កំពង់ឆ្នាំងៈ ឈើគ្រញូងជាប្រភេទឈើ កំពុងត្រូវប៉ាន់ ដែលជិតនឹងផុតពូជទៅហើយ បច្ចុប្បន្នឈ្មួញ ប្រើល្បិចគ្រប់រូបភាព ក្នុងការដឹកជញ្ជូន ធ្វើអាជីវកម្មលក់ទៅក្រៅប្រទេស ទោះបានតិចឬច្រើន ប្រសើរជាងអត់ ជាក់ស្តែង កាលពីវេលាម៉ោង ៣និង៤០នាទី រសៀលថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០១៤ កម្លាំងកងរាជអាវុធហត្ថ ស្នាក់ការលេខ៥០១ សហការកម្លាំងផ្នែករដ្ឋបាលព្រៃឈើ កំពង់ឆ្នាំងបានធ្វើការបង្ក្រាបរថយន្តកាមរីហើម បន្លំបង្កប់ដឹកឈើគ្រញូង បានមួយគ្រឿង នៅលើកំណាត់ផ្លូវជាតិលេខ៥ ស្ថិតនៅក្នុងភូមិត្រពាំងចាន់ ឃុំត្រពាំងចាន់ ស្រុកបរិបូណ៌ ខេត្តកំពង់ឆ្នាំង ។
នាយស្នាក់ការសន្តិសុខ៥០១ បានអោយដឹងថា ក្រោយពីទទួលបានសេចក្តីរាយការណ៍ មានរថយន្ត បង្កប់ដឹកឈើគ្រញូង លោកក៏សហការជាមួយកម្លាំងផ្នែក និង សង្កាត់រដ្ឋបាលព្រៃឈើ ធ្វើការស្ទាក់ចាប់ បានរថយន្តម៉ាកកាមរី ហើមពណ៌ស្លែ ពាក់ស្លាកលេខ ភ្នំពេញ 2C-3887 ដឹកឈើគ្រញូងមកពី ខេត្តពោធិ៍សាត់ ឆ្ពោះទៅរាជធានីភ្នំពេញ ប៉ុន្តែមកដល់ចំណុចខាងលើ ត្រូវបានសមត្ថកិច្ចធ្វើការស្ទាក់ចាប់បានតែម្តង ដោយឡែក អ្នកបើកបររត់គេចខ្លួនបាត់ស្រមោល។
លោក ហោ ដារ៉ា នាយផ្នែករដ្ឋបាលព្រៃឈើកំពង់ឆ្នាំង បានប្រាប់អោយដឹងថា រថយន្តដឹកឈើគ្រញូង ខាងលើគឺជារថយន្តប្រភេទរត់ការផ្លូវ តែឆ្លៀតបន្លំដឹកឈើគ្រញូង ចំនួន២២ដុំ ស្មើនឹង ១២៨គីឡូក្រាម រថយន្តប្រគល់ជូន កម្លាំងកងរាជអាវុធហត្ថស្នាក់ការលេខ៥០១ ទុកធ្វើជាមធ្យោបាយបំរើការងារអង្គភាព រីឯឈើយកទៅរក្សាទុក នៅខណ្ឌរដ្ឋបាលព្រៃឈើខេត្តកំពង់ឆ្នាំង៕