តេអ៊ីរ៉ង់៖ កិច្ចចរចារវាងប្រទេស អ៊ីរ៉ង់ និងមហាអំណាចពិភពលោក ទាំងប្រាំមួយទាក់ទងនឹងបញ្ហាកម្ម វិធីអាវុធ នុយក្លេអែរ ត្រូវបានបញ្ចប់ដោយរូបភាពល្អប្រសើរ និងប្រកបដោយផ្លែផ្កា ដែលកិច្ចពិភាក្សានេះ ត្រូវបានរៀបចំ ឡើងក្នុងទីក្រុង ញ៉ូវយក។ នេះបើយោងតាមការលើកឡើង របស់មន្ត្រីជាន់ខ្ពស់ ផ្នែកកិច្ចពិភាក្សារបស់ប្រទេស អ៊ីរ៉ង់ លោក Abbas Araqchi ។
ភ្នាក់ងារសារព័ត៌មាន ចិនស៊ិនហួ ចេញផ្សាយនៅរាត្រីថ្ងៃសៅរ៍នេះបានឲ្យដឹងដោយលើកឡើងនូវសំដីរបស់ អនុរដ្ឋមន្ត្រីការបរទេស អ៊ីរ៉ង់ថា ថ្វីត្បិតតែមានចំណុចខ្លះមានភាពវិវាទគ្នា ប៉ុន្តែកិច្ចពិភាក្សាដំណើរការទៅប្រកប ដោយបរិយាកាសល្អប្រសើរ និងផ្តល់ផលល្អ។
ភាគីទាំងអស់មានឆន្ទៈខ្ពស់ និងមានភាពប្រកដប្រជាក្នុងការបញ្ចប់នៅវិបត្តិនេះ។ ប្រភពដដែលបានឲ្យដឹងថា កិច្ចពិភាក្សាបានផ្តោតទៅលើ បច្ចេកទេសក្នុងការពិភាក្សារកដំណោះស្រាយ ចំពោះកម្មវិធីនុយក្លេអែររបស់អ៊ីរ៉ង់។ សូមបានជំរាបថា កាលពីកក្កដាកន្លងទៅនេះ អ៊ីរ៉ង់ និងប្រទេសមហាអំណាចទាំងប្រាំមួយ បានព្រមព្រៀងគ្នាក្នុង ការពង្រីក បន្តកិច្ចចរចាសម្រាប់រយៈពេលបួនខែបន្តទៀត រហូតដល់ថ្ងៃទី២៤ ខែវិច្ឆិកា ខណៈដែលពេលនោះ ភាគីពិភាក្សាទាំងអស់មិនអាចស្វែងរកច្រកចេញបាននៅឡើយ៕