ភ្នំពេញ ៖ តំណាងរាស្រ្ដគណបក្ស សម រង្ស៊ី លោក សុន ឆ័យ បានបញ្ជាក់ថា ករណីប្រធានចលនាយុវជនគណបក្សរបស់ខ្លួន ប្ដឹងសម្តេចតេជោ ហ៊ុន សែន ទាក់ទិនទៅនឹងការស្លាប់មនុស្ស នៅស្ពានកោះពេជ្រ គឺរឿងបុគ្គល មិនជាប់ពាក់ព័ន្ធជាមួយគណបក្សឡើយ។
លោក សុន ឆ័យ ប្រធានក្រុមអ្នកតំណាងរាស្រ្ដ គណបក្ស សម រង្ស៊ី បានមានប្រសាសន៍ប្រាប់អ្នកកាសែត នៅថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០១២ ថា គណបក្ស សម រង្ស៊ី មិនបានណែនាំឲ្យ លោក សួង សុភ័ណ្ឌ ប្រធានចលនាយុវជនគណបក្ស សម រង្ស៊ី ប្ដឹងប្រមុខរាជរដ្ឋាភិបាលនោះឡើយ ហើយរឿងនេះ គឺជារឿងបុគ្គល មិនមែនជារឿងគណបក្សនយោបាយឡើយ។
លោកបន្ត ថា”ខ្ញុំគ្រាន់តែបញ្ជាក់ ថា អ្វីដែលលោក សុភ័ណ្ឌ ប្រធានចលនាយុវជនគណបក្សសម រង្ស៊ី បានប្ដឹងនាយករដ្ឋមន្រ្ដី មិនមែនជាការណែនាំ របស់គណបក្ស សម រង្ស៊ី ទេ អាហ្នឹង សូមបញ្ជាក់ ហើយរឿងលោក សុភ័ណ្ឌខ្លួនឯង យល់ថា ត្រូវតែប្ដឹង អាហ្នឹងជាសិទ្ធិរបស់គាត់ ជាយោបល់ជា គំនិត របស់គាត់ ផ្តួចផ្តើមរបស់គាត់ ហើយគាត់បានធ្វើការងារនឹងដោយខ្លួនគាត់”។
លោកបន្ថែមថា ការប្ដឹងសម្តេចនាយករដ្ឋមន្រ្ដី នេះ មិនមែនជារឿងនយោបាយ របស់គណបក្សឡើយ ហើយបក្ស ក៏បានស្រាវជ្រាវផងដែរ នៅក្រោយ ថ្ងៃកើតហេតុ ដោយយល់ឃើញ ថា ត្រូវតែមានវិធានការពិន័យ ដល់អ្នកទទួលខុសត្រូវក្នុងព្រឹត្តិការណ៍ ផ្អើលជាន់គ្នាស្លាប់នោះ។ ការបញ្ជាក់របស់តំណាងរាស្រ្ដ គណបក្ស សម រង្ស៊ី ខាងលើនេះ បានធ្វើឡើង បន្ទាប់ពីប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានព្រមានថា នឹងប្ដឹងបកទៅកាន់ប្រធានចលនាយុវជន គណបក្សសមរង្ស៊ី វិញ ប្រសិនបើតុលាការរកមិន ឃើញកំហុសរបស់សម្តេច ពីការចោទ ប្រកាន់សម្តេច ថា ជាប់ទាក់ទិនទៅនឹងការស្លាប់មនុស្ស នៅស្ពានកោះពេជ្រ កាលពីថ្ងៃទី២២ ខែវិចិ្ឆកា ឆ្នាំ២០១០នោះ។
សម្តេចបានបញ្ជាក់ថា ក្នុងនាមសម្តេចជាពលរដ្ឋម្នាក់ ប្រសិនបើតុលាការ រកមិនឃើញកំហុស ដូចការចោទប្រកាន់ ពីសំណាក់លោក សួង សុភ័ណ្ឌ ប្រធានចលនាយុវជន គណបក្ស ប្រឆាំង មែននោះ សម្តេចនឹងប្ដឹងបកត្រឡប់ទៅវិញ ដែលនេះជាការចាំបាច់ដើម្បីរក្សាកិត្តិយស និងសេចក្ដីថ្លៃថ្នូ របស់សម្តេចផង និងរបស់រាជរដ្ឋាភិបាលផងដែរ។
សូមបញ្ជាក់ថា កាលពីថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០១២ ប្រធានចលនាយុវជន គណបក្ស សម រង្ស៊ី លោក សួង សុភ័ណ្ឌ បានដាក់ពាក្យបណ្តឹង ទៅ សាលាដំបូងរាជធានីភ្នំពេញ ដោយចោទប្រកាន់សម្តេចតេជោ ហ៊ុន សែន ពីបទមនុស្សឃាតគិតទុកជាមុនក្នុងពិធីបុណ្យអុំទូក កាលពីរាត្រីថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០១០។ប្រធានចលនាយុវជនគណបក្សសម រង្ស៊ីរូបនេះ ក៏នឹងដាក់ពាក្យបណ្តឹង ទៅតុលាការយុត្តិធម៌ អន្តរជាតិ ទីក្រុងឡាអេ ក្នុង អំឡុងខែធ្នូ ឆ្នាំ២០១២ខាងមុខនេះ៕