ហាវ៉ាណា៖ បើតាមសារព័ត៌មានក្នុងស្រុករបស់គុយបា បានផ្សាយកាលពីថ្ងៃសុក្រថា ប្រទេស គុយបា នឹងបញ្ជូនវេជ្ជបណ្ឌិត និងគិលានុបដ្ឋាយការសរុបចំនួន ៤៦១នាក់ ទៅប្រទេសអាហ្វ្រិកខាងលិច ដើម្បីជួយប្រយុទ្ធប្រឆំាងនឹងជំងឺអ៊ីបូឡា។
ទីភ្នាក់ងារព័ត៌មានចិន ស៊ិនហួ ចេញផ្សាយនៅថ្ងៃសៅរ៍ ទី២៧ ខែកញ្ញា ឆ្នាំ២០១៤ថា ក្រុមដំបូងដែលជាភ្នាក់ងារថែទំាសុខភាពមានចំនួន ១៦៥នាក់ នឹងធ្វើដំណើរទៅដល់ប្រទេស សៀរ៉ាឡេអូន នៅដើមខែតុលាខាងមុខ ក្នុងនោះមាន វេជ្ជបណ្ឌិត ៦២នាក់ និងគិលានុបដ្ឋាយការ ១០៣នាក់។
សារព័ត៌មានរដ្ឋ ព្រីនសា ឡាទីណា បានផ្សាយថា ចំណែកក្រុមទីពីរ គឺមានវេជ្ជបណ្ឌិត និងគិលានុបដ្ឋាយការ ចំនួន ២៩៦នាក់ នឹងធ្វើដំណើរទៅដល់ប្រទេស លីប៊ីរី និងប្រទេស ហ្គីណេ។
ពាក់ព័ន្ធនឹងការចូលរួមប្រយុទ្ធប្រឆំាងនឹងជំងឺនេះ អគ្គលេខាធិការអង្គការសហប្រជាជាតិលោក បាន គីមូន បាននិយាយដោយថ្លែងអំណរគុណចំពោះគុយបា ដែលបានជាជំនួយថ្នាំពេទ្យដល់ប្រទេសអាហ្វ្រិកខាងលិច ក្នុងការប្រឆំាងនឹងវិបត្តិអ៊ីបូឡា ខណៈវីរុសនេះបានសម្លាប់មនុស្សអស់យ៉ាងហោចណាស់ ២.៥០០នាក់ នៅអាហ្វ្រិកខាងលិច ចាប់តំាងពីបានផ្ទុះឡើងកាលពីខែមីនាមក៕