-មន្ដ្រីមួយចំនួន រិះគន់លោក ជួន មុំថុល ដែលផ្ដួចផ្ដើម កំណត់ប្រាក់ខែគោល ១៧៧ ដុល្លារ បង្កផល លំបាកក្នុងការចរចា
ភ្នំពេញ ៖ មន្ដ្រីសហជីពមួយចំនួនដែល បានជួបពិភាក្សាគ្នា នៅរសៀលថ្ងៃថ្ងៃទី១៥ ខែកញ្ញា នេះ ពាក់ ព័ន្ធទៅនឹងការទាមទារដំឡើង ប្រាក់ខែគោលរបស់កម្មករ បានធ្វើការអះអាងថា បើការចរចាទាមទារ ដំឡើងប្រាក់ខែគោល នៅថ្ងៃទី២៦ ខែកញ្ញា ខាងមុខនេះ មិនទទួលបានជោគជ័យទេនោះ ពួកគេនឹង ដឹកនាំកម្មករ ធ្វើបាតុកម្មទ្រង់ទ្រាយធំដើម្បី ទាមទារដំឡើងប្រាក់ខែជូនកម្មករឱ្យបាន។
សូមបញ្ជាក់ថា នៅរសៀលថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០១៤ នេះ មន្ដ្រីមកពីសមាគមសហជីព និងមន្ដ្រី សង្គមស៊ីវិលមួយចំនួន បានធ្វើការជួបប្រជុំពិភាក្សាគ្នាមួយ នៅក្នុងរាជធានីភ្នំពេញ លើប្រធានបទ ស្ដីពី ការស្នើសុំដំឡើងប្រាក់ខែ ជូនកម្មករ-កម្មការិនី ដែលគ្រោងនឹងធ្វើការចរចាគ្នានៅ ថ្ងៃទី២៦ ខែកញ្ញា ខាងមុខនេះ ។ ក្នុងកិច្ចប្រជុំលោក សៀង សម្បត្ដិ ប្រធានសម្ព័ន្ធ សហជីពកម្មករបានលើកឡើងថា បើ ការចរចានៅថ្ងៃទី២៦ ខែកញ្ញា ខាងមុខនេះ រវាងមន្ដ្រីក្រសួងការងារ និយោជក អ្នកបញ្ជាទិញ និងសមា គមរោងចក្រកាត់ដេរ មិនមានលទ្ធផល ដែលអាចទទួលយកបាន ទេនោះ នឹងមានបាតុកម្មកើតមាន ឡើងហើយ ។
លោកថា “បើសិនការចរចាប្រាក់ឈ្នួល មិនសមរម្យ ផ្ដល់ឱ្យកម្មករយើងអត់សមរម្យទេ យុទ្ធនាការប្រាក់ ឈ្នួលកូដកម្មនឹង កើតមានឡើងនៅថ្ងៃណាមួយដែលពួកយើង នឹងគ្រោងធ្វើទុក នេះជាសារមួយដែល យើងផ្ញើជូន ”។ ព្រមជាមួយគ្នានោះដែរ លោក អាត់ ធន់ ប្រធានសម្ព័ន្ធសហជីពប្រជាធិបតេយ្យ កម្មករ កាត់ដេរ ក៏បានឱ្យដឹងផងដែរថា ប្រសិនបើមិនបាន ១៧៧ដុល្លារតាមការ ទាមទារទេនោះ សុំត្រឹមតែ ១៥០ដុល្លារក៏ បានដែរ ។ លោកបន្ដថា “យើងអាចចុះមក ដល់ ១៥០ដុល្លារ ដែលជាលេខចុងក្រោយ ដែលយើងគិតថា នេះជាប្រាក់ខែសមរម្យ នៅពេលបច្ចុប្បន្ននេះ បើកម្មករមិនមានប្រាក់ខែ ១៥០ដុល្លារ ទេ គឺរស់មិនបានទេ ”។ ក្នុងនោះលោក អាត់ ធន់ បានបន្ថែមថា នៅ ថ្ងៃទី១៧ ខែកញ្ញា ខាងមុខនេះ មេ ដឹកនាំ សហជីពនឹងធ្វើយុទ្ធនាការមួយចែកខិត្ដប័ណ្ណ ទៅកម្មករ និងអ្នកពាក់ព័ន្ធពីការទាមទារ ប្រាក់ខែ គោល ១៧៧ដុល្លារហើយ ។
