កំពង់ចាម ៖ កម្លាំងនគរបាល ការិយាល័យ ប្រឆាំងបទល្មើស សេដ្ឋកិច្ច នៃស្នងការដ្ឋាន នគរបាល ខេត្តកំពង់ចាម បានឃាត់រថយន្ត ហាយលេនឌ័រ មួយគ្រឿង ដោយរកឃើញ ឈើគ្រញូងសុទ្ធតែម្តង ខណៈឈ្មួញកំពុង ដឹកជញ្ជូនយកទៅលក់។
ប្រតិបត្តិការ ចាប់រថយន្ត ដឹកឈើគ្រញូង ខាងលើនេះ បានធ្វើឡើងក្រោម ការដឹកបញ្ជាផ្ទាល់ ពីសំណាក់ ស្នងការនគរបាល ខេត្តកំពង់ចាម លោកឧត្តមសេនីយ៍ត្រី បែន រ័ត្ន កាលពី វេលាម៉ោង ប្រមាណ ១១៖៤០នាទី ព្រឹកថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០១៤ ស្ថិតនៅ ភូមិបាខន ឃុំសំពងជ័យ ស្រុកជើងព្រៃ ខេត្តកំពង់ចាម ។
មន្រ្តីនគរបាល ការិយាល័យ ប្រឆាំងបទល្មើស សេដ្ឋកិច្ច ខេត្តកំពង់ចាម បានឲ្យដឹងថា ក្រោយទទួលព័ត៌មាន ស្តីអំពីការដឹកជញ្ជូន ឈើគ្រញូង តាមរថយន្ត ហាយលេនឌ័រ មួយគ្រឿង ឆ្លងកាត់ទឹកដី ស្រុកជើងព្រៃរួចមក លោកឧត្តមសេនីយ៍ បែន រ័ត្ន បានដឹកនាំកម្លាំងចុះទៅផ្ទាល់ ដើម្បីចាប់រថយន្ត មួយគ្រឿងនេះ ហើយក្រោយការឆែកឆេ សមត្ថកិច្ច បានរកឃើញឈើ គ្រញូងជាច្រើនដុំ ។
យ៉ាងណាក៏ដោយ អ្នកបើករថយន្ត ដែលសមត្ថកិច្ច មិនស្គាល់ អត្តសញ្ញាណនោះ បានរត់គេចខ្លួនបាត់ ក្រោយកម្លាំងសមត្ថកិច្ច ចុះទៅបង្ក្រាប។
មន្រ្តីនគរបាល បានបន្តទៀតថា ក្រោយរកឃើញ ឈើគ្រញូងទាំងនេះ ត្រូវបានសមត្ថកិច្ច យកទៅប្រគល់ជូន រដ្ឋបាលព្រៃឈើ ដើម្បីចាត់ការបន្តទៀត៕