កំពង់ធំៈ អាជ្ញាធរខេត្តកំពង់ធំ របស់ប្រទេសកម្ពុជា និងអាជ្ញាធរខេត្តសូរិន្ទ របស់ប្រទេសថៃ បានសន្យាបង្កើន កិច្ចសហប្រត្តិបតិការ លើវិស័យសេដ្ឋកិច្ច វិស័យ ពាណិជ្ជកម្ម ការវិនិយោគ កាន់តែមានការរីកចម្រើនខ្លាំងឡើង សម្រាប់ប្រជាជនទាំង២ តបទៅនឹងអ្វីដែលរាជរដ្ឋាភិបាល កម្ពុជា-ថៃ បានសន្យាជាមួយគ្នា ។
ការជំរុញនិងលើកកម្ពស់លើ វិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម និងការវិនិយោគ កាន់តែប្រសើរឡើង របស់អាជ្ញាធរខេត្ត ទាំង២ បានធ្វើឡើងនៅក្នុងជំនួប ពិភាក្សាការងារ កាលពីព្រឹកថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០១៤ ដែលខាងខេត្តកំពង់ធំ ដឹកនាំដោយ លោក គង់ វិមាន អភិបាលរងខេត្ត និងខេត្តសូរិន្ទ របស់ប្រទេសថៃ ដឹកនាំដោយ អភិបាលរងខេត្ត លោក ថាវ៉ន គុណឆូត ក្នុងដំណើរទស្សនកិច្ច មកស្វែងយល់ពីសក្តានុពល សេដ្ឋកិច្ច របស់ខេត្តកំពង់ធំ នឹងដើម្បីពិភាក្សា លើការងារ ចង់ឲ្យមានកិច្ច សហប្រត្តិបតិការ ចងសម្ព័ន្ធមេត្រីរវាង ខេត្ត និងខេត្ត។
កិច្ចប្រជុំនេះក៏មានការចូលរួមពី ប្រធានសភាពាណិជ្ជកម្ម ខេត្តកំពង់ធំ ប្រធានមន្ទីរពាណិជ្ជកម្ម ប្រធានមន្ទីរ ឧស្សាហកម្ម ប្រធានមន្ទីរកសិកម្ម។ ដោយឡែក គណៈប្រតិភូថៃ ដែលអមអភិបាលរងខេត្ត មានអភិបាលស្រុក ប្រធានមន្ទីរពាណិជ្ជកម្ម និងមន្ត្រីពាក់ព័ន្ធមួយចំនួនទៀត។
កិច្ចពិភ្សាខាងលើនេះ ក៏ផ្តោតសំខាន់ទៅលើការនាំទំនិញ កសិផល ផលិតផល របស់ខេត្តទាំងពីរ ដើម្បីធ្វើការដោះ ដូរទំនិញគ្នា ។ នៅក្នុងកិច្ចពិភ្សានេះ អភិបាលរង ខេត្តកំពង់ធំ លោក គង់ វិមាន ដែលតំណាងឲ្យអភិបាលខេត្ត បានលើកឡើងពីសក្តានុពល សេដ្ឋកិច្ចរបស់ ខេត្តកំពង់ធំ ជាច្រើនដូចជា ផ្ទៃដីស្រែដាំដុះ ខេត្តកំពង់ធំ គឺជាជម្រុក ស្រូវទី២ បន្ទាប់ពីខេត្តបាត់ដំបង ហើយផ្ទៃដីកសិកម្ម មានច្រើនណាស់ពោល ទាំងស្រូវវស្សា និងស្រូវប្រាំង មានជាង២០ម៉ឺនហិកតា ហើយទិន្នផលទទួល បានក្នុងមួយឆ្នាំជិត៦០តោន។ ក្នុងនោះទិន្នផល ដែលប្រើប្រាស់ក្នុង ស្រុកមានប្រហែល១០ម៉ឺនតោន ជាអង្ករ ហើយសល់ពីនោះត្រូវបាននាំចេញ យកទៅលក់នៅ ប្រទេសវៀតណាម នៅប្រទេសថៃ រហូតដល់ប្រទេសចិន ប្រទេសហ្វីលីពីន និងប្រទេសមួយចំនួនទៀត។
