកគេឈរលើ មូលដ្ឋាន សរសេរខ្លួន បង្ហោះខ្លួនឯង នៅក្នុង ហ្វេសប៊ុកឯកជន ដើម្បី ឱ្យគេសុំដកចេញ ត្រូវបង់លុយ»។

លោកបានបន្ដថា «អង្គភាពប្រឆាំងអំពើ ពុករលួយ មិនបានចាប់ អ្នកសារព័ត៌មាន៣ នាក់នេះទេ ពីរនាក់ ជាអតីតអ្នកសារព័ត៌មាន ហើយមក បំពេញសារព័ត៌មាន ជារបៀបឯកជន ខុសច្បាប់ ហើយផ្សាយខ្លួនឯង និងម្នាក់ ទៀតជាជាង សំណង់» ។

អំពីអត្ដសញ្ញាណ ជនទាំង៣នាក់ ដែលត្រូវអង្គភាព ប្រឆាំងអំពើពុករលួយចាប់ខ្លួន កាលពីយប់ថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០១៤ នៅខេត្ដកំពតនោះ ត្រូវបាន លោកទេសរដ្ឋមន្ដ្រី ឱម យ៉ិនទៀង អះអាងថា ឈ្មោះ ថុល ហុក លី ហៅលីធាត់ ធ្លាប់បង្កើតសារព័ត៌មានមួយ កាលពីឆ្នាំ២០០០ ឈ្មោះថា «យុត្ដិធម៌ខ្មែរ» ប៉ុន្ដែមិនដែលបាន ចេញផ្សាយនោះឡើយ។

បន្ទាប់មកបុគ្គលរូបនេះ បានធ្វើជាអ្នកយក ព័ត៌មានឱ្យ កាសែតនគរវត្ដ ហើយបានឈប់ រួចទៅរកស៊ី លក់បាយជាច្រើនឆ្នាំ បន្ដមកធ្វើ ជាអ្នករាយការណ៍ ព័ត៌មានពេលព្រឹកឱ្យស្ថា នីយ៍ទូរទស្សន៍ខ្មែរ ប៉ុសិ៍្ដលេខ៩ ប៉ុន្ដែក៏បាន ឈប់អស់រយៈពេល៤-៥ខែមកហើយ ។

លោក ឱម យ៉ិនទៀង បានបញ្ជាក់ទៀត ថា ក្រោយពីឈប់ជា អ្នកផ្ដល់ព័ត៌មានឱ្យអង្គ ភាពសារព័ត៌មាន និងទូរទស្សន៍ ខាងលើនេះ លីធាត់ បានផ្សាយព័ត៌មាន នៅលើហ្វេសប៊ុក ផ្ទាល់ខ្លួន ក្នុងគោលបំណង រកលុយ ហើយ នៅខេត្ដកំពតនោះ នរណាម្នាក់ក៏ខ្លាចរូបគេដែរ ។

លោកថា «នៅខេត្ដនរណាក៏ខ្លាចដែរ រហូតចូលស៊ីគុយទាវ មន្ទីរ ប្រធាន ប៉ូលិស អភិបាល រងខេត្ដ ឃើញត្រូវគួរសម ហើយ អត់គួរសម វាចេញមកវិញ ផ្សាយភ្លែតទាល់ តែឱ្យ១០០ ដុល្លារមក» ។

ដោយឡែក ឈ្មោះ សុខ សុវណ្ណ ត្រូវបាន លោកទេសរដ្ឋមន្ដ្រីប្រាប់ថា ជាជាងសំណង់ សុទ្ធសាធតែម្ដង ហើយក្នុងរយៈពេល ឃុំខ្លួន រូបគេ ៤៨ម៉ោងនោះ អ្នកដែល តេទូរស័ព្ទ និងមន្ដ្រីរបស់លោក ទូរស័ព្ទតាម លេខដែល តេចូលសុទ្ធតែអះអាងថា ជាជាង សំណង់ ប៉ុន្ដែត្រូវបានលីធាត់ យកទៅជាមួយ ។

រីឯ ឈ្មោះ ស ប៊ុនលី ហៅលីស្គម មិនមែន ជាអ្នកសារព័ត៌មាន នោះទេ គាត់មិនមានសមត្ថភាព និងអាចសរសេរព័ត៌មាន បានឡើយ គឺជាអ្នកយាម ស្ថានីយ៍ទូរទស្សន៍ ហង្សមាស ប្រចាំនៅ ខេត្ដកំពត ដោយទទួល បានប្រាក់ខែ១០០ដុល្លារ ប៉ុន្ដែពេលខ្លះ គេបានបង្ហោះព័ត៌មាន នៅលើហ្វេសប៊ុក តាមរយៈ លីធាត់ ផ្ដល់ឱ្យ រួចពេលខ្លះ ក៏បញ្ជូនមកស្ថានីយ៍ ទូរទស្សន៍នៅភ្នំពេញ និងកាសែតកម្ពុជាថ្មី ។

