ភ្នំពេញ៖ ក្រុមវិនិយោគិនបរទេស ដែលធ្វើការរកស៊ីលើវិស័យ អចលនទ្រព្យនៅកម្ពុជា បានផ្តោត សំខាន់ទៅលើការវិនិយោគសាងសង់ខុនដូ ឬអាផាតមិន ជាជាងការសាងសង់ផ្ទះល្វែង ដែលផ្ទុយស្រលះពីអ្នកវិនិយោគក្នុងស្រុក ច្រើននិយមលើការសាងសង់ផ្ទះល្វែងទៅវិញ។
លោក ចេង ខេង អគ្គនាយកក្រុមហ៊ុនអចលនទ្រព្យ ស៊ីភីអែល ខេមបូឌា ប្រភើធី លីមីតធីត បានមានប្រសាសន៍ក្នុងសន្និសីទសារព័ត៌មាន បន្ទាប់ពីមានការជួបជុំក្រុមអ្នកជំនាញ ខាងវិស័យអចលនទ្រព្យ កាលពីថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០១២ថា អ្នកវិនិយោគបរទេសទាំងនោះ មកពីប្រទេស ចិន វៀតណាម ម៉ាឡេស៊ី សិង្ហបុរី កូរ៉េ និងប្រទេសជប៉ុនជាដើម ដែលនិយមចូលចិត្តវិនិយោគលើផ្នែកខុនដូ និងអាផាតមិន ច្រើនជាផ្ទះល្វែងដែល គេហៅថា បុរី។
លោកបន្តថា រៀបចំនេះធ្វើឡើង ក្នុងគោលបំណង ជួបជុំក្រុមអ្នកជំនាញ ខាងវិស័យអចលនទ្រព្យ ដើម្បីរិះរកមធ្យោបាយ ធ្វើយ៉ាងណា ធ្វើឲ្យ ប្រជាពលរដ្ឋកម្ពុជា ក៏ដូចជាអ្នកវិនិយោគិន ទទួលបាននូវផលចំណេញទាំងអស់គ្នា ក្នុងវិស័យអចលនទ្រព្យ។
លោកបានបន្តថា «ពួកគេតែងតែគិតថា ការវិនិយោគនៅស្រុកយើង ល្អជាងប្រទេសជិតខាង ព្រោះ យើងនូវមានតម្រូវការខ្ពស់ ហើយដូចប្រទេស ជិតខាងអាគារគេមានរាប់ពាន់កប់ពពក ។ អីចឹងគេអត់ចង់ទៀតទេ តែគេចង់អ្វីដែលទើបតែមានការអភិវឌ្ឍថ្មីថ្មោង ព្រោះការដែលគេ វិនិយោគទៅ លើប្រទេសមួយ ដែលរីកចម្រើនហើយ គេចំណាយដើមទុនខ្ពស់ហើយ។ ប្រាក់ចំណេញរបស់ពួកគេ ក៏ទទួលបានទាបដែរ តែបើសិនប្រទេស ដែល កំពុងរីកចម្រើនដូចយើង គេវិនិយោគទៅ គេអាចចំណាយដើមទុនតិច ប៉ុន្តែគេអាចទទួលបានផលចំណេញច្រើន»។
បើយោងតាមរបាយការណ៍ ពីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានឲ្យដឹងថា មានក្រុមហ៊ុនសាងសង់ និងសិក្សាគម្រោងប្លង់ បានចុះ បញ្ជីនៅក្រសួង គិតចាប់ពីឆ្នាំ២០០០ ដល់០៩ខែដើមឆ្នាំ ២០១២នេះ មានចំនួនសរុប១,១៨២ ក្រុមហ៊ុន ក្នុងនោះក្រុមហ៊ុនសាងសង់ ក្នុងស្រុកចំនួន ៨៨៧ ក្រុមហ៊ុនសាងសង់បរទេសចំនួន២៤៧ ក្រុមហ៊ុនសិក្សាគម្រោងប្លង់ក្នុងស្រុកចំនួន៤០ និងក្រុមហ៊ុនសិក្សាគម្រោង ប្លង់បរទេសមាន ចំនួន០៨៕