សម្រាប់ដំណាំដំឡូងមីវិញ ត្រូវបាន លោក គង់ វិមាន លើកឡើងថា ផ្ទៃដីដាំដុះក្នុងមួយឆ្នាំមានចំនួន៣ម៉ឺនហិកតា ហើយទិន្នផលត្រូវបាននាំទៅលក់នៅប្រទេសថៃ ប្រទេសវៀតណាម និងកំពុងរៀបចំកែច្នៃយកទៅលក់នៅ ប្រទេសចិន ហើយបច្ចុប្បន្ននេះ ក៏មានឈ្មួញ និងអ្នកវិនិយោគ មកពីប្រទេសថៃ វៀតណាម និងប្រទេសចិន មកបើករោងចក្រ ព្រមទាំងការប្រមូលទិញផងដែរ។
សម្រាប់ដំណាំស្វាយចន្ទី ខេត្តកំពង់ធំ មានផ្ទៃដីដាំដុះ២ម៉ឺន៣ពាន់ ហិកតា ហើយក្នុងមួយឆ្នាំ ទទួលបានទិន្នផល ១ម៉ឺន៦ពាន់ តោន និងនាំចេញយកទៅលក់នៅ ប្រទេសវៀតណាម ប្រទេសថៃ និងប្រទេសមួយចំនួនទៀត។
សម្រាប់វិស័យ កសិកម្ម វិស័យកសិ-ឧស្សាហ៍កម្ម និងដំណាំកៅស៊ូ ខេត្តកំពង់ធំ មានផ្ទៃដីដាំដុះរបស់ ក្រុមហ៊ុនសម្បទាន សេដ្ឋកិច្ចចំនួន ១០ម៉ឺន៥ពាន់ហិកតា ហើយក្នុងនោះ ក្រុមហ៊ុនដាំរួចមានចំនួន១០ម៉ឺនហិកតា ខណៈដែល៥ពាន់ហិកតាទៀត គឺជាកៅស៊ូគ្រួសារ។ សម្រាប់ដំណាំកៅស៊ូនេះ នឹងដាំចប់ជាស្ថាពរ នៅឆ្នាំ២០១៥-២០១៦ ហើយនៅ ឆ្នាំ២០១៥ ក្រុមហ៊ុនមួយ ចំនួននឹងចាប់ផ្តើមជៀជ័រជាបណ្តើរៗ ។ លោកគង់ វិមាន ក៏បានលើកឡើងពីដំណាំរួមផ្សំ ដូចជាសណ្តែកបាយ សណ្តែកសៀង ល្ង ពោត ដែលមានការ ដាំដុះ ទាំងប្រាំង និងវស្សា ជាង១ម៉ឺនហិកតា។
រីឯប្រព័ន្ធធារាសាស្ត្រ ដែលជាជំនួយរបស់ប្រទេសចិន នោះលោកបញ្ជាក់ថា និងបានទឹកប្រើប្រាស់ សម្រាប់ស្រោចស្រព ផ្ទៃដីស្រែរបស់ប្រជាកសិករជាច្រើនហិកតា។ វិស័យហេដ្ឋា រចនាសម្ព័ន្ធ នៅក្នុងខេត្តកំពង់ធំ ត្រូវបានអភិបាលរងខេត្ត ប្រាប់ទៅគណៈប្រតិភូថៃ ឲ្យដឹងថា នាពេលបច្ចុប្បន្ន ផ្លូវជាតិ៦អា ដែលតភ្ជាប់ពីព្រំប្រទល់ ខេត្តកំពង់ចាម និងខេត្តសៀមរាប សាងសង់ដោយក្រុមហ៊ុន សៀងហៃ របស់ប្រទេសចិន មានប្រវែង ១៤៧គីឡូម៉ែត្រ និងចប់នៅឆ្នាំ២០១៦-២០១៧ ។ ផ្លូវមួយខ្សែនេះ មានប្រយោជន៍យ៉ាងធំធេង សម្រាប់ ការភ្ជាប់ទំនាក់ទំនងរវាងខេត្តកំពង់ធំ ដោយឆ្លងកាត់ខេត្តសៀមរាប ខេត្តឧត្តរមានជ័យ ហើយប្រជាពលរដ្ឋ អាចដឹកទំនិញយក ទៅលក់នៅតាមព្រំដែនប្រទេសថៃ។