ក្រោយពីបញ្ជាក់ ពីអត្ដសញ្ញាណ ជនទាំង៣នាក់នេះ រួចមក ប្រធានអង្គភាព ប្រឆាំងអំពើពុករលួយ ក៏រៀបរាប់ពីដំណើររឿង រហូតឈានទៅដល់ ការចាប់ខ្លួន ពួកគេទាំង៣នាក់ ពោលចាប់ខ្លួន ឈ្មោះ ហុកលី ហៅ លីធាត់ និង សូ សុវណ្ណ មុន រួចកន្លះ ម៉ោងក្រោយ ទើបឈានទៅដល់ការ ចាប់ខ្លួនស ប៊ុន លី ហៅលីស្គម ពេលកំពុង ចូលរួមពិធី ជប់លាងតែងតាំង មន្ដ្រីរដ្ឋបាល ព្រៃឈើនៅខេត្ដកំពត ។

លោកទេសរដ្ឋមន្ដ្រី ឱម យ៉ិនទៀង បានរៀបរាប់ថា រឿងរ៉ាវនៃការចាប់ខ្លួននេះ ខណៈដែលរូបលោក បានចុះទៅពិនិត្យមើល នៃការកាត់ដី របស់ក្រុមហ៊ុន សម្បទានសេដ្ឋកិច្ច ចំនួន២១ក្រុមហ៊ុន ស្រាប់តែពេលទៅ ដល់ខេត្ដកំពតនោះ ក៏ឃើញឈ្មោះ ហុក លី ហៅ លី ធាត់ បង្ហោះផ្សាយ ក្នុងហ្វេសប៊ុករបស់ ខ្លួនថា អាជ្ញាធរខេត្ដ ស្រុក ឃុំ ឃុបឃិត ហើយឱ្យយួនចូលមកជីកដី យកព្រៃកោងកាង ពី២០០-៣០០ ហិកតា ។

លោកបន្ដទៀតថា ដោយមើលឃើញពី ព័ត៌មាន ដែលត្រូវចុះផ្សាយ យ៉ាងដូច្នេះលោក ក៏បានឱ្យក្រុមការងារ ទាក់ទងសួរនាំ ប៉ុន្ដែត្រូវបុគ្គលរូបនេះ ឆ្លើយថា មិនដឹង ទៅវិញ ដែលនេះគឺជាបញ្ហា ដែលត្រូវស្រាវជ្រាវបន្ដ ទៀត ពីព្រោះយុទ្ធនាការ ចុះពិនិត្យមើលករណី ក្រុមហ៊ុន សម្បទានសេដ្ឋកិច្ច តាមបណ្ដាខេត្ដ យ៉ាងដូច្នេះ ហេតុអ្វីបែរ ជាមានរឿងបែបនេះទៅវិញ ។

ត្រង់ចំណុចនេះ លោក ឱម យ៉ិនទៀង អះអាងថា តាមពិតទៅ អាជ្ញាធរខេត្ដ ដែលមានគោលការណ៍ ពីរាជរដ្ឋាភិបាល បានសម្រេចស្ដារ និងជីកដីស្ដារ ព្រែកដោយ ប្រើសាឡង់ខ្ចាប់ដី គោលបំណង ធ្វើផ្លូវនៅឆ្នាំ ក្រោយរៀបចំជាឆ្នេរ នៅក្នុង ខេត្ដកំពតនេះ ។ លុះពេល គម្រោងនេះបានចាប់ផ្ដើមដំណើរការ អាជ្ញាធរខេត្ដ ស្រុក និងមន្ដ្រីពាក់ព័ន្ធរបស់ខេត្ដ បានជួលសាឡង់ខ្ចាប់ដី ឯកជនមកស្ដារព្រែក ពេលនោះ ហើយធ្វើឱ្យបុគ្គលម្នាក់ឈ្មោះ ណាំ យ៉ង ហៅឪអាស្វិត ជាមេការ របស់ក្រុមហ៊ុន វិញហួរ ។

