កណ្តាល៖ កម្លាំងកងរាជអាវុធហត្ថ ស្រុកកណ្តាលស្ទឹង បានធ្វើការឆ្មក់ ចូលបង្ក្រាប ក្រុមប្រើប្រាស់គ្រឿងញៀន បាន៥នាក់ និងឈានទៅឃាត់ខ្លួន អ្នកចែកចាយបានម្នាក់ រួមទាំងវត្ថុតាងមួយចំនួនផងដែរ កាលពីវេលា ម៉ោង០៨ ព្រឹកថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០១៤ ស្ថិតក្នុងភូមិជ័យជំនះ ឃុំសៀមរាប ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល ។
លោកវរសេនីយ៍ត្រី ជុន វណ្ណី មេបញ្ជាការកងរាជអាវុធហត្ថ ស្រុកកណ្តាលស្ទឹង បានឲ្យដឹងថា ដោយមានការ ចង្អុលបង្ហាញពីលោកឧត្តមសេនីយ៍ត្រី មាស សុវណ្ណ មេបញ្ជាការកងរាជអាវុធហត្ថ ខេត្តកណ្តាល និងមាន ការណែនាំ បន្ថែមពីលោកវរសេនីយ៍ទោ ទូច អ៊ីណាន មេបញ្ជាការរងកងរាជអាវុហត្ថខេត្តកណ្តាល និងជាប្រធាន មន្ទីរស្រាវជ្រាវ យុត្តិធម៌ផងនោះ ឲ្យលោកខិតខំពង្រឹងសុវត្ថិភាព ជូនប្រជាពលរដ្ឋក្នុងមូលដ្ឋានរបស់ខ្លួន ជាពិសេសនោះ ត្រូវអនុគោលនយោបាយដែលរាជរដ្ឋាភិបាល បានដាក់ឲ្យគឺភូមិ ឃុំមានសុវត្ថិភាពទាំង៩ចំណុច ទើបលោកខិតខំដឹកនាំ កម្លាំងដើរល្បាតទាំងយប់ទាំងថ្ងៃលុះ ក៏ប្រទះឃើញជនសង្ស័យចំនួន៥នាក់ កំពុង ប្រើប្រាស់គ្រឿង ទើបធ្វើការបង្ក្រាបបានជាក់ស្តែងតែម្តងរួច បញ្ជូនទៅកាន់មូលដ្ឋានកងរាជអាវុធហត្ថ ស្រុកកណ្តាលស្ទឹង ដើម្បីធ្វើការសាកសួរ។
លោកបានបន្តថា បន្ទាប់ពីឃាត់ខ្លួនជនសង្ស័យទាំង៥នាក់ យកទៅសាកសួររួច ទើបឈានទៅឃាត់ខ្លួន បានជន សង្ស័យម្នាក់ទៀតដែលជាអ្នកចែកចាយគ្រឿងញៀន និងបានសុំយោបល់ថ្នាក់លើចុះទៅ ឆែកឆេរលំនៅដ្ឋាន របស់ជនសង្ស័យដោយមានការឯកភាព ពីព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកណ្តាលផងដែរ។ហើយបន្ទាប់ពី ធ្វើឆែកឆេរលំនៅដ្ឋានរបស់ជនសង្ស័យរួចកម្លាំង របស់លោករកឃើញនូវវត្ថុតាងថ្នាំញៀនចំនួន៣កញ្ចប់ និងសម្ភារៈសម្រាប់ប្រើប្រាស់ វេចខ្ចប់មួយចំនួន និងម៉ូតូចំនួន២គ្រឿងដែលជាមធ្យោបាយ របស់ជនសង្ស័យ ជិះធ្វើសកម្មភាព។
លោកបានបន្តថា ជនសង្ស័យទី១ឈ្មោះ ពិន វុទ្ធី ភេទប្រុស អាយុ៣៩ឆ្នាំ មានទីលំនៅក្នុងភូមិជ័យជំនះ ឃុំសៀមរាប ស្រុកកណ្តាលស្ទឹង(ជាអ្នកចែកចាយ) ។ ទី២-ឈ្មោះ សុខ ស្រស់ ភេទប្រុស អាយុ១៩ឆ្នាំ មុខរបរកម្មកររោងចក្រ មានទីលំនោក្នុងភូមិពោធិ៍ត្នោត ឃុំជើងកើប ស្រុកកណ្តាលស្ទឹង ទី៣-ឈ្មោះ អង វណ្ណា ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរកម្មកររោងចក្រ មានទីលំនៅក្នុងភូមិជើងព្រៃ ឃុំអំពៅព្រៃ ស្រុកកណ្តាលស្ទឹង ទី៤-ឈ្មោះ ស៊ុន កុសល ភេទប្រុស អាយុ១៩ឆ្នាំ មុខរបរកម្មកររោងចក្រ មានទីលំនៅក្នុងភូមិស្តៅកន្លែង ឃុំដីឥដ្ឋ ស្រុកកៀនស្វាយ ខេត្តកណ្តាល ទី៥-ឈ្មោះ យ៉េន សត្យា ភេទប្រុស អាយុ២៣ឆ្នាំ មុខរបរជាកសិករ មានទីលំនៅ ក្នុងភូមិស្វាយមីង ឃុំបាគូរ ស្រុកកណ្តាលស្ទឹង និងទី៦-ឈ្មោះ លាង កុសល ភេទប្រុស អាយុ២៥ឆ្នាំ មុខរបរ កម្មកររោងចក្រ មានទីលំនៅក្នុងភូមិអន្លង់រមៀត ឃុំអន្លង់រមៀត ស្រុកកណ្តាលស្ទឹង អ្នកទាំង៥ជាអ្នកប្រើប្រាស់។
លោកបានបន្ថែមថា ជនសង្ស័យទាំង៦នាក់បន្ទាប់ពីកម្លាំង របស់លោកសាកសួរ រួចនិងបានកសាង សំណុំរឿង ចាត់ការ ទៅតាមនីតិវិធីនៃផ្លូវច្បាប់ ប៉ុន្តែបច្ចុប្បន្នត្រូវឃុំខ្លួន ជាបណ្តោះអាសន្ន នៅមូលដ្ឋានកងរាជអាវុធហត្ថ ស្រុកកណ្តាលស្ទឹង៕