នៅឆ្នាំ២០១៥ ផ្លូវចំនួន២ខ្សែទៀតត្រូវសាងសង់ដោយខ្សែទី១ ចេញពីទីរួមខេត្តកំពង់ធំ ឆ្លងកាត់ដៃទន្លេសាប ស្រុកកំពង់លែង ទៅផ្សារក្រោម ខេត្តកំពង់ឆ្នាំង ជាង៥០គីឡូម៉ែត្រ នឹងត្រូវកសាងនៅឆ្នាំ២០១៥ ហើយផ្លូវមួយខ្សែ ទៀតជាង១០០គីឡូម៉ែត្រ កាត់តាមកំពង់ថ្ម ភ្នំជី ទុំរីង ស្រុកសណ្តាន់ ឆ្ពោះទៅខេត្តក្រចេះ ដែលនឹងសាងសង់ នៅឆ្នាំ២០១៥-២០១៦។
លោកអភិបាលរងខេត្ត ក៏បានលើកឡើងពីពលករចំណាកស្រុក ខេត្តកំពង់ធំ ក្នុងមួយឆ្នាំៗប្រមាណ ៣ម៉ឺននាក់ ដែលទៅបម្រើការងារ ទាំងស្របច្បាប់ និងមិន ស្របច្បាប់ ហើយមានចំនួនច្រើនជាងគេ នៅប្រទេសថៃ ។ លោកបន្តថា កាលពីពេលថ្មីៗនេះ ខេត្តកំពង់ធំទទួលពលករពីប្រទេសថៃ វិញចំនួន១ម៉ឺន ៤ពាន់ នាក់ ដែលបម្រើការងារមិនស្របច្បាប់នៅទីនោះ ហើយនៅសល់ចំនួនពាក់កណ្តាលទៀត។
ចំពោះបញ្ហានេះ អភិបាលរងខេត្តកំពង់ធំ បានស្នើឲ្យភាគីថៃជួយយោគយល់ ពលករទាំងស្របច្បាប់ និងមិនស្របច្បាប់ ស្នាក់នៅ ហូបចុក និងការទទួលប្រាក់ខែឲ្យ បានសមរម្យ។ ជាមួយគ្នានេះ លោក គង់ វិមាន បានស្នើឲ្យភាគីថៃ ជួយទប់ស្កាត់ពលករ ចំណាកស្រុក តាមរយៈការអប់រំផ្សព្វផ្សាយ ជួនប្រជាពលរដ្ឋ ដែលលួចឆ្លងដែន ទៅ កាប់ឈើគ្រញូងនៅក្នុងទឹកដីថៃ ដែលកន្លងទៅស្លាប់នឹងរបួស ជាច្រើននាក់ ដោយសារតែទាហានថៃបាញ់។ លោកបានស្នើសុំទៅភាគីថៃផ្តល់បទពិសោធការងារ លើការអប់រំ វស័យកសិកម្ម ឧស្សាហ៍កម្ម និងបណ្តុះបណ្តាលវិជ្ជាជីវៈផ្សេងៗ ដល់មន្ត្រីរាជការ ពលករ បងប្អូនប្រជាពលរដ្ឋ ឲ្យបានសិក្សា។ ស្នើឲ្យភាគីថៃផ្តល់អាហារូបករណ៍ ដល់សិស្សដែលរៀននៅវិទ្យាល័យកំពង់ឈើទាល ដែលកន្លង ទៅទទួលការឧត្ថម្ភពីម្ចាស់ក្សត្រី សូរិន្ទថន ហើយនាពេលកន្លងទៅ ថៃបានផ្តល់អាហារូបករណ៍ជាច្រើនរយនាក់ ផងដែរ ។
