ភ្នំពេញ៖ ក្រសួងការបរទេសកម្ពុជា បានឲ្យដឹងនៅថ្ងៃចន្ទទី១៥ ខែកញ្ញា ឆ្នាំ២០១៤នេះថា ស្ត្រីខ្មែរចំនួន ៦នាក់ ដែលរងគ្រោះដោយសារចាញ់បោក មេខ្យល់នាំយកទៅរៀបការ ជាមួយបុរសជនជាតិចិន នឹងត្រឡប់មកប្រទេសកម្ពុជាវិញ នៅថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០១៤ វេលាម៉ោង ១១និង៣០នាទីយប់ ខណៈ៧នាក់ផ្សេងទៀត នឹងមកពីប្រទេសអារ៉ាប់ប៊ីសាអ៊ូឌីត នៅចុងខែនេះ។
ស្ត្រីខ្មែរទាំង៦នាក់នោះទី១ឈ្មោះ-សែម ចាន់ណាក់ (ខេត្តកំពង់ចាម )ទី២-ខន សុភី(កណ្ដាល)ទី៣- សំ ស្រីលាភ (កំពង់ចាម)ទី៤-គុន ចាន្ធូ (កំពង់ចាម)ទី៥-យួន ស៊ីវៃ (កំពង់ចាម) និងទី៦- ដន ចំរើន (កំពង់ចាម)។ សម្រាប់សំបុត្រយន្តហោះ មានការចេញថ្លៃដោយអង្គការ ទេសន្តប្រវេសន៍អន្តរជាតិ (IOM) សហការជាមួយស្ថានទូតកម្ពុជា ប្រចាំប្រទេសចិន។ នេះបើតាមការបញ្ជាក់របស់ លោកកុយ គួង អ្នកនាំពាក្យក្រសួងការបរទេសកម្ពុជា។
លោក កុយ គួង បានឲ្យដឹងទៀតថា គិតចាប់ពីខែមករា ដល់ខែកញ្ញា ឆ្នាំ២០១៤នេះ ស្ថានទូត និងស្ថានអគ្គកុងស៊ុលកម្ពុជាប្រចាំប្រទេសចិន បានអន្តរាគមន៍ជួយសង្គ្រោះ និងបញ្ជូនមកកម្ពុជា ស្ត្រីខ្មែរដែលរងគ្រោះជាង ៣០នាក់ ក្នុងចំណោមពាក្យបណ្ដឹងយ៉ាងច្រើន ដែលក្រសួងបានទទួលពីជន រងគ្រោះ គ្រួសារជនរងគ្រោះនិងភាគីពាក់ព័ន្ធ។
ដោយឡែកទាក់ទងនឹង ពលករខ្មែរចំនួន ៧នាក់ទៀត នឹងត្រឡប់មកប្រទេសកម្ពុជាវិញ នៅចុងខែកញ្ញានេះ បន្ទាប់ពីមានកិច្ចអន្តរាគមន៍ពី ស្ថានទូតថៃប្រចាំប្រទេសអារ៉ាប់ប៊ីសាអូឌីត។ ពលករខ្មែរទាំង៧នាក់នោះ ទី១-ឈ្មោះ អាស្មាត ស្លេះ ទី២- កុសល គង់ ទី៣- ហ៊ីម ម៉ាត់ ទី៤-ការ ទៀតម៉ាត់ ទី៥-អ៊ែល ម៉ាត់ទី៦-ស្លៃម៉ាណ យ៉ូប និងទី៧-រ៉ាសា ម៉ាត។ ក្នុងនោះសំបុត្រយន្តហោះ មានការសម្របសម្រួលពីស្ថានទូតថៃ និងថៅកែក្រុមហ៊ុន៕