ភ្នំពេញ ៖ ក្នុងរដូវដាក់បិណ្ឌ និងពិធីបុណ្យភ្ជុំបិណ្ឌនេះ នៅរសៀលថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០១៤ ដែលជាបិណ្ឌវេនទី១២ នៃរដូវភ្ជុំបិណ្ឌ លោក ពេជ្រ កែវមុនី អភិបាលនៃគណ:អភិបាល ខណ្ឌមានជ័យ និងលោកស្រី ព្រមទាំងក្រុមប្រឹក្សាខណ្ឌ និងមន្ត្រីរាជការសាលាខណ្ឌ រួមទាំងមន្ត្រីសង្កាត់ ជាច្រើនរូប សូត្រមន្ត បង្សុកូល និងប្រគេនទេយ្យទាន ដល់ព្រះសង្ឃ ដែលគង់ចាំព្រះវស្សា នៅក្នុងវត្តសាមគ្គីរង្សី ស្ថិតក្នុងសង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ ។
ក្នុងពិធីសូត្រមន្តបង្សុកូល ដាក់បិណ្ឌវេនទី១៣ នៅវត្តសាមគ្គីរង្សី ដែលមានលោកអភិបាលខណ្ឌ ពេជ្រ កែវមុនី ជាអ្នកដឹកនាំ ក្រុមសាច់ញាតិ និងមន្ត្រីខណ្ឌ សង្កាត់នេះ គឺក្នុងគោលបំណង ឧទ្ទិសកុសលផលបុណ្យ ដល់ញាតិការទាំង៧សន្ដាន ក្នុងពិធីបុណ្យភ្ជុំបិណ្ឌ ទៅតាមទំនៀមទម្លាប់ ជារៀងរាល់ឆ្នាំ ដែលប្រជាពលរដ្ឋខ្មែរទូទៅ តែងប្រារព្ធឡើង ស្របតាម ព្រះពុទ្ធសាសនា និងរួមចំណែកក្នុងវិស័យព្រះពុទ្ធសាសនា ដែលកំពុងតែរីកចំរើន ជារៀងរាល់ថ្ងៃនេះ។
ក្នុងឱកាសនៃពិធីដាក់បិណ្ឌនោះ លោកអភិបាលខណ្ឌ បានពាំនាំនូវ ទេយ្យទានប្រគេនព្រះសង្ឃ មានទឹកប្រាក់ ចំនួន ២លាន រៀល អង្ករ ៥បាវ មី១០កេស ទឹកសុទ្ធ ១០យួរ ទឹកត្រី១០យួរ និងសម្ភារជាច្រើនទៀត៕