ភ្នំពេញ៖ ការចរចាដំឡើងប្រាក់ឈ្នួល ដល់កម្មករក្នុងវិស័យកាត់ដេរសម្លៀកបំពាក់ និងស្បែកជើង នៅកម្ពុជា រយៈពេល ជាង២ម៉ោង នៅរសៀលថ្ងៃទី២៦ ខែកញ្ញានេះ មិនមានលទ្ធផល នោះទេ ដោយសារតែ ភាគីខាង និយោជក ក៏ដូចជា ខាង សហជីព មិនបានបន្ទន់ឥរិយាបទ ឆ្ពោះទៅរក ចំណុចរួមមួយនោះទេ ។
លោក អ៊ិត សំហេង រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដែលជាប្រធានអង្គប្រជុំនេះ បានទុកពេល ១សប្តាហ៍ឱ្យ ភាគីខាងសហជីព ក៏ដូចជា ខាងនិយោជក ពិចារណាឡើងវិញ មុននឹងឈានទៅរក ការប្រជុំអនុម័ត ឈានដល់ការបិទការតវ៉ា នៅថ្ងៃទី១០ ខែតុលា ខាងមុខនេះ ។
លោកអ៊ិត សំហេង បានមានប្រសាសន៍ថា “ភាគីទាំងពីរ បន្តបង្ហាញនូវជំហរ ក៏ដូចជាការពិភាក្សាគ្នា ក្នុងលក្ខណៈស្ថាបនា ប៉ុន្តែមកដល់ពេលនេះ យើងមិនទាន់រកចំណុចឯកភាពគ្នាបាននៅឡើយទេ ។ អីចឹងបើតាមនីតិវិធី អង្គប្រជុំរបស់យើង នឹង លើកទៅសម្រេច នៅថ្ងៃទី១០ ខែតុលាម៉ោង៩ព្រឹក ហើយនៅក្នុង ចន្លោះនៃកិច្ចប្រជុំនេះ ភាគីនីមួយៗ នឹងបន្តធ្វើការ ពិភាក្សា ផ្ទៃក្នុង ក្នុងចំណោម សមាជិក របស់ខ្លួន ដើម្បីយក ជំហរមួយ ក្នុងការសម្របសម្រួល ហើយងាកទៅរកការឯកភាពគ្នា” ។
លោក អាត់ ធន់ ប្រធានសម្ព័ន្ធសហជីពប្រជាធិបតេយ្យកម្មករកាត់ដេរកម្ពុជា (CCAWDU) តំណាង ភាគីខាងកម្មករ បាន ទម្លាក់បញ្ហាចរចាមិនត្រូវគ្នានេះថា បានកើតឡើង ដោយសារ ខាងនិយោជក មិនព្រមដំឡើង តួលេខចេញពីចំនួន ដែលធ្លាប់ ប្រកាស កាលពីខែមុន ពោលគឺ១១០ដុល្លារ ប៉ុន្តែទោះជា យ៉ាងណាលោកថា ខាងសហជីព និងនយោជក បានឯកភាពគ្នាថា នឹងទុកឱ្យតំណាងរដ្ឋាភិបាល ជាអ្នកសម្រេច នៅថ្ងៃទី១០ ខែតុលាខាងមុខនេះ ។
លោកបានប្រាប់ក្រុមអ្នកសារព័ត៌មាន ក្រោយបញ្ចប់នៃកិច្ចប្រជុំនេះថា “ដោយសារតែខាងនិយោជក អត់បាន ដំឡើងតួលេខ ដូច្នេះខាងសហជីពយើង ក៏នៅមិនទាន់ ដាក់តួលេខថ្មីដែរ មានន័យថា យើងនៅតែរក្សា តួលេខដដែល ហើយនៅក្នុងការចរចា សឹងតែ និយាយថា មានភាពតឹងតែង សឹងថាភាគីទាំងពីរមិនមាន អ្វីនិយាយទៀត ដោយសារការលើកឡើង មានរយៈពេល ៣ខែហើយ នៅដដែល ។ អីចឹងខាងនិយោជក បានស្នើឱ្យរដ្ឋាភិបាលកំណត់ ព្រោះគេអស់លទ្ធភាពប៉ុណ្ណឹង ហើយខាង សហជីព ក្រោយពីយើងដកឃ្លា សម្រាក១៥នាទី សហជីព ក៏ព្រមព្រៀងគ្នាថា សហជីពអត់មានថយតួលេខណានោះទេ គឺទុកឱ្យខាង រដ្ឋាភិបាលកំណត់ បើសិនជាការកំណត់ទៅសមរម្យ គឺយើងទទួលយកបាន” ។
ដោយឡែកភាគីខាងនិយោជក បានចាត់ទុកថា ការទាមទាររបស់សហជីពថា មានចំនួនច្រើនពេក ហួសពីលទ្ធភាព របស់ ពួកគេ ខណៈដែលខាងសហជីពទាមទារឱ្យមានការដំឡើង ១៧៧ដុល្លារ។ លោក ខេន លូ អគ្គលេខាធិការ សមាគមថៅកែ រោងចក្រកាត់ដេរកម្ពុជា (GMAC) បានមានប្រសាសន៍ថា “អ្វីដែល យើងមានលទ្ធភាព និងដែលខាងសហជីព ទាមទារវាខុសគ្នា” ។ លោកថា “ខាងនយោជក និង ខាងសហជីព ប្រកាន់ជំហរ ដដែលៗ” ។
ទោះជាយ៉ាងណា ការចរចាប្រាក់ឈ្នួល ក្នុងឆ្នាំនេះ មិនមានភាពចម្រោងចម្រាស់ និង ការតវ៉ាខ្លាំង ដូចកាលពីឆ្នាំមុននោះទេ ។ ក្រុមសហជីព ដែលមានគ្នាប្រមាណតែ ៣០-៤០នាក់ប៉ុណ្ណោះ បានទៅឃ្លាំមើល កិច្ចប្រជុំចរចាប្រាក់ឈ្នួលនេះ ខណៈដែល កិច្ចប្រជុំបានចាប់ផ្តើម ហើយបានត្រឡប់ទៅវិញ តាំងពីមុន បញ្ចប់កិច្ចចរចាម្ល៉េះ ។
យ៉ាងណាក៏ដោយ លោកអ៊ិត សំហេង បានអំពាវនាវឱ្យភាគីពាក់ព័ន្ធ បន្តធ្វើការជាមួយគ្នា ប្រកបដោយ ការអត់ធ្មត់ ហើយ ដោយការយោគយល់ស្ថាបនា ដើម្បីនាំមករកភាពជោគជ័យ ហើយប្រយោជន៍នឹង បានមកកម្មករ និយោជិតទាំងអស់គ្នា ។
លោកអាត់ ធន់ បានមានប្រសាសន៍ថា “ទោះបីជា លទ្ធផលអត់ទាន់មាន ការកើនឡើងនូវចំនួនថ្មីក៏ដោយ ប៉ុន្តែស្ថានភាព ហាក់បីដូចជា មិនមានអ្វី ដែលយើងមើលទៅ មានជម្លោះនោះទេ បរិយាកាសនៅតែល្អ នៅឡើយ ហើយគ្រប់ភាគី នៅតែមាន មោទនភាពថា នឹងអាចរកចំណុចណាមួយ ដែលអាចត្រូវគ្នាដដែល”៕