ភ្នំពេញ៖ និស្សិតជើងចាស់ ៣រូប នៅរសៀលថ្ងៃទី២០ ខែកញ្ញានេះ បានឡើងការពារនិក្ខេបបទ ថ្នាក់បណ្ឌិត របស់ខ្លួន ដែលសិក្សា នៅសាកលវិទ្យាល័យ ឯកទេសនៃកម្ពុជា។
ពិធីនេះ បានធ្វើឡើង នៅសាកលវិទ្យាល័យឯកទេស នៃកម្ពុជា(CUS) សាខាស្ទឹងមានជ័យ ដោយមានការចូលរួម ពី សាស្រ្តចារ្យជាន់ខ្ពស់ មន្រ្តីជំនាញ រួមទាំងសិស្សានុសិស្ស ជាច្រើនទៀត ។
លោក ឯក ចន្ធូ ប្រធានការិយាល័យ សេវាកម្មនិស្សិត សាកលវិទ្យាល័យឯកទេស នៃកម្ពុជា បានលើកឡើងថា និស្សិត ទាំង៣នាក់នេះ រួមមានទី១ ឈ្មោះ ជា ប៊ុនធៀង សិក្សាជំនាញគ្រប់គ្រង ទី២.ឈ្មោះ ជួន រក្សា សិក្សាជំនាញ គ្រប់គ្រង និងទី៣ ឈ្មោះ គិន លី ដែលសិក្សាថ្នាក់បណ្ឌិត លើជំនាញនីតិសាស្រ្ត ។
នេះជាការការពារនិក្ខេបបទ ថ្នាក់បណ្ឌិត ជំនាន់ទីដំបូងគេហើយ ចាប់តាំងពី CUS បើកដំណើរការនៅកម្ពុជា លើផ្នែកបណ្តុះ បណ្តាល ធនធានមនុស្សថ្នាក់ឧត្តម និងក្រោយឧត្តមសិក្សាមក ។
បើតាមការប្រកាស របស់សាកលវិទ្យាល័យនេះ រហូតមកដល់ពេលបច្ចុប្បន្ន CUS មាននិស្សិតចំនួន១៥នាក់ហើយ បាន បញ្ចប់ការសិក្សាថ្នាក់បណ្ឌិត និងមួយចំនួនទៀត កំពុងត្រៀមខ្លួន ការពារបញ្ចប់ការសិក្សា របស់ខ្លួន នាពេលខាងមុខនេះ នៅលើជំនាញ នីតិសាស្រ្ត រដ្ឋបាលសាធារណៈ វិទ្យាសាស្រ្តនយោបាយ វិទ្យាសាស្រ្តអប់រំ គ្រប់គ្រងពាណិជ្ជកម្ម អភិវឌ្ឍន៍ ជនបទ និងសេដ្ឋកិច្ច ជាដើម ។
សាកលវិទ្យាល័យឯកទេស នៃកម្ពុជា បានបង្កើតឡើងតាំងពីឆ្នាំ២០០០ លើកម្រិតបរិញ្ញាបត្ររង បរិញ្ញាបត្រ ថ្នាក់អនុបណ្ឌិត និងថ្នាក់បណ្ឌិត ដែលមាននិស្សិតសរុបជាង ៣ម៉ឺននាក់ ក្នុងនោះ ជាង២ម៉ឺននាក់ បានបញ្ចប់ការសិក្សារួចហើយ ខណៈ ដែលនិស្សិត ១ម៉ឺននាក់ កំពុងបន្តការសិក្សា ។ រយៈពេលជាង១០ឆ្នាំមកនេះ CUS បានពង្រីក សាខាចំនួន៩កន្លែង នៅក្នុង ប្រទេសកម្ពុជា ក្នុងនោះ៣កន្លែងនៅភ្នំពេញ និង ៦កន្លែងទៀត នៅតាមបណ្តាខេត្ត។
ដោយសមាហរណកម្មអាស៊ាន ជិតនឹងចូលមកដល់ ក្នុងឆ្នាំ២០១៥ផងនោះ សាកលវិទ្យាល័យនេះ ក៏បានប្តេជ្ញា ពង្រឹង គុណភាពនិស្សិត របស់ខ្លួន ឱ្យកាន់តែខ្លាំងក្លា ថែមទៀត ដើម្បីប្រកួតប្រជែង ផ្នែកធនធានមនុស្ស ជាមួយបណ្តាប្រទេស អាស៊ាននានា តាមកំណែទម្រង់ថ្មី របស់ក្រសួងអប់រំ យុវជន និងកីឡា និងរាជរដ្ឋាភិបាល។
សូមបញ្ជាក់ថា សាកលវិទ្យាល័យ ឯកទេសនៃកម្ពុជា នឹងរៀបចំពិធីចែកសញ្ញាបត្រ ដល់និស្សិត របស់ខ្លួន នៅមជ្ឈមណ្ឌល កោះពេជ្រ នាថ្ងៃទី៩ ខែតុលា ខាងមុខនេះ ។ ពិធីនេះ នឹងនិស្សិតចូលរួម ប្រមាណ ៦០០០នាក់ ៕