លោកក៏សុំឲ្យភាគីថៃបណ្តុះបណ្តាល លើវិស័យកសិកម្ម ដល់មន្ត្រីរាជការបានសិក្សាលើការ ចិញ្ចឹមសត្វ ដាំបន្លែ ពីព្រោះនៅខេត្តសូរិន្ទ មានសាលាបណ្តុះបណ្តាល លើបញ្ហាទាំងនេះ។ សើ្នឲ្យភាគីថៃអញ្ជើញគណៈប្រតិភូ ខេត្តកំពង់ធំ ទស្សនកិច្ចដើម្បី ស្វែងយល់ពីសក្តានុពលរ នៅខេត្តសូរិន្ទ ក្នុងគោលបំណងជំរុញឲ្យអាជីវករ និងវិស័យឯកជន ចាប់ដៃគ្នាបង្កើនវិស័យពាណិជ្ជកម្មខេត្ត និងខេត្ត។
លោក គង់ វិមាន បានលើកឡើងទៀតថា នាពេលកន្លងទៅលោកបានដឹកនាំក្រុមការងារ ចុះកិច្ចព្រមព្រៀម សហគ្រាសខ្នាតតូច និងខ្នាតមធ្យម ហើយលោកបានដឹកនាំកសិករ អាជីវករ ពាណិជ្ជករ ទៅខេត្តចំនួន២០ ភាគឥសានប្រទេសថៃ ហើយកិច្ចព្រមព្រៀងទាំងនេះ បានធ្វើឡើងនៅខេត្តព្រះវិហារចំនួន១ លើក សៀមរាប២លើក ខេត្តអ៊ូប៊ុន១លើក ។ ខេត្តកំពង់ធំ និងខេត្តព្រះវិហារ ក៏បានចុះកិច្ចព្រមព្រៀងលើការវិនិយោគវិស័យ ឯកជនបានចំនួន ៤៣មុខទំនិញ ដែលវិស័យឯកជនទាំងនេះរកស៊ី ជាមួយគ្នា ដូច្នេះខេត្តកំពង់ធំ និងខេត្តមួយចំនួន និងដឹកនាំវិស័យឯកជន ចុះកិច្ចព្រមព្រៀង ហើយត្រូវរំលឹក និងបន្តអនុវត្តឲ្យ បានត្រឹមត្រូវ។
ក្រោយពីស្តាប់របាយការណ៍សង្ខេប របស់អាជ្ញាធរខេត្តកំពង់ធំរួចមក អភិបាលរងខេត្តសូរិន្ទមានការចាប់អារម្មណ៍ យ៉ាងខ្លាំងហើយលោក ក៏បានលើកឡើងពីសក្តានុពល សេដ្ឋកិច្ច និងវិស័យផ្សេងទៀតៗនៅខេត្តសូរិន្ទផងដែរ។ ភាគីថៃក៏ព្រមទទួលយកសំណូមពរ របស់អភិបាលរងខេត្តកំពង់ធំ ដើម្បីធ្វើសេចក្តីរាយការណ៍ទៅថ្នាក់លើ និងមានលិខិតអញ្ជើញ គណៈប្រតិភូខេត្តកំពង់ធំ ទៅទស្សនកិច្ចខេត្តសូរិន្ទផងដែរ ។
ចំពោះរបៀបវីរៈនៃការចងសម្ព័ន្ធរវាងខេត្តទាំងពីនោះ គណៈប្រតិភូនឹងធ្វើការពិភ្សាគ្នាបន្តទៀត នៅខេត្តសូរិន្ទ ហើយនឹងមានគោលការណ៍បន្តទៀត សុំទៅរាជរដ្ឋាភិបាល តាមរយៈក្រសួងមហាផ្ទៃ។
ជាចុងក្រោយ លោក គង់ វិមាន បានស្នើឲ្យភាគីថៃខិតខំ ជំរុញលើផ្នែកពាណិជ្ជកម្ម ព្រមទាំងប្រទេស មួយចំនួនទៀត នៅ តំបន់អាស៊ាន ជួយគ្នាទៅវិញទៅមក ពីព្រោះនៅឆ្នាំ២០១៥ ជាឆ្នាំនៃសមាហរណកម្មអាស៊ាន ធ្វើយ៉ាងណាឲ្យមានកំណើន សេដ្ឋកិច្ចជាងប្រទេស មួយចំនួនទៀតនៅក្រៅពីអាស៊ាន ៕