ភ្នំពេញ ៖ គ្មាននរណាគេដឹងបានឡើយ ថា មិត្ដភក្ដិល្អួកល្អឺនចាក់ទឹកមិនលិច លោក វ៉ន ពៅ និងលោក សុខ ឈុនអឿន ដែល ជាថ្នាក់ដឹកនាំ សមាគមប្រជាធិបតេយ្យឯក រាជ្យនៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ (IDEA) បាន ដើរមកដល់ផ្លូវបំបែក ដោយសារតែទំនាស់ ផលប្រយោជន៍ និងនិន្នាការនយោបាយ ។ បើគ្មាន អ្វីប្រែប្រួលទេ នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី១៨ ខែកញ្ញា ឆ្នាំ២០១៤ នេះ ពួកគេនឹង បញ្ចេញថ្វីដៃរៀងៗខ្លួន តាមរយៈនៃការ រៀបចំឱ្យមានសមាជវិសាមញ្ញនៅទីស្នាក់ ការ CLEC របស់លោក យ៉េង វីរៈ នៅខាង ក្រោយអធិការនគរបាលខណ្ឌដង្កោ ។
លោក សុខ ឈុនអឿន បានថ្លែងប្រាប់ មជ្ឈមណ្ឌលព័ត៌មានដើមអម្ពិល នៅរសៀល ថ្ងៃពុធ ទី១៧ ខែ កញ្ញា នេះថា លោក និង លោក វ៉ន ពៅ ដែលធ្លាប់ជាមិត្ដភក្ដិជិតស្និទ្ធ យូរឆ្នាំមកហើយ បានចាប់ផ្ដើមមានបញ្ហាជា មួយគ្នាកាលពីថ្មីៗកន្លងទៅនេះ ដោយសារ តែការដឹកនាំរបស់លោក វ៉ន ពៅ ខុសទៅ នឹងលក្ខខន្ដិកៈរបស់សមាគម ។
លោក សុខ ឈុនអឿន បានបន្ដថា អ្វី ដែលពួកយើងឈានដល់មិនចុះសម្រុងគ្នា នេះ ដោយសារតែលោកបានស្នើសុំឱ្យលោក វ៉ន ពៅ ដែលជាប្រធានសមាគមធ្វើរបាយ ការណ៍ចំណូល និងចំណាយរបស់សមាគម ឱ្យថ្នាក់ដឹកនាំសមាគមទាំងអស់បានដឹង ជា ពិសេសប្រទេសដែលផ្ដល់ជំនួយ ដល់សមាគម ។ ក៏ប៉ុន្ដែ លោក វ៉ន ពៅ មិនបានធ្វើ របាយការណ៍នោះទេ ជាហេតុធ្វើឱ្យលោក រិតតែមិនសប្បាយចិត្ដ ហើយបានស្នើសុំឱ្យ ប្រទេសម្ចាស់ជំនួយ ផ្អាកជំនួយទាំងស្រុង មកកាន់សមាគម ។
លោក សុខ ឈុនអឿន បានឱ្យដឹងថា ម្យ៉ាងទៀត លោក និងលោក វ៉ន ពៅ ឈាន ដល់ផ្លូវបំបែក ដោយសារតែអ្នកនយោបាយ ពីគណបក្សសង្គ្រោះជាតិ លូកចូលជ្រៅខ្លាំង ពេកទៅក្នុងសមាគមនេះ ដែលវាផ្ទុយទៅ នឹងលក្ខន្ដិកៈរបស់សមាគមលើសពីនេះទៅ ទៀត នៅក្នុងជួរថ្នាក់ដឹកនាំរបស់សមាគម នេះ ក៏ជាសមាជិកគណបក្សសង្គ្រោះជាតិផងដែរ ។
លោក សុខ ឈុនអឿន បានបន្ដថា ជា មធ្យមក្នុងមួយឆ្នាំ ប្រទេសផ្ដល់ជំនួយជួយ មកសមាគមជាង ១៦ម៉ឺនដុល្លារសហរដ្ឋអា ម៉េរិក ។ ប៉ុន្ដែ ចាប់តាំងពីលោកបានស្នើសុំ ឱ្យប្រទេសផ្ដល់ជំនួយផ្អាកជំនួយមក ជំនួយ មិនបានមកដល់សមាគមទៀតទេ ចាប់តាំង ពីខែសីហាកន្លងមកនេះ ។
លោក សុខ ឈុនអឿន បានឱ្យដឹងទៀត ថា ការមិនទុកចិត្ដ ហើយឈានទៅដល់ផ្លូវ បែកបាក់គ្នានេះ បានកើតមានចាប់តាំងពីមុន លោក វ៉ន ពៅ ត្រូវបានចាប់ខ្លួនកាលពីខែ មករា ឆ្នាំ២០១៤ កន្លងមកម្ល៉េះ ហើយរឿង ដែលលេចធ្លោកាន់តែខ្លាំងឡើង នៅក្នុងខែ មិថុនា រហូតដល់ស្នើសុំឱ្យមានការបោះឆ្នោត រើសប្រធានសម្រាប់ដឹកនាំសមាគមថ្មីថែម ទៀតផង ។
លោក សុខ ឈុនអឿន បានឱ្យដឹងទៀត ថា នៅក្នុងសមាជវិសាមញ្ញថ្ងៃព្រហស្បតិ៍ ទី ១៩ ស្អែកនេះ គោលបំណងរបស់លោក និង ក្រុមអ្នកគាំទ្ររបស់លោក នឹងនាំគ្នាស្រែក តវ៉ាជំទាស់ទៅនឹងអង្គសមាជវិសាមញ្ញនេះ រួចហើយនាំគ្នា មកកាន់ក្រសួងមហាផ្ទៃដើម្បី ស្នើសុំឱ្យក្រសួងមហាផ្ទៃពិចារណាតាមផ្លូវ ច្បាប់ ក្នុងការបិទឈ្មោះបញ្ជីសមាគមប្រជា ធិបតេយ្យ សេដ្ឋកិច្ចក្រៅប្រព័ន្ធ ។
លោក សុខ ឈុនអឿន បានបន្ដថា លោកក៏បានស្នើសុំលោក វ៉ន ពៅ ឱ្យពន្យារ ពេលសមាជវិសាមញ្ញ ដោយសារតែជិត បុណ្យភ្ជុំ ប៉ុន្ដែ លោក វ៉ន ពៅ បានបដិសេធ មិនព្រមពន្យារពេល ដូច្នេះសមាជវិសាមញ្ញ នេះ លោកនឹងមិនចូលរួមទេ ប៉ុន្ដែឈរនៅ ខាងក្រៅតវ៉ា រួចហើយលោក និងសមាជិក គាំទ្រលោក នឹងនាំគ្នាដើរយកញត្ដិទៅដាក់ នៅក្រសួងមហាផ្ទៃ ដេម្បីសុំឱ្យក្រសួងមហាផ្ទៃលុបឈ្មោះសមាគមនេះចេញពីបញ្ជីផ្លូវការ ។
នៅរសៀលថ្ងៃដដែល មជ្ឈមណ្ឌលព័ត៌ មានដើមអម្ពិល មិនអាចសុំការអត្ថាធិប្បាយ ពីលោក វ៉ន ពៅ បានទេ ទាក់ទិនទៅនឹងការ លើកឡើង របស់លោក សុខ ឈុនអឿន ខាងលើនេះ ក៏ប៉ុន្ដែ លោកអាចនឹងថ្លែង ប្រាប់អ្នកកាសែតនៅថ្ងៃស្អែក ៕