ព្រះវិហារ ៖ អភិបាលខេត្ដព្រះវិហារ លោក អ៊ុំ ម៉ារ៉ា នៅព្រឹកនិងរសៀល ថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០១៤នេះ បានដឹកនាំគណៈប្រតិភូ ចុះសួរសុខទុក្ខ និងចែកអំណោយ ជាគ្រឿងឧបភោគ បរិភោគ ជូនប្រជាពលរដ្ឋ ជិត ១០០០គ្រួសារ មកពីឃុំចំនួន៤ របស់ស្រុកជាំក្សាន្ដ ដែលទទួលរងផលប៉ះពាល់ ដោយសារគ្រោះទឹកជំនន់ ស្ទឹងសែន កាលពីអំឡុងខែសីហា កន្លងទៅ ហើយបន្ដទៅដាក់បិណ្ឌ និងចុះសួរសុខទុក្ខកងទ័ព នៅតំបន់ជាំតែ ។
មន្រ្តីសាលាខេត្ដព្រះវិហារ បានឱ្យដឹងថា នៅព្រឹកថ្ងៃទី២០ ខែកញ្ញា អភិបាលខេត្ដព្រះវិហារ និងក្រុមការងារ បាននាំយកជំនួយ ឧបត្ថម្ភប្រជាពលរដ្ឋ ៩៥៨ គ្រួសារ មកពីឃុំចំនួន ៤ ស្រុកជាំក្សាន្ដ ដែលទទួលរងផល ប៉ះពាល់ ដោយសារទឹកជំនន់ស្ទឹងសែន នាពេលកន្លងទៅ ។
នៅចំពោះមុខប្រជាពលរដ្ឋទាំងនេះ អភិបាលខេត្ដព្រះវិហារ បានលើកឡើងពីការយកចិត្ដទុកដាក់ របស់រាជ រដ្ឋាភិបាល និងថ្នាក់ដឹកនាំពាក់ព័ន្ធ ចំពោះប្រជាពលរដ្ឋ ដែលរងគ្រោះដោយសារទឹកជំនន់ មិនថាតែនៅខេត្ដ ព្រះវិហារនោះទេ គឺតាម បណ្ដាខេត្ដផ្សេងទៀត ។ ជាក់ស្ដែងនៅថ្ងៃនេះ លោកអភិបាលខេត្ដ និងក្រុមការងារ បាននាំអំណោយមកចែកជូន ដើម្បីកាត់បន្ថយការលំបាក របស់ប្រជាពលរដ្ឋ។
ជាមួយគ្នានេះ លោក អ៊ុំ ម៉ារ៉ា បានណែនាំ និងប្រាប់ទៅអាជ្ញាធរមូលដ្ឋាន ក៏ដូចជាកម្លាំងសមត្ថកិច្ច បន្ដតាមដានដោយ យកចិត្ដ ទុកដាក់ ចំពោះការរស់នៅរបស់ប្រជាពលរដ្ឋរងគ្រោះទាំងនេះ ។ ក្រោយបញ្ចប់ការចុះសួរសុខទុក្ខ និងចែកអំណោយ នៅព្រឹក ថ្ងៃដដែលនេះ អភិបាលខេត្ដព្រះវិហារ និងមានការចូលរួម ពីលោកឧត្ដមសេនីយ៍ ស្រី ឌឹក បានអញ្ជើញទៅដាក់បិណ្ឌទី១២ នៅវត្ដមរតកតេជោ ឃុំស្រអែម ស្រុកជាំក្សាន្ដ ផងដែរ ដើម្បី ឧទ្ទិសកុសលផលបុណ្យ ដល់យុទ្ធជន យុទ្ធនារី និងជនពលីជីវិត ដើម្បីជាតិមាតុភូមិ នាពេលអតីតកាល ក៏ដូចជាដល់ញាតិសន្ដាន ដែលបានលាចាកលោកទៅហើយនោះ។
ក្រោយបញ្ចប់ការដាក់បិណ្ឌ នៅវត្ដមរតកតេជោ នៅរសៀលថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០១៤នេះ ប្រតិភូក៏បាន បន្ដនាំអំណោយ ទៅចែកជូនដល់កម្លាំងយោធា ប្រមាណ ១០០នាក់ នៅតំបន់ជាំតែ ដែលកំពុងឈរជើង ការពារទឹកដីនៅទីនោះ ដែល អំណោយទាំងនេះ បានមកពីការចូលរួមបរិច្ចាគ របស់ថ្នាក់ដឹកនាំ និងសប្បុរសជនមួយចំនួន ដូចជាលោក ជុច ភឿង, លោកស្រី ឌឹក, លោក សួស យ៉ារ៉ា ជាដើម ។ អំណេាយដែលបានជូនដល់កងទ័ព រួមមាន៖ មី២០កេស, ត្រីខ ៥កេស, ទឹកក្រូច ១០កេស, នំ២០០កញ្ចប់, នំអន្សម ៥០០ និងថវិកា ៤.០០០.០០០រៀល ។ ដេាយទែ្បកកងទ័ព ២៨៩នាក់ នគរបាល ៧៧នាក់ ទទួលបាម្នាក់ៗ ២០.០០០រៀល។ បានផ្តល់ជូន ស្នងការនគរបាលខេត្ត ថវិកា ៣.០០០.០០០រៀល, នំអន្សម ៣០០ និងបានផ្តល់កងរាជអាវុធហត្ថខេត្ត ថវិកា ២.០០០.០០០រៀល, នំអន្សម ២០០នំ៕