សូមបញ្ជាក់ថា កាលពីដើមឆ្នាំ២០១៤ ក្រុមសហជីព ពាក់ព័ន្ធទៅនឹងវិស័យកាត់ដេរ និងកម្មកររោង ចក្រកាត់ដេរមួយចំនួន បាន នាំគ្នាធ្វើកូដកម្ម ធ្វើបាតុកម្មដើម្បីទាមទារ ប្រាក់ខែគោលចំនួន ១៦០ដុល្លារ ម្ដងរួចមកហើយ ។ ប៉ុន្ដែ កាលណោះការទាមទារប្រាក់ ខែគោល ១៦០ដុល្លារ របស់សហជីព និងកម្មករ កាត់ដេរនានានោះ មិនទទួលបានជោគជ័យឡើយ ។ លុះមកដល់បច្ចុប្បន្ននេះស្រាប់ តែក្រុមសហជីព ក៏បានដាក់សំណើធ្វើការទាមទារ ដើម្បីដំឡើងប្រាក់ខែកម្មករឱ្យបាន ដល់ចំនួន ១៧៧ដុល្លារបន្ថែម ទៀត ខណៈកន្លងមក ការទាមទារដំឡើងរហូតត្រឹម ១៦០ដុល្លារ មិនបានផងនោះ ។
ពាក់ព័ន្ធទៅនឹងការទាមទារប្រាក់ខែ គោល ១៧៧ដុល្លារខាងលើនេះ មន្ដ្រីរដ្ឋាភិបាលមួយចំនួន ដែល ធ្វើការងារពាក់ព័ន្ធលើ បញ្ហានេះ បាននាំគ្នាអះអាងថា មិនអាចទៅ រួចនោះឡើយ កុំថាឡើយ ១៧៧ ដុល្លារ សូម្បីតែត្រឹម ១៥០ដុល្លារនោះក៏មិនអាចទៅ រួចដែរ ប៉ុន្ដែ ប្រសិនបើទាមទារដំឡើងត្រឹម ១២០ ឬ១៣០ដុល្លារគឺអាចទៅរួច នេះបើ តាមការស្ទាបស្ទង់មួយរយៈចុងក្រោយនេះ។ ក្នុងនោះក្រុមមន្ដ្រីដែល កំពុងធ្វើការងារ លើវិស័យកាត់ដេរ បានធ្វើការរិះគន់ទៅលើ សហជីពមួយចំនួន ជាពិសេស គេធ្វើការរិះ គន់ ទៅលើលោក ជួន មុំថុល ប្រធានសហព័ន្ធ សហជីពកម្ពុជាតែម្ដង ដែលជាអ្នកផ្ដួចផ្ដើម កំណត់ឱ្យ មានប្រាក់ខែគោលដល់កម្មករ ចំនួន ១៧៧ដុល្លារ ដែលជាលទ្ធផលបានមក ពីការស្រាវជ្រាវមួយ របស់គណៈកម្មការ វាយតម្លៃលើបញ្ហាប្រាក់ខែរបស់កម្មករ ដែលគេអះអាងថា មិនមានសុក្រិត្យភាព ប៉ុន្មាននោះឡើយ ។
ពាក់ព័ន្ធទៅនឹងការរិះគន់ខាងលើនេះ នៅរសៀលថ្ងៃទី១៥ ខែកញ្ញា នេះ មជ្ឈមណ្ឌលព័ត៌មាន ដើម អម្ពិល មិនអាចធ្វើការទាក់ទងដើម្បីសាកសួរព័ត៌មាន និងសុំការបំភ្លឺពីលោកជួន មុំថុល បានឡើយ ៕