-ថៅកែមិនឲ្យកម្មករ ខ្ចីលុយ ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ
ភ្នំពេញ ៖ ក្រុមកម្មករ-កម្មការិនី រាប់រយនាក់ ដែលបម្រើការងារនៅរោងចក្រ KD ក្នុងខណ្ឌពោធិ៍សែន ជ័យ រាជធានីភ្នំពេញ បានធ្វើកូដកម្ម មុខរោងចក្រនៅថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០១៤នេះ ដើម្បីទាមទារ ឲ្យថៅកែ គោរពតាមលក្ខខណ្ឌការងារ ជាពិសេស ដកប្រធានរដ្ឋបាល ចេញពីការងារ ។
តំណាងកម្មករ បានថ្លែងឲ្យដឹងថា ក្រុមកម្មករ ទើបតែផ្ទុះកូដកម្មនៅថ្ងៃនេះទេ ក្នុងគោលបំណង ទាមទារ លក្ខខណ្ឌការងារមួយចំនួនពីថៅកែ ជាពិសេសដក ប្រធានផ្នែករដ្ឋបាលចេញ ដោយសារតែប្រធានរូប នេះ បានគាបសង្កត់មកលើក្រុមកម្មករជាខ្លាំង ។
តំណាខាងលើបន្តថា សូមឲ្យថៅកែបើកលុយកុងត្រា ៥ ភាគរយ ក្នុងរយៈពេល៦ខែម្តង , ទាមទារបាយ ថ្ងៃត្រង់ ៤០០០ រៀល, សុំប្រើបន្ទប់ទឹកដោយងាយស្រួល ពីព្រោះសព្វថ្ងៃ ការចូលបន្ទប់ទឹកម្តងៗ មាន ការលំបាកជាខ្លាំង ព្រោះគេទាមទារឲ្យបង្ហាញកាតបន្ទប់ទឹក និងកាតបម្រើការងារ ។
ដោយសារតែ មិនអាចស៊ូទ្រាំតទៅទៀតបាន កម្មការិនីខាងលើ បានឲ្យដឹងថា ក្រុមកម្មករ ទាមទារឲ្យ ដកប្រធានរដ្ឋបាលចេញ ពីព្រោះរូបគេប្រើសំដីមិនសមរម្យមកលើកម្មករ មានការគំរាមកំហែង គ្រប់បែប យ៉ាង ។
ស្រ្តីដែលតំណាងឲ្យកម្មករបានឲ្យដឹងទៀតថា ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ ដែលជាថ្ងៃចុងខែ ហើយកម្មករ ត្រូវឈប់សម្រាក ធ្វើដំណើរទៅស្រុក ប៉ុន្តែកម្មករមិនមានលុយ ហើយកម្មករបានខ្ចីលុយ ពីថៅកែ ប៉ុន្តែ មិនឲ្យឡើយ ។
សូមបញ្ជាក់ថា ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌនេះ ក្រសួងការងារ បានអនុញ្ញាតឲ្យ កម្មករ ដែលបម្រើការងារ នៅតាមបណ្តារោងចក្រ សហគ្រាសនានានៅទូទាំងប្រទេសឈប់សម្រាក់៣ថ្ងៃ ហើយថៅកែត្រូវតែឲ្យ កម្មករខ្ចីលុយដើម្បី យកទៅលេងស្រុកកំណើត ៕