ភ្នំពេញ៖ បន្ទាប់ពីមានការរិះគន់ ទៅលើសារាចរ ចេញដោយប្រធានរដ្ឋសភា ដែលតំរង់ផ្លូវឲ្យគណៈកម្មការទាំង១០ នៃ រដ្ឋសភាអនុវត្តការងារតាម ត្រូវបានលោក ឈាង វុន ប្រធានគណៈកម្មការទី៥ (កិច្ចការបរទេស សហប្រតិបត្តិការអន្តរជាតិ ឃោសនាការ និងព័ត៌មាន) តបវិញថា សារាចរនេះ ប្រធានគណៈកម្មការទាំង១០ របស់គណបបក្សប្រជាជនកម្ពុជា និងគណបក្សសង្គ្រោះជាតិ ត្រូវអនុវត្តតាម។
ថ្លែងនៅក្នុងសន្និសីទកាសែត នាវិមានរដ្ឋសភា នៅល្ងាចថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០១៤នេះ លោក ឈាង វុន បញ្ជាក់ថា សារាចរ ដែលចេញ ដោយប្រធានរដ្ឋសភា សម្ដេច ហេង សំរិន កាលពីពេលថ្មីនេះ មិនមែនជាការបិទសិទ្ធិសេរីភាព របស់ប្រធាន គណៈកម្មការរដ្ឋសភា ក្នុងការកោះអញ្ជើញរដ្ឋមន្ត្រីណាម្នាក់នោះទេ។ លោកថា "ប៉ុន្តែអ្វីដែលគណៈកម្មការរដ្ឋសភាធ្វើ ត្រូវចេះការងាររដ្ឋបាល ពោលគឺមុនអញ្ជើញអ្នកណា ត្រូវចុះហត្ថលេខាយល់ព្រមពីប្រធានរដ្ឋសភា"។
លោក ឈាង វុន បានបន្ថែមថា "ម្ដេចក៏ថាសារាចរហ្នឹង ចេញមកគាបសង្កត់គណបក្សប្រឆាំង ដូចជាអត់មានសោះ។ គណបក្សប្រជាជនក៏ត្រូវអនុវត្តសារាចរនឹងដែរ។ អនុវត្តដូចគ្នាអីចឹង! ប៉ុន្តែសារាចរ យើងមិនមែនតែអនុវត្តឥឡូវនេះ ទេយើងអនុវត្តយូរហើយ។
បើតាមលោក ឈាង វុន សារាចរដែលចេញនេះ គឺដើម្បីធានាសន្តិសុខនៅក្នុងរដ្ឋសភា ហើយ លោក ក៏បានរិះគន់ទៅ លើមន្ត្រីអង្គការសង្គមស៊ីវិលមួយចំនួន ថាមិនបានចេះបែបបទរដ្ឋបាល មុននិងរិះគន់ទៅលើសារាចរ ដែលចេញដោយ ប្រធានរដ្ឋសភា។
សូមបញ្ជាក់ថា សម្ដេច ហេង សំរិន បានចេញសារាចរមួយ ណែនាំដល់គណៈកម្មការទាំង១០ ជុំវិញបែបបទរដ្ឋបាលក្នុង រដ្ឋសភា ការរក្សាសណ្ដាប់ធ្នាប់ក្នុងរដ្ឋសភាជាដើម៕