កំពង់ធំ៖ នាយខុទ្ទកាល័យក្រសួង ធនធានទឹក បានឲ្យដឹងថា ខេត្តកំពង់ធំ មានប្រភពទឹកប្រើប្រាស់គ្រប់គ្រាន់ ដើម្បីជួយសង្រ្គោះស្រូវ របស់ប្រជាពលរដ្ឋ ដែលបានជួបគ្រោះរាំងស្ងួត នាពេលកន្លងមក។
លោក ចាន់ យុត្ថា នាយខុទ្ទកាល័យក្រសួង ធនធានទឹក និងឧតុនិយម មានប្រសាសន៍ឲ្យដឹងថា នៅក្នុងខេត្ត កំពង់ធំទាំងមូល មានទឹកសម្រាប់បូមបញ្ជូលដាក់ស្រែ គ្រប់គ្រាន់មិនមានអ្វី ជាការព្រួយបារម្ភឡើយ។
លោកបន្តថា ដោយសារខេត្តមានប្រព័ន្ធធារាសាស្រ្ត អាងស្តុកទឹកមួយយ៉ាងធំ ជាពិសេសមានភ្លៀងធ្លាក់ ដែលកត្តាទាំងអស់នេះហើយ អំណោយផលដល់ស្រូវ របស់ប្រជាពលរដ្ឋ នៅទូទាំងខេត្ត។ ខេត្តកំពង់ធំ មានម៉ាស៊ីនបូមទឹកធំៗចំនួន ៣០គ្រឿងដើម្បីត្រៀមបូមទឹកដាក់ស្រែ។
ដោយឡែក មន្រ្តីគ្រប់គ្រងគ្រោះមហន្តរាយ បានឲ្យដឹងថា នៅប្រទេសកម្ពុជាមានខេត្ត៥ បានជួបប្រទះគ្រោះ រាំងស្ងួតយ៉ាងធ្ងន់ធ្ងរ ដែលធ្វើឲ្យខូចខាតស្រូវ ២៣៥១ហិកតា ដោយក្នុងនោះ សំណាបមាន ៧០៤ហិកតា និងសន្ទូង ១៦៤៩ហិកតា។
សូមបញ្ជាក់ថា នៅក្នុងរយៈពេល ប៉ុន្មានថ្ងៃចុងក្រោយនេះ កម្ពុជាមានភ្លៀងធ្លាក់តាមខេត្តមួយចំនួន ដែលជួប គ្រោះរាំងស្ងួត ហើយភ្លៀងក៏បានអំណោយផល ដល់ស្រូវរបស់ប្រជាកសិករ ដែលបានក្រៀមស្វិត។
មន្រ្តីជំនាញគ្រប់គ្រង គ្រោះមហន្តរាយបានឲ្យដឹងទៀតថា ខេត្តជួបគ្រោះរងស្ងួត មាន១៤ រាជធានី-ខេត្ត ដូចជា រាជធានីភ្នំពេញ ស្វាយរៀង កំពត បន្ទាយមានជ័យ ឧត្តរមានជ័យ ពោធិ៍សាត់ សៀមរាប កំពង់ឆ្នាំង កំពង់ចាម បាត់ដំបង តាកែវ និងខេត្តកំពង់ស្ពឺ៕