លោក ឱម យ៉ិនទៀង បានបន្ដទៀតថា ដោយសារតែ ខាងសាលាខេត្ដ ស្រុក ឃុំ មិន ជួលសាឡង់ខ្ចាប់ដីរបស់ខ្លួន ទើបឪអាស្វិត ខឹង ដែលសព្វ មួយដងពេល ដែលមានការងារ ស្ដារដី ឬព្រែក ត្រូវជួលសាឡង់ របស់គេ តែបែរជាលើកនេះ មិនជួលធ្វើឱ្យរូបគេខឹងទើប ឪអាស្វិត បានទាក់ទងទៅ ហុកលី ឱ្យចុះ ផ្សាយថា អាជ្ញាធរ មូលដ្ឋាន ឃុបឃិតគ្នាលក់ ព្រៃកោងកាង ។

ក្រោយពីឆ្លើយឆ្លងគ្នាតាម ទូរស័ព្ទពីដំណើររឿង ទាំងនេះរួចមក លីធាត់ បានទូរស័ព្ទហៅ លីស្គម ទៅជាមួយ ព្រមទាំង ទូរស័ព្ទ ហៅអ្នកថតកាមេរ៉ា ទូរទស្សន៍អប្សរា ប្រចាំនៅខេត្ដព្រះសីហនុ ទៅជាមួយ ។ នៅពេលដែលទៅ ដល់កន្លែងកើតហេតុនោះ លី ធាត់ បានយកទូរស័ព្ទ ទាំងពីររបស់ខ្លួនថត វីដេអូ ដែលមានសាឡង់ ខ្ចាប់ដីមួយគ្រឿង កំពុង ស្ដារព្រែក ត្រៀមធ្វើផ្លូវ នៅឆ្នាំក្រោយ រីឯលីស្គម ក៏យកទូរស័ព្ទថត ។

ដោយឡែក អ្នក ថតវិដេអូទូរទស្សន៍ អប្សរា ឯណោះវិញអត់ មានកាមេរ៉ាថត ក៏យកទូរស័ព្ទ ថតដែរ ប៉ុន្ដែ ជននេះ ថតហើយ ក៏ជិះរថយន្ដ កូរ៉ូឡាត្រឡប់ ទៅខេត្ដព្រះសីហនុវិញ ហើយក៏មិនបានចុះ ផ្សាយរឿង ហ្នឹងដែរ ។

លោក ឱម យ៉ិនទៀង បានបន្ដឱ្យដឹង ទៀតថា ក្រោយថតរូបភាព វិដេអូនិងសាច់ រឿងហើយនោះ ហុកលីបានយកទៅផ្សាយ នៅលើហ្វេសប៊ុក ផ្ទាល់ខ្លួន ប៉ុន្ដែក្រោយពេល ផ្សាយសឹង តែកន្លះថ្ងៃ មិនឃើញមាននរណា ទាក់ទងក៏ ច្រាស់ច្រាល រួចបានទូរស័ព្ទទៅសួរ នាំរឿងបន្ថែម ពីអភិបាលរងខេត្ដម្នាក់ ពេលនោះ អភិបាលរងខេត្ដ ក៏និយាយប្រាប់ថា រឿង ទាំងនេះ មិនពិតនោះឡើយ ហើយអាចមក ជួបដើម្បី ផ្ដល់ព័ត៌មានលំអិត ។

នៅពេល ដែលប្រុង ទៅជួបអភិបាលរង ខេត្ដរូបនោះ ស្រាប់តែ ស ប៊ុនលី ហៅលីស្គម យកលុយ ៤០ម៉ឺនរៀល មកចែកគ្នា ដោយម្នាក់ទទួលបាន២០ម៉ឺនរៀល ដែលអភិបាលរង ខេត្ដផ្ដល់ជូន ។

ក្រោយពី ទទួលលុយ២០ម៉ឺនរៀល លី ធាត់ មានការសង្ស័យថា លីស្គមយកលើស ពីព្រោះខ្លួន ជាអ្នកតេណាត់ តែបែរជាលីស្គម ទៅយកលុយវិញ រួចក៏ចុះផ្សាយ ម្ដងទៀត ខណៈដែលលីស្គម បានបកស្រាយ និងប្រាប់ថា មិនបានស៊ីដាច់ លុយនោះទេ ប៉ុន្ដែលីស្គម ដដែលនេះ ក៏ផ្ញើព័ត៌មាន ខាងលើមកកាន់ ស្ថានីយ៍ទូរទស្សន៍ ហង្សមាស និងកាសែត កម្ពុជាថ្មី ។

បើតាម លោក ឱម យ៉ិនទៀង ក្រោយពី ចុះផ្សាយម្ដងទៀត នៅលើហ្វេសប៊ុករបស់ខ្លួន នោះ ហុកលី បានទូរស័ព្ទ ជួបអភិបាលរងខេត្ដ ដើម្បីនិយាយពីរឿង ដដែលរហូតធ្វើឱ្យថ្នាក់ ដឹកនាំខេត្ដ ប្ដឹងមកអង្គភាព ប្រឆាំងអំពើពុករលួយ ដើម្បីចាត់វិធានការ ។ ក្រោយពេល និយាយគ្នា តាមទូរស័ព្ទរួចមក ភាគីទាំងពីរ គឺ អភិបាលរងខេត្ដ បានឱ្យ ហុកលី មកជួប ពេល នោះហុកលី បាននាំឈ្មោះ សូ សុវណ្ណ ដែលជា ជាងសំណង់ទៅជាមួយ ។

នៅពេលចរចាគ្នា ហុកលី បានទារលុយ១០០០ដុល្លារ ដើម្បី ដកព័ត៌មាននេះចេញ ប៉ុន្ដែខាងមន្ដ្រីខេត្ដមិន អាចទទួលយក ទើបសូ សុវណ្ណ ជាអ្នកអារ កាត់ ៥០០ដុល្លារ ហើយក៏ត្រូវចាប់ខ្លួននៅ ពេលនោះតែម្ដង ។ លោក ឱម យ៉ិនទៀង បានបន្ដថា ក្រោយចាប់ខ្លួន ពួកគេទាំងពីរ នាក់ កម្លាំងរបស់លោក បានឈានទៅការឃាត់ខ្លួនលីស្គម ពេលកំពុង ចូលរួមកម្មវិធី ជប់លាង ដំឡើងមន្ដ្រីរដ្ឋបាល ព្រៃឈើខេត្ដ ។

ដូច្នេះ លោកទេសរដ្ឋមន្ដ្រី សូមបញ្ជាក់សារជាថ្មីថា ទាំង៣នាក់នេះ មិនមែនជាអ្នកសារព័ត៌មានឱ្យ អង្គភាពសារព័ត៌មាន ណាមួយនោះឡើយ ពោលគ្រាន់តែ សរសេរព័ត៌មានបង្ហោះខ្លួនឯង ជាលក្ខណៈឯកជន ប៉ុណ្ណោះ សូមកុំមានការ ភ័ន្ដច្រឡំថា អង្គភាព ប្រឆាំងអំពើពុករលួយ ចាប់អ្នកកាសែត ។

ជនសង្ស័យ ទាំង៣នាក់នេះ ត្រូវបានអង្គ ភាពប្រឆាំង អំពើពុករលួយ បញ្ជូនទៅកាន់ សាលាដំបូង ខេត្ដកំពត កាលពី វេលាម៉ោង ២រសៀលថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០១៤ ដើម្បីបន្ដការសាកសួរ និងចាត់វិធាន ការទៅ តាមផ្លូវច្បាប់។

យោងតាមប្រភពព័ត៌មានពីសមត្ថកិច្ច នៅខេត្ដកំពត បានឱ្យដឹងថា ក្រោយពីព្រះ រាជអាជ្ញារងអមសាលាដំបូងខេត្ដកំពត លោក ខៃ សម្ផស្ស សួរនាំ រួចមក រហូតមកដល់ វេលាម៉ោង៤រសៀលថ្ងៃទី១៥ ខែកញ្ញា ជន ឈ្មោះសូ សុវណ្ណ ដែលជាជាងសំណង់នោះ ត្រូវបានអនុញ្ញាត ឱ្យត្រឡប់ ទៅផ្ទះវិញ ដោយ មិនបានចោទប្រកាន់នោះឡើយ ។

ដោយឡែក ជនសង្ស័យពីរនាក់ គឺលីធាត់និងលីស្គម ត្រូវបានតំណាងអយ្យការធ្វើការចោទប្រកាន់ ហើយបញ្ជូនសំណុំរឿងទៅកាន់ដៃចៅក្រម ស៊ើបសួរ ដើម្បីចាត់ការបន្ដតាមនីតិវិធី ។

សមត្ថកិច្ចបានបន្ដទៀតថា ដោយសារតែ ការសួរនាំពីចៅក្រមស៊ើបសួរមិនទាន់ចប់ និងហួសម៉ោងរដ្ឋបាលផងនោះ ជនសង្ស័យ ទាំងពីរនាក់ ត្រូវបាន បញ្ជូន ទៅស្នងការដ្ឋាន នគរបាលខេត្ដកំពត ដើម្បីផ្ញើទុកសិនរង់ចាំ ការសួរបន្ដទៀត ហើយឈានទៅដល់ការ ចាត់វិធានការតាមផ្លូវច្បាប់នៅថ្ងៃទី១៦ ខែ កញ្ញាឆ្នាំ២០១៤នេះ៕


Viewing all articles
Browse latest Browse all 8042

Trending Articles



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>